លូកា 2:15-23 Khmer Christian Bible (KCB)

15. កាល​ពួក​ទេវតា​បាន​ចាក​ចេញ​ពី​ពួកគេ​ទៅឯ​ស្ថានសួគ៌​វិញ​ ពួក​អ្នក​គង្វាល​ចៀម​ក៏​និយាយ​គ្នា​ថា៖​ «តោះ​យើង​ទៅ​ភូមិ​បេថ្លេហិម​ ហើយ​មើល​ហេតុការណ៍​ដែល​បាន​កើត​ឡើង​នេះ​ ដែល​ព្រះអម្ចាស់​បាន​ប្រាប់​យើង​ឲ្យ​ដឹង»។​

16. ពួកគេ​ក៏​ធ្វើ​ដំណើរ​ទៅ​ជា​ប្រញាប់​ ហើយ​ឃើញ​នាង​ម៉ារា​ លោក​យ៉ូសែប​ ព្រមទាំង​បុត្រ​តូច​ដែល​គេ​កំពុង​ដាក់​ផ្ដេក​ក្នុង​ស្នូក។​

17. កាល​បាន​ឃើញ​ហើយ​ ពួកគេ​ក៏​រៀប​រាប់​ពី​ពាក្យ​ដែល​ទេវតា​បាន​ប្រាប់​ពួកគេ​ឲ្យ​ដឹង​អំពី​បុត្រ​តូច​នេះ​

18. ឯ​មនុស្ស​ទាំង​អស់​ដែល​បាន​ស្ដាប់​ឮ​ ក៏​នឹក​អស្ចារ្យ​ពី​សេចក្ដី​ដែល​ពួក​អ្នក​គង្វាល​ចៀម​បាន​ប្រាប់​ពួកគេ​

19. ប៉ុន្ដែ​នាង​ម៉ារា​បាន​រក្សា​សេចក្ដី​ទាំង​អស់​នេះ​ទុក​ ហើយ​ពិចារណា​នៅ​ក្នុង​ចិត្ដ។​

20. ពួក​អ្នក​គង្វាល​ចៀម​បាន​វិល​ទៅ​វិញ​ ទាំង​ថ្វាយ​សិរី​រុងរឿង​ និង​សរសើរ​តម្កើង​ព្រះជាម្ចាស់​ចំពោះ​ការ​ទាំង​អស់​ដែល​ពួកគេ​បាន​ឮ និង​បាន​ឃើញ​ដូច​ដែល​ទេវតា​បាន​ប្រាប់​ពួកគេ។​

21. លុះ​គ្រប់​ប្រាំបី​ថ្ងៃ​សម្រាប់​ធ្វើ​ពិធី​កាត់​ស្បែក​បុត្រ​តូច​ គេ​បាន​ដាក់​ឈ្មោះ​បុត្រ​តូច​នោះ​ថា​ យេស៊ូ​ ជា​ឈ្មោះ​ដែល​ទេវតា​បាន​ដាក់​ឲ្យ​មុន​ពេល​មាន​កំណើត​ក្នុង​ផ្ទៃ។​

22. ដល់​ពេល​ត្រូវ​ធ្វើ​ពិធី​ជម្រះ​កាយ​ទៅ​តាម​ក្រឹត្យ​វិន័យ​របស់​លោក​ម៉ូសេ​ ពួកគេ​ក៏​នាំ​យក​បុត្រ​តូច​ទៅ​ក្រុង​យេរូសាឡិម​ដើម្បី​ថ្វាយ​ដល់​ព្រះជាម្ចាស់​

23. គឺ​ដូច​ដែល​មាន​សេចក្ដី​ចែង​ទុក​ក្នុង​គម្ពីរ​វិន័យ​របស់​ព្រះអម្ចាស់​ថា​ គ្រប់​កូន​ប្រុស​ដែល​កើត​ពី​ផ្ទៃ​មុន​ដំបូង​នឹង​ត្រូវ​រាប់​ជា​បរិសុទ្ធ​សម្រាប់​ព្រះអម្ចាស់​

លូកា 2