12. ប៉ុន្ដែនៅមុនសេចក្ដីទាំងអស់នេះ ពួកគេនឹងចាប់អ្នករាល់គ្នា បៀតបៀនអ្នករាល់គ្នា ប្រគល់អ្នករាល់គ្នាទៅឲ្យសាលាប្រជុំ ហើយដាក់គុកអ្នករាល់គ្នា ទាំងនាំទៅឲ្យស្ដេច និងពួកអភិបាលព្រោះតែឈ្មោះខ្ញុំ
13. តែពេលវេលានោះត្រលប់ជាឱកាសសម្រាប់អ្នករាល់គ្នាធ្វើទីបន្ទាល់វិញ។
14. ដូច្នេះចូរចាំទុកក្នុងចិត្ដរបស់អ្នករាល់គ្នាចុះ កុំរៀបចំការពារខ្លួនជាមុនឲ្យសោះ
15. ដ្បិតខ្ញុំនឹងឲ្យអ្នករាល់គ្នាមានថ្វីមាត់ ព្រមទាំងប្រាជ្ញាដែលគូវិវាទទាំងអស់មិនអាចតតាំង ឬជំទាស់នឹងអ្នករាល់គ្នាបានឡើយ។
16. ប៉ុន្ដែសូម្បីតែឪពុកម្ដាយ បងប្អូន សាច់ញាតិ និងមិត្ដភក្ដិក៏ក្បត់នឹងអ្នករាល់គ្នាដែរ ហើយពួកគេនឹងសម្លាប់អ្នកខ្លះក្នុងចំណោមអ្នករាល់គ្នា
17. ហើយមនុស្សទាំងអស់នឹងស្អប់អ្នករាល់គ្នាដោយព្រោះតែឈ្មោះខ្ញុំ
18. ប៉ុន្ដែសូម្បីតែសក់មួយសរសៃលើក្បាលអ្នករាល់គ្នាក៏មិនបានវិនាសឡើយ។
19. ដោយសារការស៊ូទ្រាំរបស់អ្នករាល់គ្នា អ្នករាល់គ្នានឹងទទួលបានជីវិតវិញ
20. ប៉ុន្ដែនៅពេលអ្នករាល់គ្នាឃើញកងទ័ពឡោមព័ទ្ធក្រុងយេរូសាឡិម នោះចូរដឹងថា សេចក្ដីរលំរលាយនៃក្រុងនោះជិតមកដល់ហើយ។
21. ពេលនោះ ចូរឲ្យពួកអ្នកនៅស្រុកយូដាភៀសខ្លួនទៅភ្នំចុះ ឯពួកអ្នកនៅកណ្ដាលក្រុងចាកចេញពីក្រុងនោះ ហើយកុំឲ្យពួកអ្នកនៅស្រែចម្ការត្រលប់ចូលក្នុងក្រុងនោះឲ្យសោះ
22. ពីព្រោះថ្ងៃទាំងនេះជាថ្ងៃនៃសេចក្ដីសងសឹក ដើម្បីធ្វើឲ្យសេចក្ដីទាំងអស់ដែលបានចែងទុកមកបានសម្រេច។
23. ស្ដ្រីមានផ្ទៃពោះ និងស្ដ្រីកំពុងបំបៅកូននឹងវេទនាណាស់នៅគ្រានោះ ព្រោះសេចក្ដីទុក្ខព្រួយដ៏សម្បើមនឹងមាននៅលើទឹកដីនេះ ហើយកំហឹងក៏ធ្លាក់លើប្រជាជននេះ
24. ពួកគេនឹងដួលស្លាប់ដោយមុខដាវ ហើយត្រូវនាំយកជាឈ្លើយទៅគ្រប់ជាតិសាសន៍ទាំងអស់ ឯក្រុងយេរូសាឡិមវិញ នឹងត្រូវសាសន៍ដទៃជាន់ឈ្លីរហូតដល់ពេលវេលារបស់ពួកគេត្រូវបានបញ្ចប់។
25. នឹងមានទីសំគាល់នៅក្នុងដួងអាទិត្យ លោកខែ និងផ្កាយ ហើយជនជាតិនានានៅលើផែនដីនេះនឹងមានសេចក្ដីថប់បារម្ភ ទាំងទ័លប្រាជ្ញាដោយសារសំឡេងសន្ធឹកសមុទ្រ និងទឹករលក
26. មនុស្សនឹងស្រយុតចិត្ដដោយសារការភ័យខ្លាច និងការទន្ទឹងរង់ចាំហេតុការណ៍ដែលនឹងកើតឡើងនៅលើពិភពលោក ដ្បិតអំណាចនៅស្ថានសួគ៌នឹងរង្គោះរង្គើ
27. ពេលនោះពួកគេនឹងឃើញកូនមនុស្សយាងមកនៅលើពពកប្រកបដោយអំណាច និងសិរីរុងរឿងដ៏អស្ចារ្យ។
28. នៅពេលហេតុការណ៍ទាំងនេះចាប់ផ្ដើមកើតឡើង ចូរអ្នករាល់គ្នាក្រោកឈរ ងើយក្បាលរបស់អ្នករាល់គ្នាឡើង ព្រោះសេចក្ដីប្រោសលោះសម្រាប់អ្នករាល់គ្នាជិតមកដល់ហើយ»។