រ៉ូម 14:15-23 Khmer Christian Bible (KCB)

15. ប៉ុន្ដែ​ បើ​អ្នក​ធ្វើ​ឲ្យ​បងប្អូន​របស់​អ្នក​ព្រួយចិត្ដ​ដោយសារ​តែ​រឿង​អាហារ​ នោះ​អ្នក​មិន​បាន​រស់នៅ​ដោយ​សេចក្ដី​ស្រឡាញ់​ទៀត​ទេ​ ដូច្នេះ​ ​កុំ​ធ្វើ​ឲ្យ​បងប្អូន​របស់​អ្នក​ដែល​ព្រះគ្រិស្ដ​បាន​សោយ​ទិវង្គត​ជំនួស​ត្រូវ​វិនាស​ដោយសារ​តែ​អាហារ​របស់​អ្នក​ឡើយ។​

16. ដូច្នេះ​ កុំ​ឲ្យ​គេ​និយាយ​បង្ខូច​ការ​ល្អ​របស់​អ្នក​បាន​ឡើយ។​

17. ដ្បិត​នគរ​របស់​ព្រះជាម្ចាស់​មិន​មែន​ជា​ការ​បរិភោគ​ និង​ការ​ផឹក​ឡើយ​ គឺ​ជា​សេចក្ដី​សុចរិត​ សេចក្ដី​សុខសាន្ត​ និង​សេចក្ដី​អំណរ​នៅ​ក្នុង​ព្រះវិញ្ញាណ​បរិសុទ្ធ។​

18. ព្រោះ​អ្នក​ដែល​បម្រើ​ព្រះគ្រិស្ដ​តាម​របៀប​នេះ​ គាប់​ព្រះ​ហឫទ័យ​ព្រះជាម្ចាស់​ណាស់​ ហើយ​មនុស្ស​ទាំងឡាយ​ក៏​ទទួល​ស្គាល់​អ្នក​នោះ​ដែរ។​

19. ដូច្នេះ​ហើយ​ យើង​ត្រូវ​ដេញ​តាម​សេចក្ដី​ទាំងឡាយ​ ដែល​នាំឲ្យ​មាន​សេចក្ដី​សុខសាន្ដ​ និង​ការ​ស្អាង​ចិត្ដ​ដល់​គ្នា​ទៅវិញ​ទៅមក។​

20. កុំ​បំផ្លាញ​កិច្ចការ​របស់​ព្រះជាម្ចាស់​ដោយសារ​តែ​អាហារ​ឡើយ​ ដ្បិត​អាហារ​សុទ្ធតែ​បរិសុទ្ធ​ទេ​ ប៉ុន្ដែ​ជា​ការ​អាក្រក់​សម្រាប់​អ្នក​ដែល​បរិភោគ​ដោយ​ធ្វើ​ឲ្យ​គេ​ជំពប់​ដួល​

21. ហើយ​ជា​ការ​ប្រសើរ​ បើ​មិន​បរិភោគ​សាច់​ ឬ​ផឹក​ស្រា​ និង​អ្វី​ផ្សេង​ទៀត​ដែល​ធ្វើ​ឲ្យ​បងប្អូន​របស់​អ្នក​ជំពប់​ដួល។​

22. បើ​អ្នក​មាន​ជំនឿ​បែប​ណា​ ចូរ​ជឿ​បែប​នោះ​តែ​ម្នាក់​ឯង​នៅ​ចំពោះ​ព្រះជាម្ចាស់​ចុះ​ ដ្បិត​មាន​ពរ​ហើយ​ អ្នកណា​ដែល​មិន​ថ្កោលទោស​ខ្លួន​ឯង​ចំពោះ​អ្វី​ដែល​ខ្លួន​យល់​ថា​ត្រឹម​ត្រូវ​

23. ផ្ទុយ​ទៅ​វិញ​ បើ​អ្នកណា​បរិភោគ​ទាំង​សង្ស័យ​ អ្នក​នោះ​មាន​ទោស​ហើយ​ ព្រោះ​មិន​បាន​បរិភោគ​ដោយ​ជំនឿ​ទេ​ ហើយ​អំពើ​ទាំងឡាយ​ដែល​មិន​មែន​មកពី​ជំនឿ​ទេ​ នោះ​សុទ្ធតែ​ជា​បាប​ទាំង​អស់។​

រ៉ូម 14