រ៉ូម 5:14-18 Khmer Christian Bible (KCB)

14. យ៉ាង​ណា​ក្ដី​ ចាប់​តាំង​ពី​ជំនាន់​លោក​អ័ដាម​ដល់​ជំនាន់​លោក​ម៉ូសេ​ សេចក្ដី​ស្លាប់​បាន​សោយរាជ្យ​លើ​មនុស្ស​ទាំង​អស់​ ទោះជា​ពួកគេ​មិន​បាន​ធ្វើ​បាប​ដូច​ការ​ល្មើស​របស់​លោក​អ័ដាម​ក៏​ដោយ​ ហើយ​លោក​អ័ដាម​នេះ​ជា​គំរូ​នៃ​ព្រះ​មួយ​អង្គ​ដែល​ត្រូវ​យាង​មក‍។​

15. ប៉ុន្ដែ​អំណោយទាន​មិន​ដូច​កំហុស​ឡើយ​ ​បើ​មនុស្ស​ជាច្រើន​ស្លាប់​ដោយសារ​កំហុស​របស់​មនុស្ស​ម្នាក់​ នោះ​ព្រះគុណ​របស់​ព្រះជាម្ចាស់​ និង​អំណោយទាន​តាមរយៈ​ព្រះគុណ​របស់​មនុស្ស​ម្នាក់​ ដែល​ជា​ព្រះយេស៊ូ​គ្រិស្ដ​ បាន​ប្រទាន​យ៉ាង​ហូរហៀរ​ដល់​មនុស្ស​ជាច្រើន​លើស​ជាង​នោះ​ទៅ​ទៀត​

16. ហើយ​អំណោយទាន​ក៏​មិន​ដូចជា​បាប​ដែល​មនុស្ស​ម្នាក់​បាន​ធ្វើ​ដែរ​ ព្រោះ​ការ​ជំនុំជម្រះ​កំហុស​របស់​មនុស្ស​ម្នាក់​ ​នាំ​ឲ្យ​មាន​ការ​ដាក់​ទោស​ ប៉ុន្ដែ​អំណោយទាន​វិញ​ បាន​រាប់​មនុស្ស​ជា​សុចរិត​ ទោះជា​មាន​កំហុស​ជាច្រើន​ក៏ដោយ​

17. រួច​បើ​ដោយសារ​កំហុស​របស់​មនុស្ស​ម្នាក់​ សេចក្ដី​ស្លាប់​បាន​សោយរាជ្យ​តាមរយៈ​ម្នាក់​នោះ​ទៅ​ហើយ​ នោះ​ពួកអ្នក​ដែល​ទទួល​បាន​ព្រះគុណ​ដ៏​ហូរហៀរ​ និង​អំណោយទាន​នៃ​សេចក្ដី​សុចរិត​ ​នឹង​សោយរាជ្យ​នៅ​ក្នុង​ជីវិត​លើស​ជាង​នោះ​ទៅ​ទៀត​ដោយសារ​មនុស្ស​ម្នាក់​ ​គឺ​ព្រះយេស៊ូ​គ្រិស្ដ។​

18. ដូច្នេះ​ហើយ​ ដោយសារ​កំហុស​តែ​មួយ​របស់​មនុស្ស​ម្នាក់​ ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​មាន​ទោស​ជា​យ៉ាង​ណា​ នោះ​ដោយសារ​អំពើ​សុចរិត​តែ​មួយ​របស់​មនុស្ស​ម្នាក់​ក៏​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់​បាន​រាប់​ជា​សុចរិត​ និង​មាន​ជីវិត​ជា​យ៉ាង​នោះ​ដែរ​

រ៉ូម 5