8. ព្រះអង្គមានបន្ទូលថា៖ «ចូរប្រយ័ត្ន អ្នករាល់គ្នាកុំចាញ់បោកគេឡើយ ដ្បិតមនុស្សជាច្រើននឹងមកក្នុងឈ្មោះខ្ញុំ ហើយនិយាយថា ខ្ញុំនេះហើយ ឬពេលវេលាជិតដល់ហើយ នោះចូរកុំទៅតាមពួកគេឲ្យសោះ។
9. ពេលណាអ្នករាល់គ្នាឮអំពីសង្គ្រាម និងចលាចល ចូរកុំភ័យខ្លាចឡើយ ព្រោះការទាំងអស់នេះត្រូវតែកើតឡើងជាមុន ប៉ុន្ដែមិនទាន់ដល់ទីបញ្ចប់ភ្លាមទេ»។
10. រួចព្រះអង្គមានបន្ទូលទៅពួកគេទៀតថា៖ «ជនជាតិមួយនឹងក្រោកឡើងទាស់នឹងជនជាតិមួយ ហើយប្រទេសមួយទាស់នឹងប្រទេសមួយ
11. ព្រមទាំងមានការរញ្ជួយដីធំៗ គ្រោះអត់ឃ្លាន និងជំងឺរាតត្បាតនៅតាមកន្លែងផ្សេងៗ ព្រមទាំងមានហេតុការណ៍តក់ស្លុត និងទីសំគាល់ធំៗពីលើមេឃផង។
12. ប៉ុន្ដែនៅមុនសេចក្ដីទាំងអស់នេះ ពួកគេនឹងចាប់អ្នករាល់គ្នា បៀតបៀនអ្នករាល់គ្នា ប្រគល់អ្នករាល់គ្នាទៅឲ្យសាលាប្រជុំ ហើយដាក់គុកអ្នករាល់គ្នា ទាំងនាំទៅឲ្យស្ដេច និងពួកអភិបាលព្រោះតែឈ្មោះខ្ញុំ
13. តែពេលវេលានោះត្រលប់ជាឱកាសសម្រាប់អ្នករាល់គ្នាធ្វើទីបន្ទាល់វិញ។
14. ដូច្នេះចូរចាំទុកក្នុងចិត្ដរបស់អ្នករាល់គ្នាចុះ កុំរៀបចំការពារខ្លួនជាមុនឲ្យសោះ
15. ដ្បិតខ្ញុំនឹងឲ្យអ្នករាល់គ្នាមានថ្វីមាត់ ព្រមទាំងប្រាជ្ញាដែលគូវិវាទទាំងអស់មិនអាចតតាំង ឬជំទាស់នឹងអ្នករាល់គ្នាបានឡើយ។
16. ប៉ុន្ដែសូម្បីតែឪពុកម្ដាយ បងប្អូន សាច់ញាតិ និងមិត្ដភក្ដិក៏ក្បត់នឹងអ្នករាល់គ្នាដែរ ហើយពួកគេនឹងសម្លាប់អ្នកខ្លះក្នុងចំណោមអ្នករាល់គ្នា
17. ហើយមនុស្សទាំងអស់នឹងស្អប់អ្នករាល់គ្នាដោយព្រោះតែឈ្មោះខ្ញុំ
18. ប៉ុន្ដែសូម្បីតែសក់មួយសរសៃលើក្បាលអ្នករាល់គ្នាក៏មិនបានវិនាសឡើយ។
19. ដោយសារការស៊ូទ្រាំរបស់អ្នករាល់គ្នា អ្នករាល់គ្នានឹងទទួលបានជីវិតវិញ
20. ប៉ុន្ដែនៅពេលអ្នករាល់គ្នាឃើញកងទ័ពឡោមព័ទ្ធក្រុងយេរូសាឡិម នោះចូរដឹងថា សេចក្ដីរលំរលាយនៃក្រុងនោះជិតមកដល់ហើយ។
21. ពេលនោះ ចូរឲ្យពួកអ្នកនៅស្រុកយូដាភៀសខ្លួនទៅភ្នំចុះ ឯពួកអ្នកនៅកណ្ដាលក្រុងចាកចេញពីក្រុងនោះ ហើយកុំឲ្យពួកអ្នកនៅស្រែចម្ការត្រលប់ចូលក្នុងក្រុងនោះឲ្យសោះ
22. ពីព្រោះថ្ងៃទាំងនេះជាថ្ងៃនៃសេចក្ដីសងសឹក ដើម្បីធ្វើឲ្យសេចក្ដីទាំងអស់ដែលបានចែងទុកមកបានសម្រេច។
23. ស្ដ្រីមានផ្ទៃពោះ និងស្ដ្រីកំពុងបំបៅកូននឹងវេទនាណាស់នៅគ្រានោះ ព្រោះសេចក្ដីទុក្ខព្រួយដ៏សម្បើមនឹងមាននៅលើទឹកដីនេះ ហើយកំហឹងក៏ធ្លាក់លើប្រជាជននេះ
24. ពួកគេនឹងដួលស្លាប់ដោយមុខដាវ ហើយត្រូវនាំយកជាឈ្លើយទៅគ្រប់ជាតិសាសន៍ទាំងអស់ ឯក្រុងយេរូសាឡិមវិញ នឹងត្រូវសាសន៍ដទៃជាន់ឈ្លីរហូតដល់ពេលវេលារបស់ពួកគេត្រូវបានបញ្ចប់។
25. នឹងមានទីសំគាល់នៅក្នុងដួងអាទិត្យ លោកខែ និងផ្កាយ ហើយជនជាតិនានានៅលើផែនដីនេះនឹងមានសេចក្ដីថប់បារម្ភ ទាំងទ័លប្រាជ្ញាដោយសារសំឡេងសន្ធឹកសមុទ្រ និងទឹករលក
26. មនុស្សនឹងស្រយុតចិត្ដដោយសារការភ័យខ្លាច និងការទន្ទឹងរង់ចាំហេតុការណ៍ដែលនឹងកើតឡើងនៅលើពិភពលោក ដ្បិតអំណាចនៅស្ថានសួគ៌នឹងរង្គោះរង្គើ