លូកា 15:3-16 Khmer Christian Bible (KCB)

3. ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ជា​រឿង​ប្រៀប​ប្រដូច​នេះ​ថា៖​

4. «សន្មត​ថា​ មាន​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់គ្នា​មាន​ចៀម​មួយ​រយ​ ហើយ​ចៀម​មួយ​បាន​វង្វេង​ចេញ​ពី​ហ្វូង​ តើ​គាត់​មិន​ទុក​ចៀម​កៅសិប​ប្រាំ​បួន​នៅ​វាល​ស្មៅ​ រួច​ទៅ​តាម​រក​ចៀម​មួយ​ដែល​បាន​វង្វេង​នោះ​ទាល់​តែ​ឃើញ​ទេ​ឬ?​

5. ពេល​រក​ឃើញ​ហើយ​ គាត់​ក៏​លី​វា​លើ​ស្មា​ទាំង​អរ​សប្បាយ។​

6. កាល​បាន​មក​ដល់​ផ្ទះ​ គាត់​ក៏​ហៅ​មិត្ត​ភក្តិ​ និង​អ្នក​ជិត​ខាង​មក​ជុំគ្នា​ដោយ​ប្រាប់​ពួកគេ​ថា​ សូម​អរ​សប្បាយ​ជាមួយ​ខ្ញុំ​ផង​ ដ្បិត​ខ្ញុំ​បាន​រក​ឃើញ​ចៀម​របស់​ខ្ញុំ​ដែល​វង្វេង​នោះ​វិញ​ហើយ។​

7. ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ នៅ​ស្ថានសួគ៌​នឹង​មាន​សេចក្ដី​អរ​សប្បាយ​យ៉ាង​នោះ​ដែរ​ចំពោះ​មនុស្ស​បាប​ម្នាក់​បាន​ប្រែ​ចិត្ដ​ ជា​ជាង​មនុស្ស​សុចរិត​កៅសិប​ប្រាំ​បួន​នាក់​ដែល​មិន​ត្រូវ​ការ​ការ​ប្រែ​ចិត្ដ។​

8. ឬ​សន្មត​ថា​ ស្ដ្រី​ម្នាក់​មាន​កាក់​ប្រាក់​ដប់​កាក់​ ប៉ុន្ដែ​បើ​នាង​ធ្វើ​ឲ្យ​បាត់​កាក់​មួយ​ តើ​នាង​មិន​អុជ​ចង្កៀង​ បោស​ផ្ទះ​ ហើយ​រក​យ៉ាង​ល្អិត​ល្អន់​រហូត​ទាល់តែ​ឃើញ​វិញ​ទេ​ឬ?​

9. ពេល​រក​ឃើញ​ហើយ​ នាង​ក៏​ហៅ​មិត្ត​ភក្តិ​ និង​អ្នក​ជិត​ខាង​មក​ជុំគ្នា​ប្រាប់​ពួកគេ​ថា​ សូម​អរ​សប្បាយ​ជាមួយ​ខ្ញុំ​ផង​ ដ្បិត​ខ្ញុំ​រក​ឃើញ​កាក់​ប្រាក់​ដែល​ខ្ញុំ​បាន​បាត់​នោះ​វិញ​ហើយ។​

10. ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ នៅ​ចំពោះ​មុខ​ពួក​ទេវតា​របស់​ព្រះជាម្ចាស់​ ក៏​មាន​សេចក្ដី​អរ​សប្បាយ​យ៉ាង​ដូច្នេះ​ដែរ​ ចំពោះ​មនុស្ស​បាប​ម្នាក់​ដែល​បាន​ប្រែ​ចិត្ដ»។​

11. ព្រះអង្គ​មាន​បន្ទូល​ទៀត​ថា៖​ «មាន​បុរស​ម្នាក់​មាន​កូន​ប្រុស​ពីរ​នាក់​

12. កូន​ប្អូន​បាន​និយាយ​ទៅ​ឪពុក​ថា​ លោក​ឪពុក​អើយ!​ សូម​ប្រគល់​ទ្រព្យ​សម្បត្តិ​ជា​ចំណែក​របស់​ខ្ញុំ​ឲ្យ​មក​ខ្ញុំ​ រួច​ឪពុក​ក៏​ចែក​ទ្រព្យ​សម្បត្តិ​ឲ្យ​ពួកគេ។​

13. ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ កូន​ប្រុស​ប្អូន​បាន​ប្រមូល​ទ្រព្យ​សម្បត្ដិ​ទាំង​អស់​របស់​ខ្លួន​ រួច​ធ្វើ​ដំណើរ​ទៅ​ស្រុក​ឆ្ងាយ។​ នៅ​ទីនោះ​ គាត់​បាន​ចាយ​បង្ហិន​ទ្រព្យ​សម្បត្ដិ​របស់​ខ្លួន​ដោយ​រស់​នៅ​យ៉ាង​លេលា។​

14. ពេល​គាត់​ចាយ​ទ្រព្យ​សម្បត្ដិ​របស់​គាត់​អស់​ហើយ​ ក៏​កើត​មាន​គ្រោះ​អត់​ឃ្លាន​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ទូទាំង​ស្រុក​នោះ​ ហើយ​គាត់​ក៏​ចាប់ផ្ដើម​ខ្វះខាត​

15. ដូច្នេះ​គាត់​ក៏​ទៅ​ស៊ី​ឈ្នួល​អ្នក​ស្រុក​ម្នាក់​នៅ​ស្រុក​នោះ​ ហើយ​អ្នក​នោះ​បាន​ចាត់​គាត់​ឲ្យ​ទៅ​ឃ្វាល​ជ្រូក​នៅ​ឯ​កសិដ្ឋាន​របស់​ខ្លួន។​

16. គាត់​ចង់​ចំអែត​ពោះ​ដោយ​ចំណី​ជ្រូក​ដែល​ជ្រូក​កំពុង​ស៊ី​ខ្លាំង​ណាស់​ ប៉ុន្ដែ​គ្មាន​អ្នកណា​ឲ្យ​អ្វី​ដល់​គាត់​ឡើយ។​

លូកា 15