10. នៅពេលកំពុងថ្វាយគ្រឿងក្រអូប និងប្រជាជនច្រើនកុះករបានអធិស្ឋានទាំងអស់គ្នានៅខាងក្រៅ
11. នោះមានទេវតារបស់ព្រះអម្ចាស់មួយរូបបានលេចមកឲ្យគាត់ឃើញ ដោយឈរនៅខាងស្ដាំកន្លែងថ្វាយតង្វាយគ្រឿងក្រអូប។
12. កាលលោកសាការីឃើញ គាត់ក៏តក់ស្លុត ហើយមានសេចក្ដីភ័យខ្លាច
13. ប៉ុន្ដែទេវតានោះបាននិយាយទៅគាត់ថា៖ «សាការីអើយ! កុំខ្លាចអីដ្បិតព្រះជាម្ចាស់បានស្ដាប់ឮសេចក្ដីអធិស្ឋានទូលសូមរបស់អ្នកហើយ រីឯអេលីសាបិតជាប្រពន្ធរបស់អ្នកនឹងបង្កើតកូនប្រុសម្នាក់ឲ្យអ្នក ហើយអ្នកនឹងដាក់ឈ្មោះកូននោះថាយ៉ូហាន។
14. កូននោះនឹងក្លាយជាអំណរ និងជាសេចក្ដីរីករាយដល់អ្នក ឯមនុស្សជាច្រើននឹងត្រេកអរចំពោះកំណើតរបស់កូននោះ
15. ដ្បិតកូននោះនឹងត្រលប់ជាមនុស្សដ៏អស្ចារ្យនៅចំពោះព្រះអម្ចាស់ កូននោះនឹងមិនផឹកស្រាទំពាំងបាយជូរ និងគ្រឿងស្រវឹងឡើយ ហើយបានពេញដោយព្រះវិញ្ញាណបរិសុទ្ធតាំងពីនៅក្នុងផ្ទៃម្ដាយមក។
16. កូននោះនឹងនាំកូនចៅអ៊ីស្រាអែលជាច្រើនឲ្យត្រលប់មកឯព្រះអម្ចាស់ជាព្រះរបស់ពួកគេវិញ
17. ដ្បិតកូននោះនឹងទៅមុខមុនព្រះអង្គដោយវិញ្ញាណ និងអំណាចរបស់លោកអេលីយ៉ា ដើម្បីបង្វែរចិត្ដឪពុកមកឯកូន និងពួកមនុស្សមិនស្ដាប់បង្គាប់មកឯប្រាជ្ញារបស់មនុស្សសុចរិតដើម្បីរៀបចំប្រជារាស្ដ្រមួយជាស្រេចសម្រាប់ព្រះអម្ចាស់»។
18. លោកសាការីសួរទៅទេវតាថា៖ «តើឲ្យខ្ញុំដឹងអំពីសេចក្ដីនេះយ៉ាងដូចម្ដេចបាន? ព្រោះខ្ញុំជាមនុស្សចាស់ ឯប្រពន្ធរបស់ខ្ញុំក៏មានវ័យចាស់ជរាដែរ»
19. ទេវតាឆ្លើយទៅគាត់ថា៖ «ខ្ញុំឈ្មោះកាព្រីយ៉ែល ជាអ្នកឈរនៅក្នុងព្រះវត្ដមានព្រះជាម្ចាស់ ហើយព្រះអង្គបានចាត់ខ្ញុំឲ្យមកប្រកាសសេចក្ដីទាំងនេះប្រាប់អ្នក។
20. មើល៍ អ្នកនឹងគ ហើយមិនអាចនិយាយបានទេរហូតដល់ថ្ងៃដែលសេចក្ដីទាំងនេះកើតឡើង ព្រោះអ្នកមិនជឿពាក្យសំដីរបស់ខ្ញុំដែលនឹងសម្រេចតាមពេលកំណត់»។
21. រីឯប្រជាជនដែលកំពុងទន្ទឹងមើលលោកសាការី ពួកគេឆ្ងល់ចំពោះការដែលគាត់យឺតយូរនៅក្នុងព្រះវិហារ