រ៉ូម 5:11-20 Khmer Christian Bible (KCB)

11. ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ យើង​ក៏​មាន​អំណរ​ដែរ​នៅ​ក្នុង​ព្រះជាម្ចាស់​តាមរយៈ​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង​ ដែល​ឥឡូវ​នេះ​យើង​បាន​ទទួល​ការ​ផ្សះផ្សា​តាមរយៈ​ព្រះអង្គ​រួច​ហើយ។​

12. ដូច្នេះ​ ដូច​ដែល​បាប​បាន​ចូល​មក​ក្នុង​ពិភពលោក​តាមរយៈ​មនុស្ស​ម្នាក់​ ហើយ​សេចក្ដី​ស្លាប់​ក៏​មក​តាមរយៈ​បាប​ជា​យ៉ាង​ណា​ នោះ​សេចក្ដី​ស្លាប់​ក៏​រាលដាល​ដល់​មនុស្ស​គ្រប់​គ្នា​ជា​យ៉ាង​នោះ​ដែរ​ ព្រោះ​មនុស្ស​គ្រប់​គ្នា​បាន​ធ្វើ​បាប​

13. ដ្បិត​បាប​បាន​មាន​នៅ​ក្នុង​ពិភពលោក​នេះ​រួច​ទៅ​ហើយ​ មុន​មាន​គម្ពីរ​វិន័យ​ តែ​កាល​ណា​មិន​ទាន់​មាន​ក្រឹត្យវិន័យ​ ​បាប​ក៏​មិន​បាន​រាប់​ជា​ទោស​ដែរ​

14. យ៉ាង​ណា​ក្ដី​ ចាប់​តាំង​ពី​ជំនាន់​លោក​អ័ដាម​ដល់​ជំនាន់​លោក​ម៉ូសេ​ សេចក្ដី​ស្លាប់​បាន​សោយរាជ្យ​លើ​មនុស្ស​ទាំង​អស់​ ទោះជា​ពួកគេ​មិន​បាន​ធ្វើ​បាប​ដូច​ការ​ល្មើស​របស់​លោក​អ័ដាម​ក៏​ដោយ​ ហើយ​លោក​អ័ដាម​នេះ​ជា​គំរូ​នៃ​ព្រះ​មួយ​អង្គ​ដែល​ត្រូវ​យាង​មក‍។​

15. ប៉ុន្ដែ​អំណោយទាន​មិន​ដូច​កំហុស​ឡើយ​ ​បើ​មនុស្ស​ជាច្រើន​ស្លាប់​ដោយសារ​កំហុស​របស់​មនុស្ស​ម្នាក់​ នោះ​ព្រះគុណ​របស់​ព្រះជាម្ចាស់​ និង​អំណោយទាន​តាមរយៈ​ព្រះគុណ​របស់​មនុស្ស​ម្នាក់​ ដែល​ជា​ព្រះយេស៊ូ​គ្រិស្ដ​ បាន​ប្រទាន​យ៉ាង​ហូរហៀរ​ដល់​មនុស្ស​ជាច្រើន​លើស​ជាង​នោះ​ទៅ​ទៀត​

16. ហើយ​អំណោយទាន​ក៏​មិន​ដូចជា​បាប​ដែល​មនុស្ស​ម្នាក់​បាន​ធ្វើ​ដែរ​ ព្រោះ​ការ​ជំនុំជម្រះ​កំហុស​របស់​មនុស្ស​ម្នាក់​ ​នាំ​ឲ្យ​មាន​ការ​ដាក់​ទោស​ ប៉ុន្ដែ​អំណោយទាន​វិញ​ បាន​រាប់​មនុស្ស​ជា​សុចរិត​ ទោះជា​មាន​កំហុស​ជាច្រើន​ក៏ដោយ​

17. រួច​បើ​ដោយសារ​កំហុស​របស់​មនុស្ស​ម្នាក់​ សេចក្ដី​ស្លាប់​បាន​សោយរាជ្យ​តាមរយៈ​ម្នាក់​នោះ​ទៅ​ហើយ​ នោះ​ពួកអ្នក​ដែល​ទទួល​បាន​ព្រះគុណ​ដ៏​ហូរហៀរ​ និង​អំណោយទាន​នៃ​សេចក្ដី​សុចរិត​ ​នឹង​សោយរាជ្យ​នៅ​ក្នុង​ជីវិត​លើស​ជាង​នោះ​ទៅ​ទៀត​ដោយសារ​មនុស្ស​ម្នាក់​ ​គឺ​ព្រះយេស៊ូ​គ្រិស្ដ។​

18. ដូច្នេះ​ហើយ​ ដោយសារ​កំហុស​តែ​មួយ​របស់​មនុស្ស​ម្នាក់​ ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​មាន​ទោស​ជា​យ៉ាង​ណា​ នោះ​ដោយសារ​អំពើ​សុចរិត​តែ​មួយ​របស់​មនុស្ស​ម្នាក់​ក៏​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់​បាន​រាប់​ជា​សុចរិត​ និង​មាន​ជីវិត​ជា​យ៉ាង​នោះ​ដែរ​

19. ហើយ​ដោយសារ​ការ​មិន​ស្ដាប់​បង្គាប់​របស់​មនុស្ស​ម្នាក់​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ត្រលប់​ជា​មនុស្ស​បាប​ជា​យ៉ាង​ណា​ នោះ​ដោយសារ​ការ​ស្ដាប់​បង្គាប់​របស់​មនុស្ស​ម្នាក់​ ក៏​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ត្រលប់​ជា​មនុស្ស​សុចរិត​ជា​យ៉ាង​នោះ​ដែរ‍។​

20. គម្ពីរ​វិន័យ​ចូល​មក​ ដើម្បី​ឲ្យ​កំហុស​កើន​ឡើង​ ប៉ុន្ដែ​កន្លែង​ណា​ដែល​មាន​បាប​កើន​ឡើង​ នោះ​ព្រះគុណ​ក៏​ចម្រើន​ឡើង​ជាបរិបូរ​លើស​នោះ​ទៅ​ទៀត​

រ៉ូម 5