លូកា 16:17-31 Khmer Christian Bible (KCB)

17. ផ្ទៃ​មេឃ​ និង​ផែនដី​ងាយ​វិនាស​ទៅ​ជាង​ការ​ដែល​សញ្ញា​បន្ដក់​ណា​មួយ​នៅ​ក្នុង​គម្ពីរ​វិន័យ​ត្រលប់​ជា​ឥត​បាន​ការ​ទៅ​ទៀត។​

18. អ្នកណា​ដែល​លែង​ប្រពន្ធ​របស់​ខ្លួន​ ហើយ​រៀបការ​នឹង​ស្ដ្រី​ម្នាក់​ទៀត​ នោះ​ផិត​ក្បត់​ហើយ​ ឯ​បុរស​ណា​ដែល​រៀបការ​នឹង​ស្ត្រី​ប្ដី​លែង​ នោះ​ក៏​ផិត​ក្បត់​ដែរ។​

19. មាន​បុរស​ម្នាក់​ជា​អ្នក​មាន​ គាត់​ស្លៀក​ពាក់​សំពត់​ពណ៌​ស្វាយ​ និង​ក្រណាត់​ទេស​ឯក​ប្រណិត​ ហើយ​រស់​នៅ​សប្បាយ​រីករាយ​យ៉ាង​រុងរឿង​ជា​រៀង​រាល់​ថ្ងៃ។​

20. មាន​បុរស​ក្រី​ក្រ​ម្នាក់​ឈ្មោះ​ឡាសារ​ គាត់​កើត​ដំបៅ​ពេញ​ខ្លួន​ គេ​បាន​ផ្ដេក​គាត់​នៅ​មាត់​ទ្វារ​របស់​អ្នក​មាន​នោះ។​

21. គាត់​ចង់​ចំអែត​ពោះ​ដោយ​កម្ទេច​អាហារ​ ដែល​ធ្លាក់​ពី​លើ​តុ​របស់​អ្នក​មាន​នោះ​ ហើយ​សូម្បីតែ​ឆ្កែ​ក៏​មក​លិទ្ធ​ដំបៅ​របស់​គាត់​ដែរ។​

22. ក្រោយ​មក​ទៀត​ បុរស​ក្រីក្រ​នោះ​បាន​ស្លាប់​ទៅ​ ហើយ​ពួក​ទេវតា​បាន​នាំ​យក​គាត់​ទៅ​ឯ​ដើម​ទ្រូង​លោក​អ័ប្រាហាំ​ ឯ​អ្នក​មាន​នោះ​ក៏​ស្លាប់​ដែរ​ ហើយ​គេ​បាន​បញ្ចុះ​គាត់​

23. ហើយ​ពេល​កំពុង​រង​ទារុណ​កម្ម​នៅ​ស្ថាននរក​ អ្នក​មាន​ងើយ​ភ្នែក​ឡើង​ឃើញ​លោក​អ័ប្រាហាំ​ពី​ចម្ងាយ​ ព្រមទាំង​ឡាសារ​នៅ​ដើម​ទ្រូង​លោក​

24. គាត់​ក៏​ស្រែក​ហៅ​ថា​ លោក​ឪពុក​អ័ប្រាហាំ​អើយ! សូម​មេត្ដា​ដល់​ខ្ញុំ​ផង​ គឺ​សូម​ឲ្យ​ឡាសារ​ជ្រលក់​ចុង​ម្រាមដៃ​របស់​គាត់​ក្នុង​ទឹក ហើយ​បន្ដក់​លើ​អណ្ដាត​របស់​ខ្ញុំ​ដើម្បី​ឲ្យ​ខ្ញុំ​បាន​ត្រជាក់​ផង​ ព្រោះ​ខ្ញុំ​កំពុង​រង​ទុក្ខ​វេទនា​ក្នុង​ភ្លើង​នេះ។​

25. លោក​អ័ប្រាហាំ​ក៏​ប្រាប់​គាត់​វិញ​ថា​ កូន​អើយ!​ ចូរ​ចាំ​ថា​ កូន​បាន​ទទួល​របស់​ល្អៗ​រួច​ហើយ​កាល​កូន​នៅ​មាន​ជីវិត​ ឯ​ឡាសារ​វិញ​អភ័ព្វ​ណាស់​ ប៉ុន្ដែ​ឥឡូវ​នេះ​ គាត់​ត្រូវ​ទទួល​សេចក្ដី​ក្សេម​ក្សាន្ដ​នៅ​ទីនេះ​ ឯ​កូន​វិញ​ ត្រូវ​រងទុក្ខ​វេទនា។​

26. លើស​ពី​បញ្ហា​ទាំង​អស់​នេះ​ទៀត​ គឺ​មាន​ជង្ហុក​យ៉ាង​ធំ​មួយ​ខណ្ឌ​ផ្ដាច់​រវាង​យើង​ និង​អ្នក​រាល់គ្នា​ ដូច្នេះ​ពួក​អ្នក​ដែល​ចង់​ឆ្លង​ពី​ទីនេះ​ទៅ​ឯ​អ្នក​រាល់គ្នា​មិន​អាច​ឆ្លង​បាន​ឡើយ​ ឬ​ពី​ទីនោះ​មក​ឯ​យើង​ក៏​មិន​បាន​ដែរ។​

27. អ្នក​មាន​ក៏​និយាយ​ទៀត​ថា​ ដូច្នេះ​ខ្ញុំ​សូម​អង្វរ​ លោក​ឪពុក​អើយ!​ សូម​លោក​ចាត់​ឡាសារ​ឲ្យ​ទៅ​ឯ​គ្រួសារ​ឪពុក​របស់​ខ្ញុំ​ផង​

28. ដ្បិត​ខ្ញុំ​មាន​បងប្អូន​ប្រាំ​នាក់​ទៀត​ ដើម្បី​ឲ្យ​គាត់​ធ្វើ​បន្ទាល់​ប្រាប់​ពួកគេ​ ក្រែងលោ​ពួកគេ​មក​កន្លែង​រង​ទារុណ​កម្ម​នេះ​ដែរ។​

29. ប៉ុន្ដែ​លោក​អ័ប្រាហាំ​ប្រាប់​ថា​ ពួកគេ​មាន​លោក​ម៉ូសេ​ និង​ពួក​អ្នក​នាំ​ព្រះបន្ទូល​ហើយ​ ចូរ​ឲ្យ​ពួកគេ​ស្ដាប់​អ្នក​ទាំង​នោះ​ចុះ។​

30. គាត់​ក៏​តប​វិញ​ថា​ ទេ​ លោក​ឪពុក​អ័ប្រាហាំ​អើយ!​ ​បើ​មាន​អ្នកណា​ម្នាក់​រស់​ពី​ស្លាប់​ទៅ​ឯ​ពួកគេ​ នោះ​ពួកគេ​មុខ​ជា​ប្រែ​ចិត្ដ​មិន​ខាន។​

31. ប៉ុន្ដែ​លោក​អ័ប្រាហាំ​ប្រាប់​វិញ​ថា​ ប្រសិន​បើ​ពួកគេ​មិន​ស្ដាប់​ម៉ូសេ​ និង​ពួក​អ្នក​នាំ​ព្រះបន្ទូល​ផង​ នោះ​ទោះ​បី​មាន​អ្នកណា​ម្នាក់​រស់​ពី​ស្លាប់​ឡើង​វិញ​ក៏​ដោយ​ ក៏​ពួកគេ​មិន​ជឿ​ដែរ»។​

លូកា 16