4. ហេតុនេះបងប្អូនអើយ! អ្នករាល់គ្នាក៏បានស្លាប់ខាងឯគម្ពីរវិន័យតាមរយៈរូបកាយរបស់ព្រះគ្រិស្ដរួចហើយ គឺដើម្បីឲ្យអ្នករាល់គ្នាបានរួមជាមួយមនុស្សម្នាក់ទៀត ដែលបានរស់ពីស្លាប់ឡើងវិញ ដើម្បីឲ្យយើងបង្កើតផលថ្វាយព្រះជាម្ចាស់
5. ព្រោះកាលយើងនៅខាងសាច់ឈាមនៅឡើយ ដោយសារគម្ពីរវិន័យ សេចក្ដីប៉ងប្រាថ្នារបស់បាបបានធ្វើសកម្មភាពក្នុងអវយវៈទាំងឡាយរបស់យើងឲ្យបង្កើតផលជាសេចក្ដីស្លាប់
6. ប៉ុន្ដែឥឡូវនេះ យើងបានរួចពីគម្ពីរវិន័យហើយ ទាំងបានស្លាប់ខាងឯសេចក្ដីដែលឃុំឃាំងយើងទុកដែរ ដើម្បីឲ្យយើងបម្រើតាមរបៀបថ្មីរបស់ព្រះវិញ្ញាណ មិនមែនតាមរបៀបចាស់របស់គម្ពីរវិន័យឡើយ។
7. តើយើងនិយាយយ៉ាងដូចម្ដេច? តើគម្ពីរវិន័យជាបាបឬ? មិនមែនដូច្នោះទេ ព្រោះបើគ្មានគម្ពីរវិន័យ នោះខ្ញុំក៏មិនស្គាល់បាបដែរ ដ្បិតបើក្រឹត្យវិន័យមិនបានចែងថា កុំលោភលន់ នោះខ្ញុំក៏មិនស្គាល់សេចក្ដីលោភលន់ជាអ្វីដែរ