5. ប៉ុន្ដែដោយព្រោះស្ដ្រីមេម៉ាយនេះចេះតែមករំខានខ្ញុំ ខ្ញុំនឹងរកយុត្ដិធម៌ឲ្យនាងម្ដងចុះ បើមិនដូច្នោះទេ ខ្ញុំមុខជាធុញទ្រាន់នឹងការដែលនាងចេះតែមកមិនខាន»។
6. ព្រះអម្ចាស់ក៏មានបន្ទូលទៀតថា៖ «ចូរស្ដាប់អ្វីដែលចៅក្រមទុច្ចរិតនេះនិយាយចុះ
7. ដូច្នេះតើព្រះជាម្ចាស់មិនរកយុត្ដិធម៌ទាល់តែសោះឲ្យពួកអ្នកព្រះអង្គជ្រើសតាំង ដែលអំពាវនាវទៅព្រះអង្គទាំងយប់ទាំងថ្ងៃទេឬ? តើព្រះអង្គពន្យាពេលជាមួយពួកគេឬ?
8. ខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះអង្គមុខជារកយុត្ដិធម៌សម្រាប់ពួកគេដោយរួសរាន់ ប៉ុន្ដែកាលណាកូនមនុស្សមកដល់ តើលោកនឹងឃើញជំនឿនៅលើផែនដីឬទេ?»
9. ព្រះអង្គក៏មានបន្ទូលជារឿងប្រៀបប្រដូចមួយទៀតនេះទៅអ្នកខ្លះដែលគិតថា ខ្លួនឯងសុចរិត ហើយមើលងាយអ្នកដទៃថា៖
10. «មានបុរសពីរនាក់បានឡើងទៅព្រះវិហារដើម្បីអធិស្ឋាន ម្នាក់ជាអ្នកខាងគណៈផារិស៊ី ឯម្នាក់ទៀតជាអ្នកទារពន្ធដារ។
11. អ្នកខាងគណៈផារិស៊ីបានឈរអធិស្ឋានសម្រាប់ខ្លួនឯងយ៉ាងដូច្នេះថា ឱ ព្រះជាម្ចាស់អើយ! ខ្ញុំអរព្រះគុណព្រះអង្គដែលខ្ញុំមិនដូចជាមនុស្សដទៃទៀតដែលជាមនុស្សបោកប្រាស់ ទុច្ចរិត និងផិតក្បត់ ហើយក៏មិនដូចជាអ្នកទារពន្ធដារនេះដែរ។
12. ខ្ញុំបានតមអាហារពីរដងក្នុងមួយសប្ដាហ៍ ខ្ញុំថ្វាយមួយភាគដប់គ្រប់របស់ទាំងឡាយដែលខ្ញុំរកបាន។
13. ឯអ្នកទារពន្ធដារវិញបានឈរពីចម្ងាយ សូម្បីតែភ្នែកក៏មិនហ៊ានងើយទៅឯស្ថានសួគ៌ដែរ គាត់និយាយទាំងគក់ទ្រូងថា ព្រះជាម្ចាស់អើយ! សូមមេត្ដាដល់ខ្ញុំដែលជាមនុស្សបាបផង។
14. ខ្ញុំប្រាប់អ្នករាល់គ្នាថា ពេលម្នាក់នេះទៅដល់ផ្ទះវិញ គាត់ត្រូវបានរាប់ជាសុចរិតនៅចំពោះព្រះជាម្ចាស់ មិនមែនអ្នកខាងគណៈផារិស៊ីម្នាក់នោះទេ ដ្បិតអ្នកណាលើកតម្កើងខ្លួននឹងត្រូវបន្ទាបចុះ ឯអ្នកណាបន្ទាបខ្លួននឹងត្រូវលើកតម្កើងវិញ»។
15. ពួកគេនាំក្មេងៗមកឯព្រះអង្គដែរ ដើម្បីឲ្យព្រះអង្គពាល់ពួកវា ប៉ុន្ដែពេលឃើញដូច្នេះ ពួកសិស្សក៏ស្ដីបន្ទោសអ្នកទាំងនោះ
16. ប៉ុន្ដែព្រះយេស៊ូហៅពួកគេដោយមានបន្ទូលថា៖ «កុំឃាត់ពួកគេអី! ចូរឲ្យក្មេងៗទាំងនេះមកឯខ្ញុំចុះ ដ្បិតនគរស្ថានសួគ៌ជារបស់មនុស្សដូចក្មេងតូចៗទាំងនេះ
17. ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលមិនទទួលនគរព្រះជាម្ចាស់ដូចជាកូនក្មេង អ្នកនោះមិនអាចចូលទៅក្នុងនគរព្រះជាម្ចាស់បានឡើយ»។
18. មានអ្នកគ្រប់គ្រងម្នាក់បានសួរព្រះអង្គថា៖ «លោកគ្រូល្អអើយ! តើខ្ញុំត្រូវធ្វើដូចម្ដេច ដើម្បីទទួលបានជីវិតអស់កល្បជានិច្ចទុកជាមរតក?»
19. ព្រះយេស៊ូក៏មានបន្ទូលទៅគាត់ថា៖ «ហេតុអ្វីអ្នកហៅខ្ញុំថាល្អដូច្នេះ? គ្មាននរណាម្នាក់ល្អទេ លើកលែងតែព្រះជាម្ចាស់មួយអង្គគត់។
20. អ្នកស្គាល់បញ្ញត្ដិហើយថា កុំផិតក្បត់ កុំសម្លាប់មនុស្ស កុំលួច កុំធ្វើជាសាក្សីក្លែងក្លាយ ហើយចូរគោរពឪពុកម្ដាយរបស់អ្នក»