29. ហើយពួកគេបានក្រោកឡើងបណ្ដេញព្រះអង្គចេញទៅក្រៅក្រុងដែលពួកគេបានសង់នៅលើភ្នំ រួចនាំព្រះអង្គឡើងទៅចម្រេះភ្នំនោះដើម្បីច្រានព្រះអង្គទម្លាក់ចុះ។
30. តែព្រះអង្គបានយាងកាត់កណ្ដាលចំណោមពួកគេចេញទៅ។
31. ព្រះអង្គបានយាងចុះទៅក្រុងកាពើណិម ជាក្រុងមួយនៃស្រុកកាលីឡេ ហើយក៏បង្រៀននៅថ្ងៃសប្ប័ទ។
32. ពួកអ្នកស្ដាប់នឹកអស្ចារ្យក្នុងចិត្ដចំពោះសេចក្ដីបង្រៀនរបស់ព្រះអង្គ ព្រោះព្រះបន្ទូលព្រះអង្គប្រកបដោយសិទ្ធិអំណាច។
33. នៅក្នុងសាលាប្រជុំមានបុរសម្នាក់ដែលមានវិញ្ញាណអាក្រក់របស់អារក្សចូល គាត់បានស្រែកដោយសំឡេងខ្លាំងៗថា៖
34. «ព្រះយេស៊ូអ្នកក្រុងណាសារ៉ែតអើយ តើយើង និងព្រះអង្គមានរឿងហេតុអ្វីនឹងគ្នា? តើព្រះអង្គមកបំផ្លាញយើងឬ? ខ្ញុំស្គាល់ហើយ ព្រះអង្គជាអង្គបរិសុទ្ធនៃព្រះជាម្ចាស់»។
35. ព្រះយេស៊ូបន្ទោសវាថា៖ «ស្ងៀម ហើយចេញពីបុរសនេះទៅ!» កាលអារក្សផ្ដួលបុរសនោះទៅកណ្ដាលចំណោមហើយ វាក៏ចេញពីគាត់ដោយមិនបានធ្វើឲ្យគាត់ឈឺចាប់ឡើយ។
36. ពួកគេគ្រប់គ្នាមានសេចក្ដីកោតស្ញប់ស្ញែង ក៏និយាយគ្នាថា៖ «តើពាក្យសំដីនេះជាអ្វី បានជាលោកបញ្ជាពួកវិញ្ញាណអាក្រក់ដោយសិទ្ធិអំណាច និងឫទ្ធានុភាព ហើយពួកវាក៏ចេញមកដូច្នេះ?»
37. ដំណឹងអំពីព្រះអង្គលេចឮគ្រប់ទីកន្លែងនៅស្រុកជុំវិញ។
38. កាលបានក្រោកឡើងចេញពីសាលាប្រជុំ ព្រះអង្គក៏ចូលទៅក្នុងផ្ទះរបស់លោកស៊ីម៉ូន។ ម្ដាយក្មេករបស់លោកស៊ីម៉ូនកំពុងមានជំងឺគ្រុនជាខ្លាំង ពួកគេក៏អង្វរព្រះអង្គឲ្យប្រោសគាត់។
39. ព្រះអង្គក៏ឈរជិតគាត់ស្ដីបន្ទោសដល់ជំងឺគ្រុន នោះជំងឺគ្រុនក៏បាត់ទៅ ហើយភ្លាមនោះគាត់ក្រោកឡើងបម្រើពួកគេ។