30. ប៉ុន្ដែទេវតានិយាយទៅនាងថា៖ «ម៉ារាអើយ! កុំខ្លាចអី ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងនាងណាស់
31. មើល៍ នាងនឹងមានគភ៌ រួចសម្រាលបានកូនប្រុសម្នាក់ ហើយនាងនឹងដាក់ឈ្មោះកូននោះថាយេស៊ូ
32. កូននោះនឹងត្រលប់ជាអ្នកដ៏អស្ចារ្យ ហើយគេនឹងហៅកូននោះថា ព្រះរាជបុត្រានៃព្រះដ៏ខ្ពស់បំផុត ឯព្រះអម្ចាស់ដ៏ជាព្រះនឹងប្រទានបល្ល័ង្ករបស់ស្ដេចដាវីឌដែលជាដូនតាឲ្យទៅព្រះអង្គ
33. រួចព្រះអង្គនឹងគ្រប់គ្រងលើពូជពង្សរបស់លោកយ៉ាកុបអស់កល្បជានិច្ច ហើយនគររបស់ព្រះអង្គគ្មានទីបញ្ចប់ឡើយ»។
34. ប៉ុន្ដែនាងម៉ារាសួរទៅទេវតាថា៖ «តើការនេះនឹងបានសម្រេចយ៉ាងដូចម្ដេច បើខ្ញុំមិនទាន់ស្គាល់ប្រុសណាផង?»
35. ទេវតាឆ្លើយតបទៅនាងថា៖ «ព្រះវិញ្ញាណបរិសុទ្ធនឹងយាងមកសណ្ឋិតលើនាង ហើយអំណាចនៃព្រះដ៏ខ្ពស់បំផុតនឹងគ្របបាំងនាងដោយស្រមោល។ ដូច្នេះគេនឹងហៅបុត្រតូចដ៏បរិសុទ្ធដែលនឹងកើតមកនោះថា ព្រះរាជបុត្រារបស់ព្រះជាម្ចាស់
36. ហើយមើល៍! នាងអេលីសាបិតសាច់ញាតិរបស់នាងក៏មានគភ៌ជាកូនប្រុសម្នាក់ដែរ ក្នុងវ័យចាស់ជរា និងក្នុងកាលដែលគេហៅថាស្ត្រីអារ នាងមានផ្ទៃពោះប្រាំមួយខែហើយ
37. ដ្បិតគ្មានអ្វីដែលព្រះជាម្ចាស់ធ្វើមិនកើតនោះឡើយ»។
38. នាងម៉ារាក៏និយាយទៅទេវតាថា៖ «មើល៍ នាងខ្ញុំជាបាវបម្រើរបស់ព្រះអម្ចាស់ សូមឲ្យសម្រេចដល់ខ្ញុំតាមពាក្យសំដីរបស់លោកចុះ!» រួចទេវតាក៏ចាកចេញពីនាងទៅ។
39. នៅគ្រានោះ នាងម៉ារាក៏ក្រោកឡើងធ្វើដំណើរទៅតំបន់ភ្នំដោយប្រញាប់ប្រញាល់សំដៅទៅក្រុងមួយក្នុងស្រុកយូដា
40. រួចនាងក៏ចូលទៅក្នុងផ្ទះរបស់លោកសាការី ហើយបានជម្រាបសួរនាងអេលីសាបិត។
41. ពេលនាងអេលីសាបិតបានឮពាក្យជម្រាបសួររបស់នាងម៉ារា ទារកនៅក្នុងផ្ទៃរបស់នាងក៏បំរះឡើង ឯនាងអេលីសាបិតបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ
42. រួចនាងក៏ស្រែកដោយសំឡេងខ្លាំងៗថា៖ «អ្នកមានពរណាស់ក្នុងចំណោមពួកស្ដ្រី ឯកូនក្នុងផ្ទៃរបស់អ្នកគឺជាព្រះពរហើយ
43. តើនេះកើតឡើងចំពោះខ្ញុំយ៉ាងដូចម្ដេចហ្ន៎ បានជាមាតារបស់ព្រះអម្ចាស់នៃខ្ញុំមកឯខ្ញុំដូច្នេះ?