7. ប៉ុន្ដែពួកគេគ្មានកូនសោះ ព្រោះអេលីសាបិតជាស្ដ្រីអារ ហើយអ្នកទាំងពីរក៏មានវ័យចាស់ជរាដែរ។
8. ថ្ងៃមួយជាវេនក្រុមរបស់គាត់ ហើយគាត់ត្រូវបំពេញតួនាទីជាសង្ឃនៅចំពោះព្រះជាម្ចាស់
9. ព្រោះគាត់ត្រូវបានគេចាប់ឆ្នោតជ្រើសរើសទៅតាមទំនៀមទម្លាប់សង្ឃដើម្បីចូលដុតគ្រឿងក្រអូបក្នុងព្រះវិហាររបស់ព្រះអម្ចាស់។
10. នៅពេលកំពុងថ្វាយគ្រឿងក្រអូប និងប្រជាជនច្រើនកុះករបានអធិស្ឋានទាំងអស់គ្នានៅខាងក្រៅ
11. នោះមានទេវតារបស់ព្រះអម្ចាស់មួយរូបបានលេចមកឲ្យគាត់ឃើញ ដោយឈរនៅខាងស្ដាំកន្លែងថ្វាយតង្វាយគ្រឿងក្រអូប។
12. កាលលោកសាការីឃើញ គាត់ក៏តក់ស្លុត ហើយមានសេចក្ដីភ័យខ្លាច
13. ប៉ុន្ដែទេវតានោះបាននិយាយទៅគាត់ថា៖ «សាការីអើយ! កុំខ្លាចអីដ្បិតព្រះជាម្ចាស់បានស្ដាប់ឮសេចក្ដីអធិស្ឋានទូលសូមរបស់អ្នកហើយ រីឯអេលីសាបិតជាប្រពន្ធរបស់អ្នកនឹងបង្កើតកូនប្រុសម្នាក់ឲ្យអ្នក ហើយអ្នកនឹងដាក់ឈ្មោះកូននោះថាយ៉ូហាន។
14. កូននោះនឹងក្លាយជាអំណរ និងជាសេចក្ដីរីករាយដល់អ្នក ឯមនុស្សជាច្រើននឹងត្រេកអរចំពោះកំណើតរបស់កូននោះ
15. ដ្បិតកូននោះនឹងត្រលប់ជាមនុស្សដ៏អស្ចារ្យនៅចំពោះព្រះអម្ចាស់ កូននោះនឹងមិនផឹកស្រាទំពាំងបាយជូរ និងគ្រឿងស្រវឹងឡើយ ហើយបានពេញដោយព្រះវិញ្ញាណបរិសុទ្ធតាំងពីនៅក្នុងផ្ទៃម្ដាយមក។
16. កូននោះនឹងនាំកូនចៅអ៊ីស្រាអែលជាច្រើនឲ្យត្រលប់មកឯព្រះអម្ចាស់ជាព្រះរបស់ពួកគេវិញ
17. ដ្បិតកូននោះនឹងទៅមុខមុនព្រះអង្គដោយវិញ្ញាណ និងអំណាចរបស់លោកអេលីយ៉ា ដើម្បីបង្វែរចិត្ដឪពុកមកឯកូន និងពួកមនុស្សមិនស្ដាប់បង្គាប់មកឯប្រាជ្ញារបស់មនុស្សសុចរិតដើម្បីរៀបចំប្រជារាស្ដ្រមួយជាស្រេចសម្រាប់ព្រះអម្ចាស់»។
18. លោកសាការីសួរទៅទេវតាថា៖ «តើឲ្យខ្ញុំដឹងអំពីសេចក្ដីនេះយ៉ាងដូចម្ដេចបាន? ព្រោះខ្ញុំជាមនុស្សចាស់ ឯប្រពន្ធរបស់ខ្ញុំក៏មានវ័យចាស់ជរាដែរ»