15. ពួកគេនាំក្មេងៗមកឯព្រះអង្គដែរ ដើម្បីឲ្យព្រះអង្គពាល់ពួកវា ប៉ុន្ដែពេលឃើញដូច្នេះ ពួកសិស្សក៏ស្ដីបន្ទោសអ្នកទាំងនោះ
16. ប៉ុន្ដែព្រះយេស៊ូហៅពួកគេដោយមានបន្ទូលថា៖ «កុំឃាត់ពួកគេអី! ចូរឲ្យក្មេងៗទាំងនេះមកឯខ្ញុំចុះ ដ្បិតនគរស្ថានសួគ៌ជារបស់មនុស្សដូចក្មេងតូចៗទាំងនេះ
17. ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលមិនទទួលនគរព្រះជាម្ចាស់ដូចជាកូនក្មេង អ្នកនោះមិនអាចចូលទៅក្នុងនគរព្រះជាម្ចាស់បានឡើយ»។
18. មានអ្នកគ្រប់គ្រងម្នាក់បានសួរព្រះអង្គថា៖ «លោកគ្រូល្អអើយ! តើខ្ញុំត្រូវធ្វើដូចម្ដេច ដើម្បីទទួលបានជីវិតអស់កល្បជានិច្ចទុកជាមរតក?»
19. ព្រះយេស៊ូក៏មានបន្ទូលទៅគាត់ថា៖ «ហេតុអ្វីអ្នកហៅខ្ញុំថាល្អដូច្នេះ? គ្មាននរណាម្នាក់ល្អទេ លើកលែងតែព្រះជាម្ចាស់មួយអង្គគត់។
20. អ្នកស្គាល់បញ្ញត្ដិហើយថា កុំផិតក្បត់ កុំសម្លាប់មនុស្ស កុំលួច កុំធ្វើជាសាក្សីក្លែងក្លាយ ហើយចូរគោរពឪពុកម្ដាយរបស់អ្នក»
21. ប៉ុន្ដែគាត់ទូលព្រះអង្គថា៖ «ខ្ញុំបានធ្វើតាមបញ្ញត្ដិទាំងអស់នេះតាំងពីខ្ញុំនៅវ័យជំទង់ម៉្លេះ»
22. ពេលឮដូច្នេះ ព្រះយេស៊ូក៏មានបន្ទូលទៅគាត់ថា៖ «អ្នកនៅខ្វះសេចក្ដីមួយ ចូរទៅលក់ទ្រព្យសម្បត្ដិទាំងអស់ដែលអ្នកមាន ចែកឲ្យអ្នកក្រចុះ នោះអ្នកនឹងមានទ្រព្យសម្បត្ដិនៅស្ថានសួគ៌ រួចចូរមកតាមខ្ញុំចុះ»
23. ពេលបានឮសេចក្ដីទាំងនេះ គាត់ប្រែជាព្រួយចិត្ដណាស់ ព្រោះគាត់មានទ្រព្យសម្បត្ដិច្រើន។
24. កាលព្រះយេស៊ូឃើញគាត់ប្រែជាព្រួយចិត្ដដូច្នេះ ក៏មានបន្ទូលថា៖ «អ្នកមានពិបាកនឹងចូលទៅក្នុងនគរព្រះជាម្ចាស់ណាស់
25. ដ្បិតសត្វអូដ្ឋចូលតាមប្រហោងម្ជុល នោះងាយជាងអ្នកមានចូលក្នុងនគរព្រះជាម្ចាស់ទៅទៀត»
26. ពួកអ្នកដែលឮក៏ទូលសួរថា៖ «បើដូច្នោះ តើនរណាអាចទទួលសេចក្ដីសង្គ្រោះបាន?»