30. តែព្រះអង្គបានយាងកាត់កណ្ដាលចំណោមពួកគេចេញទៅ។
31. ព្រះអង្គបានយាងចុះទៅក្រុងកាពើណិម ជាក្រុងមួយនៃស្រុកកាលីឡេ ហើយក៏បង្រៀននៅថ្ងៃសប្ប័ទ។
32. ពួកអ្នកស្ដាប់នឹកអស្ចារ្យក្នុងចិត្ដចំពោះសេចក្ដីបង្រៀនរបស់ព្រះអង្គ ព្រោះព្រះបន្ទូលព្រះអង្គប្រកបដោយសិទ្ធិអំណាច។
33. នៅក្នុងសាលាប្រជុំមានបុរសម្នាក់ដែលមានវិញ្ញាណអាក្រក់របស់អារក្សចូល គាត់បានស្រែកដោយសំឡេងខ្លាំងៗថា៖
34. «ព្រះយេស៊ូអ្នកក្រុងណាសារ៉ែតអើយ តើយើង និងព្រះអង្គមានរឿងហេតុអ្វីនឹងគ្នា? តើព្រះអង្គមកបំផ្លាញយើងឬ? ខ្ញុំស្គាល់ហើយ ព្រះអង្គជាអង្គបរិសុទ្ធនៃព្រះជាម្ចាស់»។
35. ព្រះយេស៊ូបន្ទោសវាថា៖ «ស្ងៀម ហើយចេញពីបុរសនេះទៅ!» កាលអារក្សផ្ដួលបុរសនោះទៅកណ្ដាលចំណោមហើយ វាក៏ចេញពីគាត់ដោយមិនបានធ្វើឲ្យគាត់ឈឺចាប់ឡើយ។
36. ពួកគេគ្រប់គ្នាមានសេចក្ដីកោតស្ញប់ស្ញែង ក៏និយាយគ្នាថា៖ «តើពាក្យសំដីនេះជាអ្វី បានជាលោកបញ្ជាពួកវិញ្ញាណអាក្រក់ដោយសិទ្ធិអំណាច និងឫទ្ធានុភាព ហើយពួកវាក៏ចេញមកដូច្នេះ?»
37. ដំណឹងអំពីព្រះអង្គលេចឮគ្រប់ទីកន្លែងនៅស្រុកជុំវិញ។
38. កាលបានក្រោកឡើងចេញពីសាលាប្រជុំ ព្រះអង្គក៏ចូលទៅក្នុងផ្ទះរបស់លោកស៊ីម៉ូន។ ម្ដាយក្មេករបស់លោកស៊ីម៉ូនកំពុងមានជំងឺគ្រុនជាខ្លាំង ពួកគេក៏អង្វរព្រះអង្គឲ្យប្រោសគាត់។
39. ព្រះអង្គក៏ឈរជិតគាត់ស្ដីបន្ទោសដល់ជំងឺគ្រុន នោះជំងឺគ្រុនក៏បាត់ទៅ ហើយភ្លាមនោះគាត់ក្រោកឡើងបម្រើពួកគេ។
40. នៅពេលថ្ងៃលិច អស់អ្នកដែលមានបងប្អូនមានជំងឺរោគាផ្សេងៗបាននាំពួកអ្នកជំងឺទាំងនោះមកឯព្រះអង្គ ហើយព្រះអង្គបានប្រោសពួកអ្នកជំងឺឲ្យជាសះស្បើយដោយដាក់ព្រះហស្ដលើពួកគេម្នាក់ម្ដងៗ។
41. ពួកអារក្សបានចេញពីមនុស្សជាច្រើន ទាំងស្រែកថា៖ «ព្រះអង្គជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់» ប៉ុន្ដែព្រះអង្គបានស្ដីបន្ទោសពួកវា មិនអនុញ្ញាតឲ្យពួកវានិយាយទេ ពីព្រោះពួកវាស្គាល់ថាព្រះអង្គជាព្រះគ្រិស្ដ។
42. លុះព្រឹកឡើង ព្រះអង្គក៏ចេញទៅកន្លែងស្ងាត់មួយ ហើយបណ្ដាជនបានតាមរកព្រះអង្គ កាលពួកគេបានមកជួបព្រះអង្គហើយ ក៏ឃាត់ព្រះអង្គមិនឲ្យចាកចេញពីពួកគេ។
43. ព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ «ជាការចាំបាច់ណាស់សម្រាប់ខ្ញុំដែលត្រូវប្រកាសដំណឹងល្អអំពីនគរព្រះជាម្ចាស់ដល់ក្រុងដទៃទៀតដែរ ដ្បិតព្រះជាម្ចាស់បានចាត់ឲ្យខ្ញុំមកដើម្បីការនេះឯង»
44. ព្រះអង្គក៏ប្រកាសនៅក្នុងសាលាប្រជុំនានារបស់ជនជាតិយូដា។