លូកា 16:10-21 Khmer Christian Bible (KCB)

10. អ្នកណា​ដែល​ស្មោះត្រង់​ក្នុង​ការ​តូច​ នោះ​ក៏​ស្មោះត្រង់​ក្នុង​ការ​ធំ​ដែរ​ ហើយ​អ្នកណា​ដែល​ទុច្ចរិត​ក្នុង​ការ​តូច​ នោះ​ក៏​ទុច្ចរិត​ក្នុង​ការ​ធំ​ដែរ។​

11. ដូច្នេះ​បើ​អ្នក​រាល់គ្នា​មិន​ស្មោះ​ត្រង់​ជាមួយ​នឹង​ទ្រព្យ​សម្បត្ដិ​លោកិយ​ផង​ តើ​អ្នកណា​នឹង​ទុក​ចិត្ដ​អ្នក​រាល់គ្នា​ជាមួយ​ទ្រព្យ​សម្បត្ដិ​ពិត​ប្រាកដ?​

12. ហើយ​ប្រសិន​បើ​អ្នក​រាល់គ្នា​មិន​ស្មោះត្រង់​ជាមួយ​របស់​ទ្រព្យ​អ្នក​ដទៃ​ផង​ តើ​អ្នកណា​នឹង​ឲ្យ​របស់​ទ្រព្យ​ដែល​ត្រៀម​ទុក​សម្រាប់​អ្នក​រាល់គ្នា​ទៅ​អ្នក​រាល់គ្នា​បាន?​

13. គ្មាន​បាវបម្រើ​ណា​អាច​បម្រើ​ចៅហ្វាយ​ពីរ​នាក់​បាន​ទេ​ ដ្បិត​បាវបម្រើ​នោះ​នឹង​ស្អប់​មួយ​ ស្រឡាញ់​មួយ​ ឬ​ក៏​ស្មោះ​ត្រង់​នឹង​មួយ​ ហើយ​មើល​ងាយ​មួយ​ទៀត​ ឯ​អ្នក​រាល់​គ្នា​វិញ​ មិន​អាច​បម្រើ​ព្រះជាម្ចាស់​ផង​ បម្រើ​ទ្រព្យ​សម្បត្ដិ​ផង​បាន​ទេ»។​

14. កាល​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ដែល​ស្រឡាញ់​លុយ​បាន​ឮ​សេចក្ដី​ទាំង​អស់​នេះ​ ក៏​ចំអក​ឲ្យ​ព្រះអង្គ​

15. ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «អ្នក​រាល់គ្នា​ជា​ពួក​អ្នក​ដែល​រាប់​ខ្លួន​ឯង​ថា​សុចរិត​នៅ​ចំពោះ​មុខ​មនុស្ស​ តែ​ព្រះជាម្ចាស់​ជ្រាប​ពី​ចិត្ដ​អ្នក​រាល់គ្នា ដ្បិត​អ្វី​ដែល​ជា​ទី​រាប់​អាន​បំផុត​នៅ​ក្នុង​ចំណោម​មនុស្ស​ គឺ​ជា​ទី​ស្អប់ខ្ពើម​បំផុត​នៅ​មុខ​ព្រះជាម្ចាស់។​

16. ដ្បិត​គម្ពីរ​វិន័យ​ និង​អ្នក​នាំ​ព្រះបន្ទូល​ទាំង​អស់​បាន​ថ្លែង​ទុក​អំពី​ការ​នេះ​រហូត​ដល់​ជំនាន់​លោក​យ៉ូហាន​ ប៉ុន្ដែ​ចាប់ពី​នោះ​មក​ គេ​ប្រកាស​អំពី​នគរ​ព្រះជាម្ចាស់​វិញ​ ហើយ​មនុស្ស​គ្រប់គ្នា​កំពុង​ខំ​ប្រឹង​ចូល​ទៅ​ក្នុង​នគរ​នោះ។​

17. ផ្ទៃ​មេឃ​ និង​ផែនដី​ងាយ​វិនាស​ទៅ​ជាង​ការ​ដែល​សញ្ញា​បន្ដក់​ណា​មួយ​នៅ​ក្នុង​គម្ពីរ​វិន័យ​ត្រលប់​ជា​ឥត​បាន​ការ​ទៅ​ទៀត។​

18. អ្នកណា​ដែល​លែង​ប្រពន្ធ​របស់​ខ្លួន​ ហើយ​រៀបការ​នឹង​ស្ដ្រី​ម្នាក់​ទៀត​ នោះ​ផិត​ក្បត់​ហើយ​ ឯ​បុរស​ណា​ដែល​រៀបការ​នឹង​ស្ត្រី​ប្ដី​លែង​ នោះ​ក៏​ផិត​ក្បត់​ដែរ។​

19. មាន​បុរស​ម្នាក់​ជា​អ្នក​មាន​ គាត់​ស្លៀក​ពាក់​សំពត់​ពណ៌​ស្វាយ​ និង​ក្រណាត់​ទេស​ឯក​ប្រណិត​ ហើយ​រស់​នៅ​សប្បាយ​រីករាយ​យ៉ាង​រុងរឿង​ជា​រៀង​រាល់​ថ្ងៃ។​

20. មាន​បុរស​ក្រី​ក្រ​ម្នាក់​ឈ្មោះ​ឡាសារ​ គាត់​កើត​ដំបៅ​ពេញ​ខ្លួន​ គេ​បាន​ផ្ដេក​គាត់​នៅ​មាត់​ទ្វារ​របស់​អ្នក​មាន​នោះ។​

21. គាត់​ចង់​ចំអែត​ពោះ​ដោយ​កម្ទេច​អាហារ​ ដែល​ធ្លាក់​ពី​លើ​តុ​របស់​អ្នក​មាន​នោះ​ ហើយ​សូម្បីតែ​ឆ្កែ​ក៏​មក​លិទ្ធ​ដំបៅ​របស់​គាត់​ដែរ។​

លូកា 16