លូកា 5:12-18 Khmer Christian Bible (KCB)

12. នៅ​ពេល​ព្រះអង្គ​គង់​នៅ​ក្នុង​ក្រុង​មួយ​ នោះ​មាន​បុរស​ម្នាក់​កើត​ឃ្លង់​ពេញ​ខ្លួន​ ហើយ​កាល​បាន​ឃើញ​ព្រះយេស៊ូ​ គាត់​ក៏​ក្រាប​ផ្កាប់​មុខ​ទូល​អង្វរ​ព្រះអង្គ​ថា៖​ «លោក​ម្ចាស់​អើយ!​ លោក​អាច​ធ្វើ​ឲ្យ​ខ្ញុំ​ជា​ស្អាត​បាន​ ប្រសិន​បើ​លោក​ចង់​ធ្វើ»។​

13. ព្រះអង្គ​ក៏​លូក​ព្រះហស្ដ​ទៅ​ពាល់​គាត់​ ដោយ​មាន​បន្ទូល​ថា៖​ «ខ្ញុំ​ចង់!​ ចូរ​ឲ្យ​ជា​ស្អាត​ចុះ»​ ភ្លាម​នោះ​ គាត់​ក៏​បាន​ជា​ពី​ជំងឺ​ឃ្លង់​តែ​ម្ដង។​

14. ព្រះអង្គ​ក៏​បង្គាប់​គាត់​ថា៖​ «កុំ​ប្រាប់​អ្នកណា​ម្នាក់​ឲ្យ​សោះ​ ប៉ុន្ដែ​ត្រូវ​ទៅ​បង្ហាញ​ខ្លួន​ដល់​សង្ឃ​ ហើយ​ថ្វាយ​តង្វាយ​សម្រាប់​ការ​ដែល​អ្នក​បាន​ជា​ស្អាត​ដូច​លោក​ម៉ូសេ​បាន​បង្គាប់​ ដើម្បី​ជា​បន្ទាល់​ដល់​មនុស្ស​ទាំងឡាយ»។​

15. តែ​ដំណឹង​អំពី​ព្រះអង្គ​កាន់​តែ​ឮ​សុស​សាយ​ឡើងៗ​ ហើយ​បណ្ដាជន​ច្រើន​កុះករ​បាន​មក​ជុំ​គ្នា​ដើម្បី​ស្ដាប់​ និង​ដើម្បី​ឲ្យ​ជា​ពី​ជំងឺ​ផ្សេងៗ​របស់​ពួកគេ។​

16. ប៉ុន្ដែ​ព្រះអង្គ​បាន​យាង​ទៅ​កន្លែង​ស្ងាត់​ ហើយ​អធិស្ឋាន។​

17. នៅ​ថ្ងៃ​មួយ​ កាល​ព្រះអង្គ​កំពុង​បង្រៀន​បណ្ដាជន​ មាន​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ពួក​គ្រូ​វិន័យ​ដែល​បាន​មក​ពី​គ្រប់​ក្រុង​នៃ​ស្រុក​កាលីឡេ​ និង​ស្រុក​យូដា​ ព្រមទាំង​ពី​ក្រុង​យេរូសាឡិម​បាន​អង្គុយ​នៅ​ទីនោះ​ ហើយ​អំណាច​ព្រះអម្ចាស់​បាន​នៅ​ក្នុង​ព្រះអង្គ​ដើម្បី​ប្រោស​ឲ្យ​ជា​

18. ហើយ​មើល៍​ មាន​មនុស្ស​សែង​បុរស​ម្នាក់​ស្លាប់​ដៃ​ជើង​នៅ​លើ​គ្រែ​ស្នែង​ ពួកគេ​រិះរក​សែង​គាត់​ចូល​ទៅ​ ដើម្បី​ដាក់​នៅ​ពី​មុខ​ព្រះអង្គ។​

លូកា 5