10. ដូច្នេះពេលគេអញ្ជើញអ្នកទៅបរិភោគអាហារ ចូរអង្គុយនៅកន្លែងខាងក្រោយបំផុត ដើម្បីពេលណាអ្នកដែលអញ្ជើញអ្នកមកដល់ គាត់នឹងប្រាប់អ្នកថា សម្លាញ់អើយ! សូមឡើងមកកន្លែងកិត្ដិយស នោះអ្នកមុខជាខ្ពស់មុខនៅចំពោះមុខភ្ញៀវទាំងឡាយដែលអង្គុយរួមតុជាមួយអ្នកមិនខាន
11. ដ្បិតអ្នកណាលើកតម្កើងខ្លួន នឹងត្រូវបន្ទាបចុះ ឯអ្នកណាបន្ទាបខ្លួន នឹងត្រូវលើកតម្កើងវិញ»។
12. ព្រះអង្គបានមានបន្ទូលទៅអ្នកដែលអញ្ជើញព្រះអង្គដែរថា៖ «ពេលអ្នករៀបចំជប់លៀងអាហារថ្ងៃត្រង់ ឬអាហារពេលល្ងាច ចូរកុំអញ្ជើញមិត្ដភក្ដិ បងប្អូន សាច់ញាតិ ឬអ្នកជិតខាងរបស់អ្នកដែលជាអ្នកមានឡើយ ក្រែងលោពួកគេនឹងអញ្ជើញអ្នកដូច្នេះដែរ ហើយវាក៏ត្រលប់ជាការតបស្នងចំពោះអ្នកវិញ។
13. ប៉ុន្ដែពេលអ្នករៀបចំពិធីជប់លៀង ចូរអញ្ជើញអ្នកក្រ មនុស្សពិការ មនុស្សខ្វិន និងមនុស្សខ្វាក់វិញ
14. នោះអ្នកនឹងមានពរហើយ ព្រោះពួកគេសងអ្នកវិញមិនបានឡើយ ដូច្នេះអ្នកនឹងទទួលការតបស្នងនៅពេលមនុស្សសុចរិតរស់ឡើងវិញ»។
15. ពេលឮសេចក្ដីទាំងនេះ ភ្ញៀវម្នាក់ក្នុងចំណោមពួកភ្ញៀវអង្គុយរួមតុជាមួយព្រះអង្គបានទូលព្រះអង្គថា៖ «មានពរហើយ អ្នកណាដែលនឹងបរិភោគអាហារនៅក្នុងនគរព្រះជាម្ចាស់»
16. តែព្រះអង្គបានមានបន្ទូលទៅគាត់ថា៖ «មានបុរសម្នាក់រៀបចំពិធីជប់លៀងពេលល្ងាចដ៏ធំមួយ ហើយគាត់បានអញ្ជើញភ្ញៀវជាច្រើន
17. លុះដល់ពេលម៉ោងអាហារពេលល្ងាច គាត់បានចាត់បាវបម្រើរបស់គាត់ឲ្យទៅប្រាប់ពួកភ្ញៀវដែលបានអញ្ជើញថា សូមអញ្ជើញមក ដ្បិតអ្វីៗបានរៀបចំរួចរាល់ហើយ!
18. ប៉ុន្ដែភ្ញៀវទាំងអស់បានចាប់ផ្ដើមដោះសាបន្ដបន្ទាប់គ្នា គឺអ្នកទីមួយប្រាប់បាវបម្រើនោះថា ខ្ញុំបានទិញចម្ការមួយកន្លែង ហើយខ្ញុំត្រូវទៅមើលចម្ការ សូមឲ្យគាត់អភ័យទោសឲ្យខ្ញុំផង។
19. ម្នាក់ទៀតប្រាប់ថា ខ្ញុំបានទិញគោប្រាំនឹម ហើយខ្ញុំត្រូវទៅសាកទឹមពួកវា សូមឲ្យគាត់អភ័យទោសឲ្យខ្ញុំផង
20. ម្នាក់ផ្សេងទៀតបានប្រាប់ថា ខ្ញុំទើបតែរៀបការប្រពន្ធហើយ ដូច្នេះខ្ញុំមិនអាចទៅបានទេ។
21. កាលបានមកដល់ហើយ បាវបម្រើនោះក៏ជម្រាបចៅហ្វាយគាត់ពីសេចក្ដីទាំងនេះ ពេលនោះម្ចាស់ដំណាក់ខឹងណាស់ ក៏ប្រាប់ទៅបាវបម្រើរបស់គាត់ថា ចូរចេញទៅតាមផ្លូវទាំងធំទាំងតូចក្នុងក្រុងជាប្រញាប់ ហើយចូរនាំអ្នកក្រ មនុស្សពិការ មនុស្សខ្វាក់ និងមនុស្សខ្វិនមកទីនេះចុះ។
22. បន្ទាប់មក បាវបម្រើនោះបានប្រាប់ថា លោកម្ចាស់ អ្វីដែលលោកបានបង្គាប់ បានធ្វើរួចហើយ ប៉ុន្ដែនៅមានកន្លែងសល់ទៀត
23. ចៅហ្វាយក៏ប្រាប់ទៅបាវបម្រើនោះថា ចូរចេញទៅតាមផ្លូវ និងច្រកនានា ហើយតឿនឲ្យពួកគេមក ដើម្បីឲ្យបានពេញដំណាក់របស់ខ្ញុំ
24. ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ក្នុងចំណោមពួកអ្នកដែលបានអញ្ជើញរួចហើយ នោះគ្មានអ្នកណាម្នាក់នឹងបានភ្លក់អាហារពេលល្ងាចរបស់ខ្ញុំឡើយ!»