17. នៅថ្ងៃមួយ កាលព្រះអង្គកំពុងបង្រៀនបណ្ដាជន មានពួកអ្នកខាងគណៈផារិស៊ី និងពួកគ្រូវិន័យដែលបានមកពីគ្រប់ក្រុងនៃស្រុកកាលីឡេ និងស្រុកយូដា ព្រមទាំងពីក្រុងយេរូសាឡិមបានអង្គុយនៅទីនោះ ហើយអំណាចព្រះអម្ចាស់បាននៅក្នុងព្រះអង្គដើម្បីប្រោសឲ្យជា
18. ហើយមើល៍ មានមនុស្សសែងបុរសម្នាក់ស្លាប់ដៃជើងនៅលើគ្រែស្នែង ពួកគេរិះរកសែងគាត់ចូលទៅ ដើម្បីដាក់នៅពីមុខព្រះអង្គ។
19. ប៉ុន្ដែដោយសារមានមនុស្សច្រើនកកកុញពេក ពួកគេរកមិនឃើញផ្លូវដែលអាចឲ្យពួកគេនាំគាត់ទៅបានសោះ ក៏ឡើងទៅលើរើដំបូលឥដ្ឋ ហើយសម្រូតគាត់ចុះជាមួយគ្រែស្នែងតាមប្រហោងនោះចំកណ្ដាលចំណោមមនុស្សនៅពីមុខព្រះយេស៊ូ។
20. កាលព្រះអង្គទតឃើញជំនឿរបស់ពួកគេ ក៏មានបន្ទូលថា៖ «សម្លាញ់អើយ! បាបរបស់អ្នកបានទទួលការលើកលែងទោសហើយ»។
21. ឯពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារិស៊ីបានចាប់ផ្ដើមគិតថា៖ «តើមនុស្សនេះជានរណា បានជានិយាយប្រមាថព្រះជាម្ចាស់ដូច្នេះ? តើអ្នកណាអាចលើកលែងទោសបាបបានក្រៅពីព្រះជាម្ចាស់ប៉ុណ្ណោះ?»
22. តែព្រះយេស៊ូឈ្វេងយល់ពីគំនិតរបស់ពួកគេ ក៏មានបន្ទូលឆ្លើយថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាគិតក្នុងចិត្ដដូច្នេះ?
23. ដ្បិតការដែលនិយាយថា បាបរបស់អ្នកបានទទួលការលើកលែងទោសហើយ និងការដែលនិយាយថា ចូរក្រោកឡើង ហើយដើរទៅ តើមួយណាស្រួលជាង?
24. តែដើម្បីឲ្យអ្នករាល់គ្នាដឹងថា កូនមនុស្សមានសិទ្ធិអំណាចលើកលែងទោសបាបនៅផែនដីនេះ»។ បន្ទាប់មក ព្រះអង្គមានបន្ទូលទៅកាន់អ្នកស្លាប់ដៃជើងថា៖ «ខ្ញុំនិយាយទៅកាន់អ្នកថា ចូរក្រោកឡើង លើកគ្រែស្នែងរបស់អ្នក ហើយទៅផ្ទះចុះ»។
25. គាត់ក៏ក្រោកឡើងភ្លាមនៅចំពោះមុខពួកគេ លើកគ្រែស្នែងដែលគាត់បានដេក ហើយទៅផ្ទះរបស់គាត់វិញ ទាំងសរសើរតម្កើងព្រះជាម្ចាស់។