លូកា 5:20-33 Khmer Christian Bible (KCB)

20. កាល​ព្រះអង្គ​ទត​ឃើញ​ជំនឿ​របស់​ពួកគេ​ ក៏​មាន​បន្ទូល​ថា៖​ «សម្លាញ់​អើយ!​ បាប​របស់​អ្នក​បាន​ទទួល​ការ​លើក​លែង​ទោស​ហើយ»។​

21. ឯ​ពួក​គ្រូ​វិន័យ​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​បាន​ចាប់​ផ្ដើម​គិត​ថា៖​ «តើ​មនុស្ស​នេះ​ជា​នរណា​ បាន​ជា​និយាយ​ប្រមាថ​ព្រះជាម្ចាស់​ដូច្នេះ?​ តើ​អ្នក​ណា​អាច​លើក​លែង​ទោស​បាប​បាន​ក្រៅពី​ព្រះជាម្ចាស់​ប៉ុណ្ណោះ?»​

22. តែ​ព្រះយេស៊ូ​ឈ្វេង​យល់​ពី​គំនិត​របស់​ពួកគេ​ ក៏​មាន​បន្ទូល​ឆ្លើយ​ថា៖​ «ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​គិត​ក្នុង​ចិត្ដ​ដូច្នេះ?​

23. ដ្បិត​ការ​ដែល​និយាយ​ថា​ បាប​របស់​អ្នក​បាន​ទទួល​ការ​លើក​លែង​ទោស​ហើយ​ និង​ការ​ដែល​និយាយ​ថា​ ចូរ​ក្រោក​ឡើង​ ហើយ​ដើរ​ទៅ​ តើ​មួយ​ណា​ស្រួល​ជាង?​

24. តែ​ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ដឹង​ថា​ កូន​មនុស្ស​មាន​សិទ្ធិ​អំណាច​លើក​លែង​ទោស​បាប​នៅ​ផែនដី​នេះ»។​ បន្ទាប់មក​ ព្រះអង្គ​មាន​បន្ទូល​ទៅ​កាន់​អ្នក​ស្លាប់​ដៃ​ជើង​ថា៖​ «ខ្ញុំ​និយាយ​ទៅ​កាន់​អ្នក​ថា​ ចូរ​ក្រោក​ឡើង​ លើក​គ្រែ​ស្នែង​របស់​អ្នក​ ហើយ​ទៅ​ផ្ទះ​ចុះ»។​

25. គាត់​ក៏​ក្រោក​ឡើង​ភ្លាម​នៅ​ចំពោះ​មុខ​ពួកគេ​ លើក​គ្រែ​ស្នែង​ដែល​គាត់​បាន​ដេក​ ហើយ​ទៅ​ផ្ទះ​របស់​គាត់​វិញ​ ទាំង​សរសើរ​តម្កើង​ព្រះជាម្ចាស់។​

26. ពួកគេ​គ្រប់គ្នា​មាន​សេចក្ដី​ស្ញប់ស្ញែង​ ក៏​សរសើរ​តម្កើង​ព្រះជាម្ចាស់​ ហើយ​បាន​ពេញ​ដោយ​សេចក្ដី​កោតខ្លាច​ ទាំង​និយាយ​ថា៖​ «នៅ​ថ្ងៃ​នេះ​ យើង​បាន​ឃើញ​សេចក្ដី​អស្ចារ្យ!»​

27. ក្រោយពី​ហេតុការណ៍​ទាំង​នេះ​ ព្រះអង្គ​ក៏​ចេញ​ទៅ​ ហើយ​បាន​ឃើញ​អ្នក​ទារ​ពន្ធដារ​ម្នាក់​ ឈ្មោះ​លេវី​ កំពុង​អង្គុយ​នៅ​កន្លែង​ប្រមូល​ពន្ធដារ​ ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ចូរ​មក​តាម​ខ្ញុំ»​

28. គាត់​បាន​ទុក​អ្វីៗ​ទាំង​អស់​ចោល​ ហើយ​ក៏​ក្រោក​ឡើង​ដើរ​តាម​ព្រះអង្គ​ទៅ។​

29. រួច​លោក​លេវី​បាន​រៀបចំ​ពិធី​ជប់​លៀង​ដ៏​ធំ​មួយ​នៅ​ផ្ទះ​របស់​គាត់​សម្រាប់​ព្រះអង្គ​ ហើយ​មាន​ពួក​អ្នក​ទារ​ពន្ធដារ​ច្រើន​កុះករ​ និង​អ្នក​ដទៃ​ទៀត​បាន​ចូល​រួម​បរិភោគ​ជាមួយ​ពួកគេ។​

30. ដូច្នេះ​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ពួក​គ្រូ​វិន័យ​របស់​គេ​ ក៏​រអ៊ូ​ដាក់​ពួក​សិស្ស​របស់​ព្រះអង្គ​ថា៖​ «ហេតុ​ដូចម្ដេច​បាន​ជា​អ្នក​រាល់គ្នា​ស៊ី​ផឹក​ជាមួយ​ពួក​អ្នក​ទារ​ពន្ធ​ដារ​ និង​ពួក​មនុស្ស​បាប​ដូច្នេះ?»​

31. តែ​ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ពួក​អ្នក​មាន​សុខ​ភាព​ល្អ​មិន​ត្រូវ​ការ​គ្រូ​ពេទ្យ​ទេ​ គឺ​មាន​តែ​ពួក​អ្នក​ដែល​មាន​ជំងឺ​ប៉ុណ្ណោះ​

32. ខ្ញុំ​មិន​បាន​មក​ដើម្បី​ហៅ​មនុស្ស​សុចរិត​ទេ​ គឺ​មក​ហៅ​មនុស្ស​បាប​វិញ​ ដើម្បី​ឲ្យ​គេ​ប្រែ​ចិត្ដ»។​

33. ប៉ុន្ដែ​ពួកគេ​ទូល​ព្រះអង្គ​ថា៖​ «ពួក​សិស្ស​របស់​លោក​យ៉ូហាន​បាន​អធិស្ឋាន​សូម​ ទាំង​តម​អាហារ​ជា​ញឹក​ញាប់​ ឯ​ពួក​សិស្ស​របស់​អ្នក​ខាង​គណៈ​ផារិស៊ី​ក៏​ដូច្នោះ​ដែរ​ រីឯ​ពួក​សិស្ស​របស់​លោក​វិញ​បែរ​ជា​ស៊ី​ផឹក​ទៅ​វិញ»​

លូកា 5