លូកា 4:4-20 Khmer Christian Bible (KCB)

4. ប៉ុន្ដែ​ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​វា​ថា៖​ «មាន​សេចក្ដី​ចែង​ទុក​មក​ថា​ មនុស្ស​មិន​រស់​ដោយសារ​តែ​នំប៉័ង​ប៉ុណ្ណោះ​ទេ»​

5. អារក្ស​សាតាំង​ក៏​នាំ​ព្រះអង្គ​ទៅ​ ហើយ​បង្ហាញ​ឲ្យ​ព្រះអង្គ​ឃើញ​នគរ​ទាំង​អស់​នៅ​ក្នុង​ពិភព​លោក​ក្នុង​មួយ​រយៈ​ពេល​ដ៏​ខ្លី​

6. ហើយ​អារក្ស​សាតាំង​ទូល​ព្រះអង្គ​ថា៖​ «ខ្ញុំ​នឹង​ឲ្យ​សិទ្ធិ​អំណាច​ ព្រមទាំង​សិរី​រុងរឿង​នៃ​នគរ​ទាំង​អស់​នោះ​ដល់​អ្នក​ ដ្បិត​ទាំង​អស់នោះ​ត្រូវ​បាន​ប្រគល់​មក​ឲ្យ​ខ្ញុំ​ហើយ​ ខ្ញុំ​ចង់​ឲ្យ​ទៅ​អ្នកណា​ក៏​បាន​

7. ដូច្នេះ​ប្រសិន​បើ​អ្នក​ថ្វាយបង្គំ​ខ្ញុំ​ នោះ​អ្វីៗ​ទាំង​អស់​នឹង​ក្លាយជា​របស់​អ្នក​ហើយ»។​

8. ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​វា​ថា៖​ «មាន​សេចក្ដី​ចែង​ទុក​មក​ថា​ អ្នក​ត្រូវ​ថ្វាយបង្គំ​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក​ ហើយ​ត្រូវ​បម្រើ​ព្រះអង្គ​តែ​មួយ​ប៉ុណ្ណោះ»​

9. អារក្ស​សាតាំង​ក៏​នាំ​ព្រះអង្គ​ទៅ​ក្រុង​យេរូសាឡិម​ រួច​ដាក់​ព្រះអង្គ​នៅ​លើ​កំពូល​ព្រះវិហារ​ ហើយ​ទូល​ព្រះអង្គ​ថា៖​ «បើ​អ្នក​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​មែន​ ចូរ​ទម្លាក់​ខ្លួន​ទៅ​ក្រោម​ទៅ​

10. ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា​ ព្រះអង្គ​នឹង​បង្គាប់​ទេវតា​របស់​ព្រះអង្គ​ពី​ដំណើរ​អ្នក​ដើម្បី​ការពារ​អ្នក​

11. ហើយ​ទេវតា​នឹង​ទ្រ​អ្នក​នៅ​លើ​ដៃ​ ក្រែងលោ​ជើង​អ្នក​ទង្គិច​នឹង​ថ្ម»។​

12. ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​វា​ថា៖​ «មាន​សេចក្ដី​ចែង​ទុក​មក​ទៀត​ថា​ កុំ​ល្បួង​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក​ឡើយ»។​

13. កាល​អារក្ស​សាតាំង​បាន​បញ្ចប់​សេចក្ដី​ល្បួង​ទាំង​អស់​សព្វ​គ្រប់​ហើយ​ វា​ក៏​ចាក​ចេញ​ពី​ព្រះអង្គ​ទៅ​ លុះត្រា​តែ​មាន​ឱកាស​ទៀត។​

14. ព្រះយេស៊ូ​យាង​ត្រលប់​ទៅ​ស្រុក​កាលីឡេ​វិញ​ ប្រកប​ដោយ​អំណាច​របស់​ព្រះវិញ្ញាណ​ ហើយ​ដំណឹង​អំពី​ព្រះអង្គ​បាន​ឮ​សុសសាយ​ដល់​ស្រុក​ទាំង​អស់​នៅ​ជុំ​វិញ។​

15. ព្រះអង្គ​បាន​បង្រៀន​នៅ​ក្នុង​សាលា​ប្រជុំ​របស់​ពួកគេ​ ទាំង​ទទួល​បាន​ការ​សរសើរ​តម្កើង​ពី​ពួកគេ​ទាំង​អស់​គ្នា។​

16. បន្ទាប់​មក​ ព្រះអង្គ​បាន​យាង​ទៅ​ក្រុង​ណាសារ៉ែត​ ជា​កន្លែង​ដែល​ព្រះអង្គ​បាន​ចម្រើន​វ័យ​ឡើង​ ព្រះអង្គ​បាន​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​នៅ​ថ្ងៃ​សប្ប័ទ​តាម​ទម្លាប់​របស់​ព្រះអង្គ​ ព្រមទាំង​បាន​ក្រោក​អាន​បទ​គម្ពីរ​

17. ហើយ​គេ​បាន​យក​អត្ថបទ​គម្ពីរ​របស់​លោក​អេសាយ​ដែល​ជា​អ្នក​នាំ​ព្រះបន្ទូល​មក​ប្រគល់​ជូន​ព្រះអង្គ។​ កាល​បាន​លា​អត្ថបទ​ហើយ​ ព្រះអង្គ​រក​ឃើញ​កន្លែង​មួយ​ដែល​ចែង​ថា៖​

18. «ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​បាន​សណ្ឋិត​លើ​ខ្ញុំ​ ពីព្រោះ​ព្រះអង្គ​បាន​ចាក់​ប្រេង​តាំង​ដល់​ខ្ញុំ​ដើម្បី​ប្រកាស​ដំណឹង​ល្អ​ដល់​ពួក​អ្នក​ក្រ​ គឺ​ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ប្រកាស​អំពី​ការ​ដោះ​លែង​ដល់​ពួក​អ្នក​ជាប់​ជា​ឈ្លើយ​ និង​អំពី​ការ​ប្រោស​ឲ្យ​ភ្លឺ​ដល់​ពួក​មនុស្ស​ខ្វាក់​ ហើយ​ឲ្យ​រំដោះ​អស់​អ្នក​ដែល​ត្រូវ​គេ​សង្កត់​សង្កិន​ឲ្យ​មាន​សេរីភាព​

19. ព្រមទាំង​ប្រកាស​ពី​ឆ្នាំ​នៃ​សេចក្ដី​មេត្ដា​របស់​ព្រះអម្ចាស់»​

20. ហើយ​ព្រះអង្គ​ក៏​មូរ​អត្ថបទ​គម្ពីរ​ប្រគល់​ទៅ​ឲ្យ​អ្នក​ថែរក្សា​វិញ​ នោះ​ភ្នែក​របស់​មនុស្ស​ទាំង​អស់​ក្នុង​សាលា​ប្រជុំ​បាន​សម្លឹង​មើល​ព្រះអង្គ​គ្រប់ៗ​គ្នា។​

លូកា 4