20. មានបុរសក្រីក្រម្នាក់ឈ្មោះឡាសារ គាត់កើតដំបៅពេញខ្លួន គេបានផ្ដេកគាត់នៅមាត់ទ្វាររបស់អ្នកមាននោះ។
21. គាត់ចង់ចំអែតពោះដោយកម្ទេចអាហារ ដែលធ្លាក់ពីលើតុរបស់អ្នកមាននោះ ហើយសូម្បីតែឆ្កែក៏មកលិទ្ធដំបៅរបស់គាត់ដែរ។
22. ក្រោយមកទៀត បុរសក្រីក្រនោះបានស្លាប់ទៅ ហើយពួកទេវតាបាននាំយកគាត់ទៅឯដើមទ្រូងលោកអ័ប្រាហាំ ឯអ្នកមាននោះក៏ស្លាប់ដែរ ហើយគេបានបញ្ចុះគាត់
23. ហើយពេលកំពុងរងទារុណកម្មនៅស្ថាននរក អ្នកមានងើយភ្នែកឡើងឃើញលោកអ័ប្រាហាំពីចម្ងាយ ព្រមទាំងឡាសារនៅដើមទ្រូងលោក
24. គាត់ក៏ស្រែកហៅថា លោកឪពុកអ័ប្រាហាំអើយ! សូមមេត្ដាដល់ខ្ញុំផង គឺសូមឲ្យឡាសារជ្រលក់ចុងម្រាមដៃរបស់គាត់ក្នុងទឹក ហើយបន្ដក់លើអណ្ដាតរបស់ខ្ញុំដើម្បីឲ្យខ្ញុំបានត្រជាក់ផង ព្រោះខ្ញុំកំពុងរងទុក្ខវេទនាក្នុងភ្លើងនេះ។
25. លោកអ័ប្រាហាំក៏ប្រាប់គាត់វិញថា កូនអើយ! ចូរចាំថា កូនបានទទួលរបស់ល្អៗរួចហើយកាលកូននៅមានជីវិត ឯឡាសារវិញអភ័ព្វណាស់ ប៉ុន្ដែឥឡូវនេះ គាត់ត្រូវទទួលសេចក្ដីក្សេមក្សាន្ដនៅទីនេះ ឯកូនវិញ ត្រូវរងទុក្ខវេទនា។
26. លើសពីបញ្ហាទាំងអស់នេះទៀត គឺមានជង្ហុកយ៉ាងធំមួយខណ្ឌផ្ដាច់រវាងយើង និងអ្នករាល់គ្នា ដូច្នេះពួកអ្នកដែលចង់ឆ្លងពីទីនេះទៅឯអ្នករាល់គ្នាមិនអាចឆ្លងបានឡើយ ឬពីទីនោះមកឯយើងក៏មិនបានដែរ។
27. អ្នកមានក៏និយាយទៀតថា ដូច្នេះខ្ញុំសូមអង្វរ លោកឪពុកអើយ! សូមលោកចាត់ឡាសារឲ្យទៅឯគ្រួសារឪពុករបស់ខ្ញុំផង
28. ដ្បិតខ្ញុំមានបងប្អូនប្រាំនាក់ទៀត ដើម្បីឲ្យគាត់ធ្វើបន្ទាល់ប្រាប់ពួកគេ ក្រែងលោពួកគេមកកន្លែងរងទារុណកម្មនេះដែរ។
29. ប៉ុន្ដែលោកអ័ប្រាហាំប្រាប់ថា ពួកគេមានលោកម៉ូសេ និងពួកអ្នកនាំព្រះបន្ទូលហើយ ចូរឲ្យពួកគេស្ដាប់អ្នកទាំងនោះចុះ។