លូកា 18:21-30 Khmer Christian Bible (KCB)

21. ប៉ុន្ដែ​គាត់​ទូល​ព្រះអង្គ​ថា៖​ «ខ្ញុំ​បាន​ធ្វើ​តាម​បញ្ញត្ដិ​ទាំង​អស់​នេះ​តាំង​ពី​ខ្ញុំ​នៅ​វ័យ​ជំទង់​ម៉្លេះ»​

22. ពេល​ឮ​ដូច្នេះ​ ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «អ្នក​នៅ​ខ្វះ​សេចក្ដី​មួយ​ ចូរ​ទៅ​លក់​ទ្រព្យសម្បត្ដិ​ទាំង​អស់​ដែល​អ្នក​មាន ចែក​ឲ្យ​អ្នក​ក្រ​ចុះ​ នោះ​អ្នក​នឹង​មាន​ទ្រព្យ​សម្បត្ដិ​នៅ​ស្ថានសួគ៌​ រួច​ចូរ​មក​តាម​ខ្ញុំ​ចុះ»​

23. ពេល​បាន​ឮ​សេចក្ដី​ទាំង​នេះ​ គាត់​ប្រែ​ជា​ព្រួយ​ចិត្ដ​ណាស់​ ព្រោះ​គាត់​មាន​ទ្រព្យ​សម្បត្ដិ​ច្រើន។​

24. កាល​ព្រះយេស៊ូ​ឃើញ​គាត់​ប្រែ​ជា​ព្រួយ​ចិត្ដ​ដូច្នេះ​ ក៏​មាន​បន្ទូល​ថា៖​ «អ្នក​មាន​ពិបាក​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះជាម្ចាស់​ណាស់​

25. ដ្បិត​សត្វ​អូដ្ឋ​ចូល​តាម​ប្រហោង​ម្ជុល​ នោះ​ងាយ​ជាង​អ្នក​មាន​ចូល​ក្នុង​នគរ​ព្រះជាម្ចាស់​ទៅ​ទៀត»​

26. ពួក​អ្នក​ដែល​ឮ​ក៏​ទូល​សួរ​ថា៖​ «បើ​ដូច្នោះ​ តើ​នរណា​អាច​ទទួល​សេចក្ដី​សង្គ្រោះ​បាន?»​

27. ព្រះអង្គ​ក៏​មាន​បន្ទូល​ថា៖​ «អ្វីៗ​ដែល​មនុស្ស​មិន​អាច​ធ្វើ​បាន​ ព្រះជាម្ចាស់​អាច​ធ្វើ​បាន»។​

28. លោក​ពេត្រុស​បាន​ទូល​ថា៖​ «មើល៍​ យើង​បាន​លះបង់​ទ្រព្យ​សម្បត្ដិ​របស់​យើង​ ហើយ​ដើរ​តាម​លោក»​

29. ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ គ្មាន​អ្នកណា​ដែល​លះបង់​ផ្ទះ​សំបែង​ ប្រពន្ធ​កូន​ ឪពុក​ម្ដាយ​ បងប្អូន​ព្រោះ​យល់​ដល់​នគរ​ព្រះជាម្ចាស់​

30. មិន​បាន​ទទួល​ច្រើន​លើសលប់​នៅ​ពេល​នេះ​ទេ​ ហើយ​នៅ​គ្រា​មក​ដល់​ នឹង​ទទួល​បាន​ជីវិត​អស់កល្ប​ជានិច្ច​ទៀត​ផង»។​

លូកា 18