4. តើអ្នកជាអ្វី បានជាហ៊ានថ្កោលទោសបាវបម្រើរបស់គេ? ទោះជាអ្នកបម្រើនោះឈរក្ដី ដួលក្ដី ស្រេចលើចៅហ្វាយរបស់គេទេតើ តែគេនឹងឈរបាន ព្រោះព្រះអម្ចាស់មានអំណាចជួយគេឲ្យឈរបាន។
5. ដ្បិតម្នាក់គិតថា ថ្ងៃមួយប្រសើរជាងថ្ងៃមួយទៀត ម្នាក់ទៀតបែរជាគិតថា ថ្ងៃណាក៏ដូចជាថ្ងៃណាដែរ ដូច្នេះ ចូរម្នាក់ៗជឿជាក់នៅក្នុងគំនិតរបស់ខ្លួនចុះ
6. ព្រោះអ្នកដែលប្រតិបត្ដតាមថ្ងៃ គេប្រតិបត្ដសម្រាប់ព្រះអម្ចាស់ ឯអ្នកដែលបរិភោគ គេបរិភោគសម្រាប់ព្រះអម្ចាស់ដែរ ដ្បិតគេបានអរព្រះគុណព្រះជាម្ចាស់ ហើយអ្នកដែលមិនបរិភោគ គេក៏មិនបរិភោគសម្រាប់ព្រះអម្ចាស់ ហើយគេក៏អរព្រះគុណព្រះជាម្ចាស់ដែរ
7. ដ្បិតក្នុងចំណោមយើង គ្មានអ្នកណាម្នាក់រស់នៅដើម្បីខ្លួនឯងទេ ហើយក៏គ្មានអ្នកណាម្នាក់ស្លាប់ដើម្បីខ្លួនឯងដែរ
8. ព្រោះបើយើងរស់នៅ គឺរស់នៅដើម្បីព្រះអម្ចាស់ ហើយបើយើងស្លាប់ គឺស្លាប់ដើម្បីព្រះអម្ចាស់ ដូច្នេះហើយ ទោះបីយើងរស់ក្ដី ស្លាប់ក្ដី យើងជារបស់ព្រះអម្ចាស់
9. ហេតុនោះហើយបានជាព្រះគ្រិស្ដសោយទិវង្គត ហើយមានព្រះជន្មរស់ឡើងវិញ ដើម្បីធ្វើជាព្រះអម្ចាស់លើទាំងមនុស្សស្លាប់ និងមនុស្សរស់។
10. ចុះអ្នកវិញ ហេតុអ្វីបានជាថ្កោលទោសបងប្អូនរបស់ខ្លួនដូច្នេះ? ឬហេតុអ្វីបានជាអ្នកមើលងាយបងប្អូនរបស់ខ្លួនដូច្នេះ? ដ្បិតយើងនឹងឈរនៅមុខទីជំនុំជម្រះរបស់ព្រះជាម្ចាស់ទាំងអស់គ្នា
11. ព្រោះមានសេចក្ដីចែងទុកថា ព្រះអម្ចាស់មានបន្ទូលថា យើងមានព្រះជន្មរស់ជានិច្ច ដូច្នេះ ជង្គង់ទាំងអស់ត្រូវលុតចុះនៅចំពោះមុខយើង ហើយអណ្ដាតទាំងអស់ត្រូវប្រកាសទទួលស្គាល់ព្រះជាម្ចាស់។
12. ដូច្នេះ យើងម្នាក់ៗនឹងរៀបរាប់ទូលព្រះជាម្ចាស់ពីអំពើដែលយើងបានធ្វើ
13. ហេតុនេះ យើងមិនត្រូវថ្កោលទោសគ្នាទៀតឡើយ ផ្ទុយទៅវិញយើងត្រូវប្ដេជ្ញាចិត្ដថា យើងមិនត្រូវធ្វើឲ្យបងប្អូនណាម្នាក់ជំពប់ដួល ឬរវាតចិត្ដឡើយ។
14. ខ្ញុំដឹង ហើយជឿជាក់នៅក្នុងព្រះអម្ចាស់យេស៊ូថា គ្មានអ្វីមួយមិនបរិសុទ្ធដោយខ្លួនឯងនោះទេ លុះត្រាតែមានអ្នកណាម្នាក់ចាត់ទុកថា វាមិនបរិសុទ្ធ ទើបវាត្រលប់ជាមិនបរិសុទ្ធសម្រាប់អ្នកនោះ