លូកា 4:26-40 Khmer Christian Bible (KCB)

26. ប៉ុន្ដែ​ព្រះជាម្ចាស់​មិន​បាន​ចាត់​លោក​អេលីយ៉ា​ឲ្យ​ទៅ​ឯ​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​ស្ដ្រី​មេម៉ាយ​ទាំង​នោះ​ទេ​ គឺ​ព្រះអង្គ​បាន​ចាត់​លោក​ឲ្យ​ទៅ​ឯ​ស្ដ្រី​មេម៉ាយ​ម្នាក់​នៅ​ក្រុង​សារិបតា​នៃ​ស្រុក​ស៊ីដូន​វិញ។​

27. ហើយ​នៅ​ជំនាន់​លោក​អេលីសេ​ ជា​អ្នក​នាំ​ព្រះបន្ទូល​មាន​មនុស្ស​ឃ្លង់​ជា​ច្រើន​នៅ​ក្នុង​អ៊ីស្រាអែល​ ប៉ុន្ដែ​ក្នុង​ចំណោម​ពួកគេ​ គ្មាន​អ្នកណា​ម្នាក់​ត្រូវ​បាន​ប្រោស​ឲ្យ​ជា​ស្អាត​ទេ​ គឺ​មាន​តែ​លោក​ណាម៉ាន​ ជា​ជន​ជាតិ​ស៊ីរី​ម្នាក់​ប៉ុណ្ណោះ»។​

28. កាល​មនុស្ស​ទាំង​អស់​ក្នុង​សាលា​ប្រជុំ​បាន​ឮ​សេចក្ដី​ទាំង​នេះ​ ក៏​ពោរ​ពេញ​ដោយ​កំហឹង​យ៉ាង​ខ្លាំង​

29. ហើយ​ពួកគេ​បាន​ក្រោក​ឡើង​បណ្ដេញ​ព្រះអង្គ​ចេញ​ទៅ​ក្រៅ​ក្រុង​ដែល​ពួកគេ​បាន​សង់​នៅ​លើ​ភ្នំ​ រួច​នាំ​ព្រះអង្គ​ឡើង​ទៅ​ចម្រេះ​ភ្នំ​នោះ​ដើម្បី​ច្រាន​ព្រះអង្គ​ទម្លាក់​ចុះ។​

30. តែ​ព្រះអង្គ​បាន​យាង​កាត់​កណ្ដាល​ចំណោម​ពួកគេ​ចេញ​ទៅ។​

31. ព្រះអង្គ​បាន​យាង​ចុះ​ទៅ​ក្រុង​កាពើណិម​ ជា​ក្រុង​មួយ​នៃ​ស្រុក​កាលីឡេ​ ហើយ​ក៏​បង្រៀន​នៅ​ថ្ងៃសប្ប័ទ។​

32. ពួក​អ្នក​ស្ដាប់​នឹក​អស្ចារ្យ​ក្នុង​ចិត្ដ​ចំពោះ​សេចក្ដី​បង្រៀន​របស់​ព្រះអង្គ​ ព្រោះ​ព្រះបន្ទូល​ព្រះអង្គ​ប្រកប​ដោយ​សិទ្ធិ​អំណាច។​

33. នៅ​ក្នុង​សាលា​ប្រជុំ​មាន​បុរស​ម្នាក់​ដែល​មាន​វិញ្ញាណ​អាក្រក់​របស់​អារក្ស​ចូល​ គាត់​បាន​ស្រែក​ដោយ​សំឡេង​ខ្លាំងៗ​ថា៖​

34. «ព្រះយេស៊ូ​អ្នក​ក្រុង​ណាសារ៉ែត​អើយ​ តើ​យើង​ និង​ព្រះអង្គ​មាន​រឿង​ហេតុអ្វី​នឹង​គ្នា?​ តើ​ព្រះអង្គ​មក​បំផ្លាញ​យើង​ឬ?​ ខ្ញុំ​ស្គាល់​ហើយ​ ព្រះអង្គ​ជា​អង្គ​បរិសុទ្ធ​នៃ​ព្រះជាម្ចាស់»។​

35. ព្រះយេស៊ូ​បន្ទោស​វា​ថា៖​ «ស្ងៀម​ ហើយ​ចេញ​ពី​បុរស​នេះ​ទៅ!»​ កាល​អារក្ស​ផ្ដួល​បុរស​នោះ​ទៅ​កណ្ដាល​ចំណោម​ហើយ​ វា​ក៏​ចេញ​ពី​គាត់​ដោយ​មិន​បាន​ធ្វើ​ឲ្យ​គាត់​ឈឺ​ចាប់​ឡើយ។​

36. ពួកគេ​គ្រប់គ្នា​មាន​សេចក្ដី​កោត​ស្ញប់ស្ញែង​ ក៏​និយាយ​គ្នា​ថា៖​ «តើ​ពាក្យ​សំដី​នេះ​ជា​អ្វី​ បាន​ជា​លោក​បញ្ជា​ពួក​វិញ្ញាណ​អាក្រក់​ដោយ​សិទ្ធិ​អំណាច​ និង​ឫទ្ធានុភាព​ ហើយ​ពួក​វា​ក៏​ចេញ​មក​ដូច្នេះ?»​

37. ដំណឹង​អំពី​ព្រះអង្គ​លេចឮ​គ្រប់​ទី​កន្លែង​នៅ​ស្រុក​ជុំ​វិញ។​

38. កាល​បាន​ក្រោក​ឡើង​ចេញ​ពី​សាលា​ប្រជុំ​ ព្រះអង្គ​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​លោក​ស៊ីម៉ូន។​ ម្ដាយ​ក្មេក​របស់​លោក​ស៊ីម៉ូន​កំពុង​មាន​ជំងឺ​គ្រុន​ជា​ខ្លាំង​ ពួកគេ​ក៏​អង្វរ​ព្រះអង្គ​ឲ្យ​ប្រោស​គាត់។​

39. ព្រះអង្គ​ក៏​ឈរ​ជិត​គាត់​ស្ដី​បន្ទោស​ដល់​ជំងឺ​គ្រុន​ នោះ​ជំងឺ​គ្រុន​ក៏​បាត់​ទៅ​ ហើយ​ភ្លាម​នោះ​គាត់​ក្រោក​ឡើង​បម្រើ​ពួកគេ។​

40. នៅ​ពេល​ថ្ងៃ​លិច​ អស់​អ្នក​ដែល​មាន​បងប្អូន​មាន​ជំងឺ​រោគា​ផ្សេងៗ​បាន​នាំ​ពួក​អ្នក​ជំងឺ​ទាំង​នោះ​មក​ឯ​ព្រះអង្គ​ ហើយ​ព្រះអង្គ​បាន​ប្រោស​ពួក​អ្នក​ជំងឺ​ឲ្យ​ជា​សះស្បើយ​ដោយ​ដាក់​ព្រះហស្ដ​លើ​ពួកគេ​ម្នាក់​ម្ដងៗ។​

លូកា 4