11. ព្រោះបាបបានឆ្លៀតឱកាសបញ្ឆោតខ្ញុំតាមរយៈបញ្ញត្ដិ ហើយក៏សម្លាប់ខ្ញុំតាមរយៈបញ្ញត្ដិនោះ
12. ដូច្នេះ គម្ពីរវិន័យបរិសុទ្ធ រីឯបញ្ញត្ដិក៏បរិសុទ្ធ ល្អ និងសុចរិតដែរ។
13. តើសេចក្ដីល្អទាំងនេះធ្វើឲ្យខ្ញុំស្លាប់ឬ? មិនមែនដូច្នោះទេ! គឺបាបទេតើដែលធ្វើឲ្យខ្ញុំស្លាប់ដោយសារសេចក្ដីល្អទាំងនេះ ដើម្បីបង្ហាញថាបាបគឺជាបាប ហើយដោយសារបញ្ញត្ដិទាំងនេះ បាបបានត្រលប់ជាកាន់តែធ្ងន់ឡើងៗ។
14. ដ្បិតយើងដឹងថា គម្ពីរវិន័យត្រូវខាងវិញ្ញាណ រីឯខ្ញុំជាមនុស្សខាងសាច់ឈាមដែលត្រូវបានលក់ឲ្យនៅក្រោមអំណាចរបស់បាប
15. ហេតុនេះហើយ ខ្ញុំមិនយល់អំពីការប្រព្រឹត្ដិរបស់ខ្ញុំទេ ដ្បិតខ្ញុំមិនបានធ្វើអ្វីតាមដែលខ្ញុំចង់ធ្វើឡើយ បែរជាធ្វើអ្វីដែលខ្ញុំស្អប់ទៅវិញ
16. ដូច្នេះ បើខ្ញុំធ្វើអ្វីដែលខ្ញុំមិនចង់ធ្វើ នោះខ្ញុំយល់ព្រមថា គម្ពីរវិន័យល្អមែន
17. ព្រោះមិនមែនជាខ្ញុំទេដែលធ្វើកិច្ចការនោះ គឺបាបនៅក្នុងខ្ញុំទេតើដែលធ្វើ។
18. ខ្ញុំដឹងថា គ្មានអ្វីល្អនៅក្នុងខ្ញុំទេ គឺនៅក្នុងសាច់ឈាមរបស់ខ្ញុំនេះ ព្រោះខ្ញុំមានបំណងចង់ធ្វើល្អ ប៉ុន្ដែធ្វើមិនបាន
19. ខ្ញុំមិនធ្វើកិច្ចការល្អដែលខ្ញុំចង់ធ្វើទេ ខ្ញុំបែរជាធ្វើកិច្ចការអាក្រក់ដែលខ្ញុំមិនចង់ធ្វើទៅវិញ។
20. ដូច្នេះ បើខ្ញុំធ្វើកិច្ចការដែលខ្ញុំមិនចង់ធ្វើ នោះមិនមែនជាខ្ញុំទេដែលធ្វើកិច្ចការនោះ គឺបាបនៅក្នុងខ្ញុំទេជាអ្នកធ្វើ។
21. ហេតុនេះ ខ្ញុំរកឃើញគោលការណ៍មួយ គឺនៅពេលខ្ញុំចង់ធ្វើការល្អ នោះសេចក្ដីអាក្រក់ក៏ចេះតែនៅជាមួយខ្ញុំជានិច្ច
22. ដ្បិតមនុស្សខាងក្នុងរបស់ខ្ញុំពេញចិត្តនឹងក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ណាស់
23. ប៉ុន្ដែខ្ញុំឃើញគោលការណ៍មួយទៀតនៅក្នុងអវយវៈទាំងឡាយក្នុងរូបកាយរបស់ខ្ញុំដែលកំពុងច្បាំងទាស់នឹងគោលការណ៍នៃគំនិតរបស់ខ្ញុំ ហើយធ្វើឲ្យខ្ញុំត្រលប់ជាឈ្លើយរបស់គោលការណ៍នៃបាបដែលមានក្នុងអវយវៈទាំងឡាយរបស់ខ្ញុំ។