លូកា 18:28-43 Khmer Christian Bible (KCB)

28. លោក​ពេត្រុស​បាន​ទូល​ថា៖​ «មើល៍​ យើង​បាន​លះបង់​ទ្រព្យ​សម្បត្ដិ​របស់​យើង​ ហើយ​ដើរ​តាម​លោក»​

29. ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ គ្មាន​អ្នកណា​ដែល​លះបង់​ផ្ទះ​សំបែង​ ប្រពន្ធ​កូន​ ឪពុក​ម្ដាយ​ បងប្អូន​ព្រោះ​យល់​ដល់​នគរ​ព្រះជាម្ចាស់​

30. មិន​បាន​ទទួល​ច្រើន​លើសលប់​នៅ​ពេល​នេះ​ទេ​ ហើយ​នៅ​គ្រា​មក​ដល់​ នឹង​ទទួល​បាន​ជីវិត​អស់កល្ប​ជានិច្ច​ទៀត​ផង»។​

31. កាល​ព្រះអង្គ​នាំ​សាវក​ទាំង​ដប់​ពីរ​ទៅ​ជាមួយ​ ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «មើល៍​ យើង​កំពុង​ឡើង​ទៅ​ក្រុង​យេរូសាឡិម​ ហើយ​គ្រប់​សេចក្ដី​ដែល​ពួក​អ្នក​នាំ​ព្រះបន្ទូល​បាន​ចែង​ទុក​អំពី​កូន​មនុស្ស​នឹង​បាន​សម្រេច។​

32. ដ្បិត​ពួកគេ​នឹង​ប្រគល់​លោក​ឲ្យ​ពួក​សាសន៍​ដទៃ​ដើម្បី​ឲ្យ​ពួកគេ​ចំអក​ ធ្វើ​បាប​ ស្ដោះ​ទឹក​មាត់​ដាក់​

33. វាយ​នឹង​ខ្សែ​តី​ ហើយ​សម្លាប់​ ប៉ុន្ដែ​នៅ​ថ្ងៃ​ទី​បី​លោក​នឹង​រស់​ឡើង​វិញ»។​

34. ប៉ុន្ដែ​ពួកគេ​មិន​យល់​សេចក្ដី​ទាំង​នេះ​ឡើយ​ ដ្បិត​ព្រះបន្ទូល​នេះ​ត្រូវ​បាន​លាក់​បាំង​ពី​ពួកគេ​ ហើយ​ពួកគេ​មិន​យល់​ពី​សេចក្ដី​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​ទេ។​

35. កាល​ព្រះអង្គ​យាង​ជិត​ដល់​ក្រុង​យេរីខូរ​ នោះ​មាន​មនុស្ស​ខ្វាក់​ម្នាក់​កំពុង​អង្គុយ​សុំ​ទាន​នៅ​ចិញ្ចើម​ផ្លូវ​

36. ពេល​ឮ​បណ្ដាជន​កំពុង​ធ្វើ​ដំណើរ​ឆ្លងកាត់​នោះ​ គាត់​ក៏​សួរ​អំពី​អ្វី​ដែល​កើត​ឡើង​នេះ​

37. ពួកគេ​ប្រាប់​គាត់​ថា៖​ «ព្រះយេស៊ូ​អ្នក​ក្រុង​ណាសារ៉ែត​យាង​កាត់​នេះ»​

38. គាត់​ក៏​ស្រែក​ថា៖​ «ព្រះយេស៊ូ​ជា​ពូជពង្ស​ដាវីឌ​អើយ!​ សូម​មេត្ដា​ខ្ញុំ​ផង»​

39. ពួក​អ្នក​ដើរ​នៅ​ខាង​មុខ​បាន​បន្ទោស​គាត់​ឲ្យ​នៅ​ស្ងៀម​ ប៉ុន្ដែ​គាត់​ស្រែក​ថែម​ទៀត​ថា៖​ «ពូជពង្ស​ដាវីឌ​អើយ​ សូម​មេត្ដា​ដល់​ខ្ញុំ​ផង!»។​

40. ព្រះយេស៊ូ​ក៏​ឈប់​ ហើយ​បង្គាប់​ឲ្យ​គេ​នាំ​មនុស្ស​ខ្វាក់​នោះ​មក​ឯ​ព្រះអង្គ​ ពេល​គេ​នាំ​គាត់​មក​ជិត​ ព្រះអង្គ​ក៏​សួរ​គាត់​ថា៖​

41. «តើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក?»​ គាត់​ទូល​វិញ​ថា៖​ «ព្រះអម្ចាស់​អើយ!​ សូម​ធ្វើ​ឲ្យ​ភ្នែក​ខ្ញុំ​មើល​ឃើញ​ផង!»​

42. ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ចូរ​មើល​ឃើញ​វិញ​ចុះ​ ជំនឿ​របស់​អ្នក​បាន​ធ្វើ​ឲ្យ​អ្នក​ជា​សះស្បើយ​ហើយ»។​

43. ភ្លាម​នោះ​ គាត់​ក៏​មើល​ឃើញ​ ហើយ​ដើរ​តាម​ព្រះអង្គ​ទាំង​សរសើរ​តម្កើង​ព្រះជាម្ចាស់​ ឯ​មនុស្ស​ទាំង​អស់​ដែល​បាន​ឃើញ​ ក៏​ថ្វាយ​ការ​សរសើរ​ដល់​ព្រះជាម្ចាស់។​

លូកា 18