លូកា 14:16-27 Khmer Christian Bible (KCB)

16. តែ​ព្រះអង្គ​បាន​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «មាន​បុរស​ម្នាក់​រៀបចំ​ពិធី​ជប់​លៀង​ពេល​ល្ងាច​ដ៏​ធំ​មួយ​ ហើយ​គាត់​បាន​អញ្ជើញ​ភ្ញៀវ​ជាច្រើន​

17. លុះ​ដល់​ពេល​ម៉ោង​អាហារ​ពេល​ល្ងាច​ គាត់​បាន​ចាត់​បាវបម្រើ​របស់​គាត់​ឲ្យ​ទៅ​ប្រាប់​ពួក​ភ្ញៀវ​ដែល​បាន​អញ្ជើញ​ថា​ សូម​អញ្ជើញ​មក​ ដ្បិត​អ្វីៗ​បាន​រៀបចំ​រួច​រាល់​ហើយ!​

18. ប៉ុន្ដែ​ភ្ញៀវ​ទាំង​អស់​បាន​ចាប់ផ្ដើម​ដោះសា​បន្ដ​បន្ទាប់​គ្នា​ គឺ​អ្នក​ទី​មួយ​ប្រាប់​បាវបម្រើ​នោះ​ថា​ ខ្ញុំ​បាន​ទិញ​ចម្ការ​មួយ​កន្លែង​ ហើយ​ខ្ញុំ​ត្រូវ​ទៅ​មើល​ចម្ការ​ សូម​ឲ្យ​គាត់​អភ័យ​ទោស​ឲ្យខ្ញុំ​ផង។​

19. ម្នាក់​ទៀត​ប្រាប់​ថា​ ខ្ញុំ​បាន​ទិញ​គោ​ប្រាំ​នឹម​ ហើយ​ខ្ញុំ​ត្រូវ​ទៅ​សាកទឹម​ពួកវា​ សូម​ឲ្យ​គាត់​អភ័យ​ទោស​ឲ្យ​ខ្ញុំ​ផង​

20. ម្នាក់​ផ្សេង​ទៀត​បាន​ប្រាប់​ថា​ ខ្ញុំ​ទើប​តែ​រៀបការ​ប្រពន្ធ​ហើយ​ ដូច្នេះ​ខ្ញុំ​មិន​អាច​ទៅ​បាន​ទេ។​

21. កាល​បាន​មក​ដល់​ហើយ​ បាវបម្រើ​នោះ​ក៏​ជម្រាប​ចៅហ្វាយ​គាត់​ពី​សេចក្ដី​ទាំង​នេះ​ ពេល​នោះ​ម្ចាស់​ដំណាក់​ខឹង​ណាស់​ ក៏​ប្រាប់​ទៅ​បាវបម្រើ​របស់​គាត់​ថា​ ចូរ​ចេញ​ទៅ​តាម​ផ្លូវ​ទាំង​ធំ​ទាំង​តូច​ក្នុង​ក្រុង​ជា​ប្រញាប់​ ហើយ​ចូរ​នាំ​អ្នក​ក្រ​ មនុស្ស​ពិការ​ មនុស្ស​ខ្វាក់​ និង​មនុស្ស​ខ្វិន​មក​ទីនេះ​ចុះ។​

22. បន្ទាប់​មក​ បាវបម្រើ​នោះ​បាន​ប្រាប់​ថា​ លោក​ម្ចាស់​ អ្វី​ដែល​លោក​បាន​បង្គាប់​ បាន​ធ្វើ​រួច​ហើយ​ ប៉ុន្ដែ​នៅ​មាន​កន្លែង​សល់​ទៀត​

23. ចៅហ្វាយ​ក៏​ប្រាប់​ទៅ​បាវបម្រើ​នោះ​ថា​ ចូរ​ចេញ​ទៅ​តាម​ផ្លូវ​ និង​ច្រក​នានា​ ហើយ​តឿន​ឲ្យ​ពួកគេ​មក​ ដើម្បី​ឲ្យ​បាន​ពេញ​ដំណាក់​របស់​ខ្ញុំ​

24. ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ក្នុង​ចំណោម​ពួក​អ្នក​ដែល​បាន​អញ្ជើញ​រួច​ហើយ​ នោះ​គ្មាន​អ្នកណា​ម្នាក់​នឹង​បាន​ភ្លក់​អាហារ​ពេល​ល្ងាច​របស់​ខ្ញុំ​ឡើយ!»​

25. ពេល​ស្ដេច​មួយអង្គ​ទៅ​ច្បាំង​ជាមួយ​ស្ដេច​មួយ​អង្គ​ទៀត​ តើ​គាត់​មិន​អង្គុយ​ពិចារណា​ជាមុន​ទេ​ឬ​អី​ ដើម្បី​ឲ្យ​ដឹង​ថា​ ទ័ព​មួយ​ម៉ឺន​នាក់​របស់​គាត់​អាច​តទល់​ជាមួយ​ទ័ព​ពីរ​ម៉ឺន​នាក់​ដែល​កំពុង​មក​ច្បាំង​នោះ​បាន?​

26. «បើ​អ្នកណា​មក​ឯ​ខ្ញុំ​ ដោយ​មិន​ស្អប់​ឪពុក​ម្ដាយ​ ប្រពន្ធ​កូន​ បងប្អូន​ប្រុស​ស្រី​ និង​សូម្បី​តែ​ជីវិត​របស់​ខ្លួន​ទេ​ អ្នក​នោះ​មិន​អាច​ធ្វើជា​សិស្ស​របស់​ខ្ញុំ​បាន​ឡើយ​

27. ហើយ​អ្នកណា​មិន​លី​ឈើ​ឆ្កាង​របស់​ខ្លួន​មក​តាម​ខ្ញុំ​ អ្នក​នោះ​ក៏​មិន​អាច​ធ្វើជា​សិស្ស​របស់​ខ្ញុំ​បាន​ដែរ​

លូកា 14