រ៉ូម 7:7-18 Khmer Christian Bible (KCB)

7. តើ​យើង​និយាយ​យ៉ាង​ដូចម្ដេច?​ តើ​គម្ពីរ​វិន័យ​ជា​បាប​ឬ?​ មិន​មែន​ដូច្នោះ​ទេ​ ព្រោះ​បើ​គ្មាន​គម្ពីរ​វិន័យ​ នោះ​ខ្ញុំ​ក៏​មិន​ស្គាល់​បាប​ដែរ​ ដ្បិត​បើ​ក្រឹត្យ​វិន័យ​មិន​បាន​ចែង​ថា​ កុំ​លោភលន់​ នោះ​ខ្ញុំ​ក៏​មិន​ស្គាល់​សេចក្ដី​លោភលន់​ជា​អ្វី​ដែរ​

8. ប៉ុន្ដែ​តាមរយៈ​បញ្ញត្ដិ​ បាប​បាន​ឆ្លៀត​ឱកាស​ឲ្យ​មាន​សេចក្ដី​លោភលន់​គ្រប់​បែប​យ៉ាង​នៅ​ក្នុង​ខ្ញុំ​ ដ្បិត​បើ​គ្មាន​ក្រឹត្យវិន័យ​ទេ​ បាប​ក៏ស្លាប់​ដែរ។​

9. កាល​គ្មាន​គម្ពីរ​វិន័យ​នៅ​ឡើយ​ ខ្ញុំ​មាន​ជីវិត​ ប៉ុន្ដែ​ពេល​មាន​បញ្ញត្ដិ​ នោះ​បាប​បាន​រស់​ឡើង​វិញ​ រីឯ​ខ្ញុំ​បាន​ស្លាប់​

10. ហើយ​ខ្ញុំ​ក៏​យល់​ឃើញ​ថា​ បញ្ញត្ដិ​ដែល​នាំ​មក​នូវ​ជីវិត​ បែរជា​នាំ​មក​នូវ​សេចក្ដី​ស្លាប់​វិញ​

11. ព្រោះ​បាប​បាន​ឆ្លៀត​ឱកាស​បញ្ឆោត​ខ្ញុំ​តាមរយៈ​បញ្ញត្ដិ​ ហើយ​ក៏​សម្លាប់​ខ្ញុំ​តាមរយៈ​បញ្ញត្ដិ​នោះ​

12. ដូច្នេះ​ គម្ពីរ​វិន័យ​បរិសុទ្ធ​ រីឯ​បញ្ញត្ដិ​ក៏​បរិសុទ្ធ​ ​ល្អ​ ​និង​សុចរិត​ដែរ។​

13. តើ​សេចក្ដី​ល្អ​ទាំង​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ស្លាប់​ឬ?​ មិន​មែន​ដូច្នោះ​ទេ!​ គឺ​បាប​ទេ​តើ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ស្លាប់​ដោយសារ​សេចក្ដី​ល្អ​ទាំង​នេះ​ ដើម្បី​បង្ហាញ​ថា​បាប​គឺ​ជា​បាប​ ហើយ​ដោយសារ​បញ្ញត្ដិ​ទាំង​នេះ​ បាប​បាន​ត្រលប់​ជា​កាន់តែ​ធ្ងន់​ឡើងៗ។​

14. ដ្បិត​យើង​ដឹង​ថា​ គម្ពីរ​វិន័យ​ត្រូវ​ខាង​វិញ្ញាណ​ រីឯ​ខ្ញុំ​ជា​មនុស្ស​ខាង​សាច់ឈាម​ដែល​ត្រូវ​បាន​លក់​ឲ្យ​នៅ​ក្រោម​អំណាច​របស់​បាប​

15. ហេតុនេះ​ហើយ​ ខ្ញុំ​មិន​យល់​អំពី​ការ​ប្រព្រឹត្ដិ​របស់​ខ្ញុំ​ទេ​ ដ្បិត​ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​តាម​ដែល​ខ្ញុំ​ចង់​ធ្វើ​ឡើយ​ បែរ​ជា​ធ្វើ​អ្វី​ដែល​ខ្ញុំ​ស្អប់​ទៅ​វិញ​

16. ដូច្នេះ​ បើ​ខ្ញុំ​ធ្វើ​អ្វី​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ​ នោះ​ខ្ញុំ​យល់​ព្រម​ថា​ គម្ពីរ​វិន័យ​ល្អ​មែន​

17. ​ព្រោះ​មិន​មែន​ជា​ខ្ញុំ​ទេ​ដែល​ធ្វើ​កិច្ចការ​នោះ​ គឺ​បាប​នៅ​ក្នុង​ខ្ញុំ​ទេ​តើ​ដែល​ធ្វើ។​

18. ​ខ្ញុំ​ដឹង​ថា​ គ្មាន​អ្វី​ល្អ​នៅ​ក្នុង​ខ្ញុំ​ទេ​ គឺ​នៅ​ក្នុង​សាច់ឈាម​របស់​ខ្ញុំ​នេះ​ ព្រោះ​ខ្ញុំ​មាន​បំណង​ចង់​ធ្វើ​ល្អ​ ប៉ុន្ដែ​ធ្វើ​មិន​បាន​

រ៉ូម 7