21. ព្រះអង្គក៏ចាប់ផ្ដើមមានបន្ទូលទៅពួកគេថា៖ «ថ្ងៃនេះបទគម្ពីរដែលអ្នករាល់គ្នាបានឮនៅនឹងត្រចៀកបានសម្រេចហើយ»។
22. ពួកគេគ្រប់គ្នាបានសរសើរព្រះអង្គ និងនឹកអស្ចារ្យពីព្រះបន្ទូលប្រកបដោយព្រះគុណដែលបានចេញពីព្រះឱស្ឋរបស់ព្រះអង្គមក ប៉ុន្ដែពួកគេនិយាយគ្នាថា៖ «តើអ្នកនេះមិនមែនជាកូនរបស់យ៉ូសែបទេឬ?»
23. ព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ «អ្នករាល់គ្នាមុខជានិយាយសុភាសិតនេះប្រាប់ខ្ញុំមិនខានថា គ្រូពេទ្យអើយ! ចូរព្យាបាលខ្លួនឯងចុះ អ្វីៗដែលយើងឮថាបានកើតឡើងនៅក្រុងកាពើណិមនោះ ចូរធ្វើនៅទីនេះជាស្រុករបស់ខ្លួនអ្នកដែរ»។
24. ព្រះអង្គមានបន្ទូលទៀតថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកនាំព្រះបន្ទូលមិនបានទទួលការស្វាគមន៍នៅក្នុងស្រុកកំណើតរបស់ខ្លួនទេ
25. ប៉ុន្ដែខ្ញុំប្រាប់អ្នករាល់គ្នាពីសេចក្ដីពិតថា នៅជំនាន់លោកអេលីយ៉ា មានស្ដ្រីមេម៉ាយជាច្រើននៅក្នុងអ៊ីស្រាអែល កាលនោះមេឃរាំងបីឆ្នាំប្រាំមួយខែបណ្ដាលឲ្យមានគ្រោះអត់ឃ្លានជាខ្លាំងនៅលើទឹកដីទាំងមូល
26. ប៉ុន្ដែព្រះជាម្ចាស់មិនបានចាត់លោកអេលីយ៉ាឲ្យទៅឯអ្នកណាម្នាក់ក្នុងចំណោមស្ដ្រីមេម៉ាយទាំងនោះទេ គឺព្រះអង្គបានចាត់លោកឲ្យទៅឯស្ដ្រីមេម៉ាយម្នាក់នៅក្រុងសារិបតានៃស្រុកស៊ីដូនវិញ។
27. ហើយនៅជំនាន់លោកអេលីសេ ជាអ្នកនាំព្រះបន្ទូលមានមនុស្សឃ្លង់ជាច្រើននៅក្នុងអ៊ីស្រាអែល ប៉ុន្ដែក្នុងចំណោមពួកគេ គ្មានអ្នកណាម្នាក់ត្រូវបានប្រោសឲ្យជាស្អាតទេ គឺមានតែលោកណាម៉ាន ជាជនជាតិស៊ីរីម្នាក់ប៉ុណ្ណោះ»។
28. កាលមនុស្សទាំងអស់ក្នុងសាលាប្រជុំបានឮសេចក្ដីទាំងនេះ ក៏ពោរពេញដោយកំហឹងយ៉ាងខ្លាំង