29. «ឱព្រះអម្ចាស់អើយ! សូមដកយកបាវបម្រើរបស់ព្រះអង្គទៅក្នុងសេចក្ដីសុខសាន្ដនៅពេលឥឡូវនេះ តាមព្រះបន្ទូលរបស់ព្រះអង្គចុះ។
30. ដ្បិតភ្នែករបស់ខ្ញុំបានឃើញសេចក្ដីសង្គ្រោះរបស់ព្រះអង្គ
31. ដែលព្រះអង្គបានផ្ដល់ឲ្យនៅចំពោះមុខប្រជាជនទាំងអស់
32. គឺជាពន្លឺសម្រាប់បំភ្លឺសាសន៍ដទៃ និងសិរីរុងរឿងដល់អ៊ីស្រាអែល ដែលជាប្រជារាស្ដ្ររបស់ព្រះអង្គ»។
33. ឪពុកម្ដាយរបស់បុត្រតូចនឹកអស្ចារ្យពីសេចក្ដីទាំងឡាយដែលបានពោលអំពីព្រះអង្គ។
34. លោកស៊ីម្មានបានឲ្យពរពួកគេ និងបាននិយាយទៅនាងម៉ារា ជាម្ដាយថា៖ «មើល៍ កូននេះត្រូវបានកំណត់សម្រាប់ការជំពប់ដួល និងការងើបឡើងរបស់មនុស្សជាច្រើននៅអ៊ីស្រាអែល ហើយជាទីសំគាល់ដែលត្រូវគេប្រឆាំង
35. ឯអ្នកវិញ នឹងមានដាវមួយចាក់ទម្លុះព្រលឹងរបស់អ្នក ដើម្បីឲ្យចិត្ដគំនិតរបស់មនុស្សជាច្រើនបានសំដែងចេញពីខាងក្នុងមក»។
36. មានអ្នកនាំព្រះបន្ទូលស្រីម្នាក់ឈ្មោះអាណ ជាកូនស្រីរបស់លោកផាញូអែលមកពីកុលសម្ព័ន្ធអេស៊ើរ។ ស្ដ្រីម្នាក់នេះមានវ័យចាស់ជរាទៅហើយ ក្រោយពីវ័យក្រមុំរបស់គាត់ គាត់បានរស់នៅជាមួយប្ដីបានប្រាំពីរឆ្នាំ
37. រួចគាត់ក៏នៅមេម៉ាយរហូតដល់អាយុប៉ែតសិបបួនឆ្នាំ គាត់មិនដែលចាកចេញពីព្រះវិហារឡើយ ហើយគាត់បម្រើព្រះជាម្ចាស់ទាំងយប់ទាំងថ្ងៃ ទាំងតមអាហារ និងអធិស្ឋានផង។