1. នៅថ្ងៃសប្ប័ទមួយ កាលព្រះអង្គយាងកាត់វាលស្រែ សិស្សរបស់ព្រះអង្គបានបូតកួរស្រូវមកញីនៅក្នុងដៃ ហើយបរិភោគទៅ
2. ពួកអ្នកខាងគណៈផារិស៊ីខ្លះបានសួរថា៖ «តើហេតុដូចម្ដេចបានជាអ្នករាល់គ្នាធ្វើអ្វី ដែលវិន័យហាមនៅថ្ងៃសប្ប័ទដូច្នេះ?»
3. ប៉ុន្ដែព្រះយេស៊ូមានបន្ទូលឆ្លើយទៅពួកគេថា៖ «តើអ្នករាល់គ្នាមិនដែលបានអានអំពីអ្វីដែលស្ដេចដាវីឌបានធ្វើនៅពេលដែលស្ដេច និងគូកនកំពុងឃ្លានទេឬ?
4. គឺស្ដេចបានចូលក្នុងដំណាក់ព្រះជាម្ចាស់ ហើយបានយកនំប៉័ងតាំងថ្វាយមកបរិភោគ ដែលវិន័យមិនអនុញ្ញាតឲ្យបរិភោគ លើកលែងតែសង្ឃប៉ុណ្ណោះ ស្ដេចបានឲ្យនំប៉័ងនោះដល់គូកនថែមទៀតផង»
5. រួចព្រះអង្គមានបន្ទូលទៅពួកគេថា៖ «កូនមនុស្សជាម្ចាស់លើថ្ងៃសប្ប័ទ»។