14. «សូមឲ្យព្រះជាម្ចាស់នៅស្ថានដ៏ខ្ពស់បំផុតប្រកបដោយសិរីរុងរឿង ហើយក្ដីសុខសាន្ដមានដល់អស់អ្នកនៅលើផែនដីដែលព្រះអង្គគាប់ព្រះហឫទ័យ»។
15. កាលពួកទេវតាបានចាកចេញពីពួកគេទៅឯស្ថានសួគ៌វិញ ពួកអ្នកគង្វាលចៀមក៏និយាយគ្នាថា៖ «តោះយើងទៅភូមិបេថ្លេហិម ហើយមើលហេតុការណ៍ដែលបានកើតឡើងនេះ ដែលព្រះអម្ចាស់បានប្រាប់យើងឲ្យដឹង»។
16. ពួកគេក៏ធ្វើដំណើរទៅជាប្រញាប់ ហើយឃើញនាងម៉ារា លោកយ៉ូសែប ព្រមទាំងបុត្រតូចដែលគេកំពុងដាក់ផ្ដេកក្នុងស្នូក។
17. កាលបានឃើញហើយ ពួកគេក៏រៀបរាប់ពីពាក្យដែលទេវតាបានប្រាប់ពួកគេឲ្យដឹងអំពីបុត្រតូចនេះ
18. ឯមនុស្សទាំងអស់ដែលបានស្ដាប់ឮ ក៏នឹកអស្ចារ្យពីសេចក្ដីដែលពួកអ្នកគង្វាលចៀមបានប្រាប់ពួកគេ
19. ប៉ុន្ដែនាងម៉ារាបានរក្សាសេចក្ដីទាំងអស់នេះទុក ហើយពិចារណានៅក្នុងចិត្ដ។
20. ពួកអ្នកគង្វាលចៀមបានវិលទៅវិញ ទាំងថ្វាយសិរីរុងរឿង និងសរសើរតម្កើងព្រះជាម្ចាស់ចំពោះការទាំងអស់ដែលពួកគេបានឮ និងបានឃើញដូចដែលទេវតាបានប្រាប់ពួកគេ។
21. លុះគ្រប់ប្រាំបីថ្ងៃសម្រាប់ធ្វើពិធីកាត់ស្បែកបុត្រតូច គេបានដាក់ឈ្មោះបុត្រតូចនោះថា យេស៊ូ ជាឈ្មោះដែលទេវតាបានដាក់ឲ្យមុនពេលមានកំណើតក្នុងផ្ទៃ។
22. ដល់ពេលត្រូវធ្វើពិធីជម្រះកាយទៅតាមក្រឹត្យវិន័យរបស់លោកម៉ូសេ ពួកគេក៏នាំយកបុត្រតូចទៅក្រុងយេរូសាឡិមដើម្បីថ្វាយដល់ព្រះជាម្ចាស់
23. គឺដូចដែលមានសេចក្ដីចែងទុកក្នុងគម្ពីរវិន័យរបស់ព្រះអម្ចាស់ថា គ្រប់កូនប្រុសដែលកើតពីផ្ទៃមុនដំបូងនឹងត្រូវរាប់ជាបរិសុទ្ធសម្រាប់ព្រះអម្ចាស់
24. ហើយតាមសេចក្ដីដែលបានចែងទុកក្នុងគម្ពីរវិន័យរបស់ព្រះអម្ចាស់ គឺត្រូវថ្វាយលលកមួយគូ ឬព្រាបជំទើរពីរជាយញ្ញបូជា។
25. មើល៍ នៅក្រុងយេរូសាឡិមមានបុរសម្នាក់ឈ្មោះស៊ីម្មាន ជាមនុស្សសុចរិត ហើយជាអ្នកគោរពកោតខ្លាចព្រះជាម្ចាស់ គាត់កំពុងរង់ចាំការសម្រាលទុក្ខសម្រាប់អ៊ីស្រាអែល ហើយព្រះវិញ្ញាណបរិសុទ្ធបានសណ្ឋិតលើគាត់។