លូកា 1:55-65 Khmer Christian Bible (KCB)

55. ដូច​ដែល​ព្រះអង្គ​បាន​មានបន្ទូល​នឹង​ដូនតា​របស់​យើង​ គឺ​លោក​អ័ប្រាហាំ​ និង​ពូជពង្ស​របស់​គាត់​រហូត​ត​រៀង​មក»។​

56. នាង​ម៉ារា​បាន​ស្នាក់នៅ​ជាមួយ​នាង​អេលីសាបិត​ប្រហែល​បី​ខែ​ ហើយ​ក៏​ត្រលប់​ទៅ​ផ្ទះ​របស់​នាង​វិញ។​

57. កាល​នាង​អេលីសាបិត​គ្រប់​ខែ​សម្រាល​កូន​ នាង​ក៏​សម្រាល​បាន​កូន​ប្រុស​ម្នាក់។​

58. ពេល​អ្នក​ជិតខាង​ និង​សាច់ញាតិ​របស់​នាង​បាន​ឮ​ថា​ ព្រះអម្ចាស់​បាន​សំដែង​សេចក្ដី​មេត្ដា​ករុណា​ដ៏​សម្បើម​ដល់​នាង​ ពួកគេ​ក៏​អរ​សប្បាយ​ជាមួយ​នាង។​

59. លុះ​ដល់​ថ្ងៃ​ទី​ប្រាំ​បី​ ពួកគេ​បាន​មក​ដើម្បី​ធ្វើ​ពិធី​កាត់ស្បែក​ឲ្យ​ទារក​នោះ​ ហើយ​ចង់​ដាក់​ឈ្មោះ​ថា​ សាការី​ តាម​ឈ្មោះ​របស់​ឪពុក​

60. ប៉ុន្ដែ​ម្ដាយ​របស់​ទារក​នោះ​ឆ្លើយ​ថា៖​ «ទេ​ ត្រូវ​ដាក់​ឈ្មោះ​ថា​យ៉ូហាន​វិញ»។​

61. ពួកគេ​និយាយ​ទៅ​នាង​ថា៖​ «គ្មាន​អ្នកណា​ម្នាក់​ក្នុង​ចំណោម​សាច់​ញាតិ​អ្នក​មាន​ឈ្មោះ​ហ្នឹង​ទេ»​

62. ហើយ​ពួកគេ​ធ្វើ​សញ្ញា​សួរ​ទៅ​ឪពុក​របស់​ទារក​នោះ​ថា​ តើ​គាត់​ចង់​ដាក់​ឈ្មោះ​អ្វី។​

63. គាត់​ក៏​សុំ​ក្ដារ​ឆ្នួន​មួយ​ ហើយ​សរសេរ​ថា​ ឈ្មោះ​របស់​ទារក​នេះ​គឺ​ យ៉ូហាន។​ គេ​គ្រប់គ្នា​ក៏​នឹក​អស្ចារ្យ។​

64. រំពេច​នោះ​មាត់​ និង​អណ្ដាត​របស់​គាត់​បាន​ហើប​ឡើង​ គាត់​ក៏​ពោល​សរសើរ​តម្កើង​ព្រះជាម្ចាស់​

65. ហើយ​អ្នក​ទាំងឡាយ​ដែល​រស់នៅ​ជុំវិញ​ មាន​សេចក្ដី​រន្ធត់​ជា​ខ្លាំង​ ពួកគេ​បាន​និយាយ​គ្នា​អំពី​ហេតុការណ៍​ទាំង​អស់​នេះ​នៅ​ក្នុង​តំបន់ភ្នំ​នៃ​ស្រុក​យូដា​ទាំងមូល។​

លូកា 1