លូកា 7:37-50 Khmer Christian Bible (KCB)

37. ហើយ​មើល៍​ នៅ​ក្រុង​នោះ​មាន​ស្ដ្រី​ម្នាក់​ជា​មនុស្ស​បាប​ ហើយ​កាល​បាន​ដឹង​ថា​ ព្រះយេស៊ូ​កំពុង​អង្គុយ​នៅ​តុ​អាហារ​ក្នុង​ផ្ទះ​របស់​អ្នក​ខាង​គណៈ​ផារិស៊ី​ នាង​ក៏​យក​ប្រេង​ក្រអូប​មួយ​ដប​មក​

38. និង​បាន​ឈរ​ពី​ខាង​ក្រោយ​ទាំង​យំ​នៅ​ទៀប​បាទា​ព្រះអង្គ​ នាង​ចាប់ផ្ដើម​សម្រក់​ទឹក​ភ្នែក​លើ​បាទា​ព្រះអង្គ​ និង​យក​សក់​របស់​នាង​ជូត​ ហើយ​ក៏​ថើប​បាទា​ព្រះអង្គ​ ទាំង​លាប​ប្រេង​ក្រអូប​ឲ្យ​ផង។​

39. កាល​អ្នក​ខាង​គណៈ​ផារិស៊ី​ដែល​បាន​អញ្ជើញ​ព្រះអង្គ​ឃើញ​ដូច្នេះ​ ក៏​គិត​ក្នុង​ចិត្ដ​ថា៖​ «បើ​លោក​នេះ​ជា​អ្នក​នាំ​ព្រះបន្ទូល​មែន​លោក​មុខ​ជា​ដឹង​ថា​ ស្ដ្រី​ដែល​កំពុង​ពាល់​លោក​ជា​នរណា​ និង​ជា​ស្ដ្រី​បែបណា​ហើយ​ ព្រោះ​នាង​ជា​មនុស្ស​បាប»។​

40. ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​គាត់​ថា៖​ «ស៊ីម៉ូន​អើយ!​ ខ្ញុំ​មាន​រឿង​មួយ​ប្រាប់​អ្នក»។​ គាត់​ទូល​ថា៖​ «សូម​លោក​គ្រូ​និយាយ​មក​ចុះ»។​

41. «មាន​កូន​បំណុល​ពីរ​នាក់​ជំពាក់​អ្នក​ចង​ការ​ប្រាក់​ម្នាក់​ គឺ​ម្នាក់​ជំពាក់​ប្រាំ​រយ​ឌេណារី​ ហើយ​ម្នាក់​ទៀត​ហាសិប​ឌេណារី​

42. ពេល​ពួកគេ​គ្មាន​អ្វី​សង​ អ្នក​ចងការ​ក៏​លើក​លែង​ឲ្យ​ទាំង​ពីរ​នាក់។​ ដូច្នេះ​តើ​ក្នុង​ចំណោម​ពីរ​នាក់​នេះ​ អ្នកណា​ស្រឡាញ់​គាត់​ច្រើន​ជាង?»​

43. លោក​ស៊ីម៉ូន​ក៏​ទូល​តប​ថា៖​ «ខ្ញុំ​គិត​ថា​ គឺ​អ្នក​ដែល​គាត់​បាន​លើកលែង​ច្រើន!»​ ព្រះអង្គ​មាន​បន្ទូល​ថា៖​ «អ្នក​វិនិច្ឆ័យ​ត្រូវ​ណាស់»​

44. ពេល​បែរ​ទៅ​រក​ស្ដ្រី​នោះ​ ព្រះអង្គ​មាន​បន្ទូល​ទៅ​លោក​ស៊ីម៉ូន​ថា៖​ «តើ​អ្នក​ឃើញ​ស្ដ្រី​នេះ​ទេ!​ ពេល​ខ្ញុំ​ចូល​មក​ក្នុង​ផ្ទះ​របស់​អ្នក អ្នក​មិន​បាន​ឲ្យ​ទឹក​ខ្ញុំ​លាង​ជើង​ទេ​ ផ្ទុយ​ទៅ​វិញ​ នាង​បាន​សម្រក់​ទឹក​ភ្នែក​លាង​ជើង​ឲ្យ​ខ្ញុំ​ និង​បាន​យក​សក់​របស់​នាង​ជូត​ជើង​ខ្ញុំ។​

45. អ្នក​មិន​បាន​ថើប​ខ្ញុំ​ទេ​ ប៉ុន្ដែ​នាង​វិញ​បាន​ថើប​ជើង​របស់​ខ្ញុំ​រហូត​តាំងពី​ពេល​ខ្ញុំ​ចូល​មក​

46. អ្នក​មិន​បាន​លាប​ប្រេង​លើ​ក្បាល​ខ្ញុំ​ទេ​ ប៉ុន្ដែ​នាង​វិញ​បាន​លាប​ប្រេង​ក្រអូប​លើ​ជើង​របស់​ខ្ញុំ។​

47. ហេតុ​នេះ​ខ្ញុំ​ប្រាប់​អ្នក​ថា​ នាង​មាន​សេចក្ដី​ស្រឡាញ់​ច្រើន​ ព្រោះ​នាង​បាន​ទទួល​ការ​លើក​លែង​ទោស​បាប​ជា​ច្រើន​របស់​នាង​ហើយ​ ប៉ុន្ដែ​ចំពោះ​អ្នកណា​ដែល​មាន​សេចក្ដី​ស្រឡាញ់​តិច​នោះ​ ព្រោះ​បាន​ទទួល​ការ​លើកលែង​ទោស​តិច​ដែរ»។​

48. រួច​ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​នាង​ថា៖​ «បាប​របស់​អ្នក​បាន​ទទួល​ការ​លើកលែង​ទោស​ហើយ»។​

49. ឯ​ពួក​អ្នក​កំពុង​អង្គុយ​នៅ​តុ​អាហារ​ជាមួយ​ព្រះអង្គ​ ក៏​ចាប់ផ្ដើម​គិត​ក្នុង​ចិត្ដ​ថា៖​ «តើ​អ្នក​នេះ​ជា​នរណា​ដែល​អាច​លើកលែង​ទោស​បាន​ សូម្បីតែ​បាប​ក៏​ដោយ?»​

50. ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ស្ដ្រី​នោះ​ថា៖​ «ជំនឿ​របស់​អ្នក​បាន​សង្គ្រោះ​អ្នក​ហើយ​ ចូរ​ទៅ​ដោយ​សុខសាន្ត​ចុះ»។​

លូកា 7