13. ហេតុនេះ យើងមិនត្រូវថ្កោលទោសគ្នាទៀតឡើយ ផ្ទុយទៅវិញយើងត្រូវប្ដេជ្ញាចិត្ដថា យើងមិនត្រូវធ្វើឲ្យបងប្អូនណាម្នាក់ជំពប់ដួល ឬរវាតចិត្ដឡើយ។
14. ខ្ញុំដឹង ហើយជឿជាក់នៅក្នុងព្រះអម្ចាស់យេស៊ូថា គ្មានអ្វីមួយមិនបរិសុទ្ធដោយខ្លួនឯងនោះទេ លុះត្រាតែមានអ្នកណាម្នាក់ចាត់ទុកថា វាមិនបរិសុទ្ធ ទើបវាត្រលប់ជាមិនបរិសុទ្ធសម្រាប់អ្នកនោះ
15. ប៉ុន្ដែ បើអ្នកធ្វើឲ្យបងប្អូនរបស់អ្នកព្រួយចិត្ដដោយសារតែរឿងអាហារ នោះអ្នកមិនបានរស់នៅដោយសេចក្ដីស្រឡាញ់ទៀតទេ ដូច្នេះ កុំធ្វើឲ្យបងប្អូនរបស់អ្នកដែលព្រះគ្រិស្ដបានសោយទិវង្គតជំនួសត្រូវវិនាសដោយសារតែអាហាររបស់អ្នកឡើយ។
16. ដូច្នេះ កុំឲ្យគេនិយាយបង្ខូចការល្អរបស់អ្នកបានឡើយ។
17. ដ្បិតនគររបស់ព្រះជាម្ចាស់មិនមែនជាការបរិភោគ និងការផឹកឡើយ គឺជាសេចក្ដីសុចរិត សេចក្ដីសុខសាន្ត និងសេចក្ដីអំណរនៅក្នុងព្រះវិញ្ញាណបរិសុទ្ធ។
18. ព្រោះអ្នកដែលបម្រើព្រះគ្រិស្ដតាមរបៀបនេះ គាប់ព្រះហឫទ័យព្រះជាម្ចាស់ណាស់ ហើយមនុស្សទាំងឡាយក៏ទទួលស្គាល់អ្នកនោះដែរ។
19. ដូច្នេះហើយ យើងត្រូវដេញតាមសេចក្ដីទាំងឡាយ ដែលនាំឲ្យមានសេចក្ដីសុខសាន្ដ និងការស្អាងចិត្ដដល់គ្នាទៅវិញទៅមក។
20. កុំបំផ្លាញកិច្ចការរបស់ព្រះជាម្ចាស់ដោយសារតែអាហារឡើយ ដ្បិតអាហារសុទ្ធតែបរិសុទ្ធទេ ប៉ុន្ដែជាការអាក្រក់សម្រាប់អ្នកដែលបរិភោគដោយធ្វើឲ្យគេជំពប់ដួល
21. ហើយជាការប្រសើរ បើមិនបរិភោគសាច់ ឬផឹកស្រា និងអ្វីផ្សេងទៀតដែលធ្វើឲ្យបងប្អូនរបស់អ្នកជំពប់ដួល។