លូកា 21:6-21 Khmer Christian Bible (KCB)

6. «អ្វី​ដែល​អ្នក​រាល់គ្នា​ឃើញ​ទាំង​នេះ​ នៅ​ថ្ងៃ​មក​ដល់​ ថ្ម​ដែល​ត្រួត​លើ​គ្នា​នឹង​ត្រូវ​រើ​ចោល​គ្មាន​សល់​ឡើយ»។​

7. ពួកគេ​ក៏​ទូល​សួរ​ព្រះអង្គ​ថា៖​ «លោក​គ្រូ​ តើ​ការ​ទាំង​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ណា?​ នៅ​ពេល​ការ​ទាំង​នេះ​ជិត​កើត​ឡើង​ តើ​នឹង​មាន​ទីសំគាល់​អ្វីខ្លះ?»​

8. ព្រះអង្គ​មាន​បន្ទូល​ថា៖​ «ចូរ​ប្រយ័ត្ន​ អ្នក​រាល់គ្នាកុំ​ចាញ់បោក​គេ​ឡើយ​ ដ្បិត​មនុស្ស​ជា​ច្រើន​នឹង​មក​ក្នុង​ឈ្មោះ​ខ្ញុំ​ ហើយ​និយាយ​ថា​ ខ្ញុំ​នេះ​ហើយ​ ឬ​ពេល​វេលា​ជិត​ដល់​ហើយ​ នោះ​ចូរ​កុំ​ទៅ​តាម​ពួកគេ​ឲ្យ​សោះ។​

9. ពេល​ណា​អ្នក​រាល់គ្នា​ឮ​អំពី​សង្គ្រាម​ និង​ចលាចល​ ចូរ​កុំ​ភ័យ​ខ្លាច​ឡើយ​ ព្រោះ​ការ​ទាំង​អស់​នេះ​ត្រូវតែ​កើត​ឡើង​ជា​មុន​ ប៉ុន្ដែ​មិន​ទាន់​ដល់​ទី​បញ្ចប់​ភ្លាម​ទេ»។​

10. រួច​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ទៀត​ថា៖​ «ជន​ជាតិ​មួយ​នឹង​ក្រោក​ឡើង​ទាស់​នឹង​ជន​ជាតិ​មួយ​ ហើយ​ប្រទេស​មួយ​ទាស់​នឹង​ប្រទេស​មួយ​

11. ព្រមទាំង​មាន​ការ​រញ្ជួយដី​ធំៗ​ គ្រោះ​អត់ឃ្លាន​ និង​ជំងឺ​រាតត្បាត​នៅ​តាម​កន្លែង​ផ្សេងៗ​ ព្រមទាំង​មាន​ហេតុការណ៍​តក់ស្លុត​ និង​ទីសំគាល់​ធំៗ​ពី​លើ​មេឃ​ផង។​

12. ប៉ុន្ដែ​នៅ​មុន​សេចក្ដី​ទាំង​អស់​នេះ​ ពួកគេ​នឹង​ចាប់​អ្នក​រាល់គ្នា​ បៀត​បៀន​អ្នក​រាល់គ្នា​ ប្រគល់​អ្នក​រាល់គ្នា​ទៅ​ឲ្យ​សាលា​ប្រជុំ​ ហើយ​ដាក់​គុក​អ្នក​រាល់គ្នា ទាំង​នាំ​ទៅ​ឲ្យ​ស្ដេច​ និង​ពួក​អភិបាល​ព្រោះតែ​ឈ្មោះ​ខ្ញុំ​

13. តែ​ពេល​វេលា​នោះ​ត្រលប់​ជា​ឱកាស​សម្រាប់​អ្នក​រាល់គ្នា​ធ្វើ​ទី​បន្ទាល់​វិញ។​

14. ដូច្នេះ​ចូរ​ចាំ​ទុក​ក្នុង​ចិត្ដ​របស់​អ្នក​រាល់គ្នា​ចុះ​ កុំ​រៀបចំ​ការពារ​ខ្លួន​ជាមុន​ឲ្យ​សោះ​

15. ដ្បិត​ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់គ្នា​មាន​ថ្វីមាត់​ ព្រមទាំង​ប្រាជ្ញា​ដែល​គូ​វិវាទ​ទាំង​អស់​មិន​អាច​ត​តាំង​ ឬ​ជំទាស់​នឹង​អ្នក​រាល់គ្នា​បាន​ឡើយ។​

16. ប៉ុន្ដែ​សូម្បីតែ​ឪពុក​ម្ដាយ​ បង​ប្អូន​ សាច់​ញាតិ​ និង​មិត្ដ​ភក្ដិ​ក៏​ក្បត់​នឹង​អ្នក​រាល់គ្នា​ដែរ​ ហើយ​ពួកគេ​នឹង​សម្លាប់​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​

17. ហើយ​មនុស្ស​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់គ្នា​ដោយព្រោះ​តែ​ឈ្មោះ​ខ្ញុំ​

18. ប៉ុន្ដែ​សូម្បីតែ​សក់​មួយ​សរសៃ​លើ​ក្បាល​អ្នក​រាល់គ្នាក៏​មិន​បាន​វិនាស​ឡើយ។​

19. ដោយសារ​ការ​ស៊ូទ្រាំ​របស់​អ្នក​រាល់គ្នា​ អ្នក​រាល់គ្នា​នឹង​ទទួល​បាន​ជីវិត​វិញ​

20. ប៉ុន្ដែ​នៅ​ពេល​អ្នក​រាល់​គ្នា​ឃើញ​កង​ទ័ព​ឡោម​ព័ទ្ធ​ក្រុង​យេរូសាឡិម​ នោះ​ចូរ​ដឹង​ថា​ សេចក្ដី​រលំ​រលាយ​នៃ​ក្រុង​នោះ​ជិត​មក​ដល់​ហើយ។​

21. ពេល​នោះ​ ចូរ​ឲ្យ​ពួកអ្នក​នៅ​ស្រុក​យូដា​ភៀស​ខ្លួន​ទៅ​ភ្នំ​ចុះ​ ឯ​ពួកអ្នក​នៅ​កណ្ដាល​ក្រុង​ចាក​ចេញ​ពី​ក្រុង​នោះ​ ហើយ​កុំ​ឲ្យ​ពួកអ្នក​នៅ​ស្រែ​ចម្ការ​ត្រលប់​ចូល​ក្នុង​ក្រុង​នោះ​ឲ្យ​សោះ​

លូកា 21