22. ដ្បិតយើងដឹងថា អ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតមកក៏ស្រែកថ្ងូរ ទាំងឈឺចាប់ជាមួយគ្នារហូតដល់ពេលនេះ
23. ហើយមិនត្រឹមតែប៉ុណ្ណោះទេ យើងផ្ទាល់ដែលមានផលដំបូងរបស់ព្រះវិញ្ញាណ ក៏ស្រែកថ្ងូរនៅក្នុងចិត្ដ ទាំងទន្ទឹងរង់ចាំការទទួលធ្វើជាកូនចិញ្ចឹម គឹជាសេចក្ដីប្រោសលោះដល់រូបកាយរបស់យើងដែរ
24. ដ្បិតយើងសង្ឃឹមថាបានសង្គ្រោះ ប៉ុន្ដែសេចក្ដីសង្ឃឹមនេះមិនមែនជាសេចក្ដីសង្ឃឹមដែលអាចមើលឃើញទេ តើមានអ្នកណាសង្ឃឹមចង់បានអ្វីដែលខ្លួនកំពុងមើលឃើញនោះ?
25. ប៉ុន្ដែបើយើងសង្ឃឹមលើអ្វីដែលមិនអាចមើលឃើញ នោះយើងមុខជាទន្ទឹងរង់ចាំដោយអំណត់។
26. ព្រះវិញ្ញាណក៏ជួយដល់ភាពទន់ខ្សោយរបស់យើងដូច្នោះដែរ ដ្បិតយើងមិនដឹងថាគួរអធិស្ឋានយ៉ាងដូចម្ដេចទេ ប៉ុន្ដែព្រះវិញ្ញាណផ្ទាល់បានទូលអង្វរជំនួសយើងដោយសំឡេងថ្ងូរដែលរកថ្លែងមិនបាន
27. ឯព្រះអង្គដែលឈ្វេងយល់ចិត្តរបស់មនុស្ស ព្រះអង្គដឹងពីគំនិតរបស់ព្រះវិញ្ញាណ ព្រោះព្រះវិញ្ញាណទូលអង្វរជំនួសពួកបរិសុទ្ធត្រូវនឹងបំណងរបស់ព្រះជាម្ចាស់។
28. យើងដឹងថា គ្រប់ការទាំងអស់ផ្សំគ្នាឡើងសម្រាប់ជាសេចក្ដីល្អដល់អស់អ្នកដែលស្រឡាញ់ព្រះជាម្ចាស់ គឺដល់អស់អ្នកដែលព្រះអង្គបានត្រាស់ហៅស្របតាមបំណងរបស់ព្រះអង្គ
29. ដ្បិតអស់អ្នកដែលព្រះអង្គបានស្គាល់ជាមុន ព្រះអង្គបានតម្រូវពួកគេទុកជាស្រេចឲ្យមានលក្ខណៈដូចព្រះរាជបុត្រារបស់ព្រះអង្គ ដើម្បីឲ្យព្រះរាជបុត្រាត្រលប់ជាកូនច្បងនៅក្នុងចំណោមបងប្អូនជាច្រើន
30. ហើយអស់អ្នកដែលព្រះអង្គបានតម្រូវទុកជាស្រេចទាំងនេះ ព្រះអង្គក៏បានត្រាស់ហៅ ហើយអស់អ្នកដែលព្រះអង្គបានត្រាស់ហៅ ព្រះអង្គក៏រាប់ជាសុចរិត ហើយអស់អ្នកដែលព្រះអង្គបានរាប់ជាសុចរិត ព្រះអង្គក៏លើកតម្កើងឡើង។
31. ដូច្នេះ តើយើងនិយាយយ៉ាងដូចម្ដេចចំពោះសេចក្ដីទាំងនេះ? បើព្រះជាម្ចាស់នៅខាងយើង តើអ្នកណាទាស់ជាមួយយើងបាន?
32. ព្រះអង្គដែលមិនបានសំចៃទុកសូម្បីតែព្រះរាជបុត្រារបស់ព្រះអង្គ ដែលព្រះអង្គបានបញ្ជូនមកសម្រាប់យើងទាំងអស់គ្នា តើព្រះអង្គនឹងមិនប្រោសប្រទានអ្វីៗទាំងអស់ដល់យើងជាមួយព្រះរាជបុត្រាដែរទេឬ?
33. តើអ្នកណានឹងចោទប្រកាន់ពួកអ្នកដែលព្រះជាម្ចាស់ជ្រើសរើសបាន? ដ្បិតព្រះជាម្ចាស់គឺជាអ្នកដែលរាប់ពួកគេជាសុចរិត។
34. តើអ្នកណាជាអ្នកដាក់ទោសគេ? ដ្បិតព្រះគ្រិស្ដយេស៊ូបានសោយទិវង្គត ហើយលើសពីនេះបានរស់ឡើងវិញទៀត ព្រមទាំងគង់នៅខាងស្ដាំព្រះហស្ដរបស់ព្រះជាម្ចាស់ដែរ ព្រះអង្គជាអ្នកទូលអង្វរជំនួសយើងទៀតផង។