រ៉ូម 14:1-11 Khmer Christian Bible (KCB)

1. ចូរ​ទទួល​អ្នក​ដែល​ខ្សោយ​ខាង​ជំនឿ​ កុំ​ឈ្លោះ​ប្រកែក​ពី​គំនិត​ខុស​ប្លែក​គ្នា​ឡើយ​

2. គឺ​ម្នាក់​ជឿ​ថា​ ខ្លួន​អាច​បរិភោគ​អាហារ​បាន​គ្រប់​មុខ​ ប៉ុន្ដែ​ចំពោះ​អ្នក​ខ្សោយ​វិញ​បរិភោគ​តែ​បន្លែ​

3. នោះ​ចូរ​កុំ​ឲ្យ​អ្នក​ដែល​បរិភោគ​មើលងាយ​អ្នក​ដែល​មិន​បរិភោគ​ ហើយ​អ្នក​ដែល​មិន​បរិភោគ​ក៏​មិន​ត្រូវ​ថ្កោលទោស​អ្នក​ដែល​បរិភោគ​ដែរ​ ដ្បិត​ព្រះជាម្ចាស់​បាន​ទទួល​អ្នក​នោះ​

4. តើ​អ្នក​ជា​អ្វី​ បានជា​ហ៊ាន​ថ្កោលទោស​បាវបម្រើ​របស់​គេ?​ ទោះជា​អ្នកបម្រើ​នោះ​ឈរ​ក្ដី​ ដួល​ក្ដី​ ស្រេច​លើ​ចៅហ្វាយ​របស់​គេ​ទេ​តើ​ តែ​គេ​នឹង​ឈរ​បាន​ ព្រោះ​ព្រះអម្ចាស់​មាន​អំណាច​ជួយ​គេ​ឲ្យ​ឈរ​បាន។​

5. ដ្បិត​ម្នាក់​គិត​ថា​ ថ្ងៃមួយ​ប្រសើរ​ជាង​ថ្ងៃមួយ​ទៀត​ ម្នាក់​ទៀត​បែរជា​គិត​ថា​ ថ្ងៃ​ណា​ក៏​ដូចជា​ថ្ងៃ​ណា​ដែរ​ ដូច្នេះ​ ចូរ​ម្នាក់ៗ​ជឿ​ជាក់​នៅ​ក្នុង​គំនិត​របស់​ខ្លួន​ចុះ​

6. ព្រោះ​អ្នក​ដែល​ប្រតិបត្ដ​តាម​ថ្ងៃ​ គេ​ប្រតិបត្ដ​សម្រាប់​ព្រះអម្ចាស់​ ឯ​អ្នក​ដែល​បរិភោគ​ គេ​បរិភោគ​សម្រាប់​ព្រះអម្ចាស់​ដែរ​ ដ្បិត​គេ​បាន​អរព្រះគុណ​ព្រះជាម្ចាស់​ ហើយ​អ្នក​ដែល​មិន​បរិភោគ​ គេ​ក៏​មិន​បរិភោគ​សម្រាប់​ព្រះអម្ចាស់​ ហើយ​គេ​ក៏​អរព្រះគុណ​ព្រះជាម្ចាស់​ដែរ​

7. ដ្បិត​ក្នុង​ចំណោម​យើង​ គ្មាន​អ្នកណា​ម្នាក់​រស់នៅ​ដើម្បី​ខ្លួន​ឯង​ទេ​ ហើយ​ក៏​គ្មាន​អ្នកណា​ម្នាក់​ស្លាប់​ដើម្បី​ខ្លួន​ឯង​ដែរ​

8. ព្រោះ​បើ​យើង​រស់នៅ​ គឺ​រស់នៅ​ដើម្បី​ព្រះអម្ចាស់​ ហើយ​បើ​យើង​ស្លាប់​ គឺ​ស្លាប់​ដើម្បី​ព្រះអម្ចាស់​ ដូច្នេះ​ហើយ​ ទោះបី​យើង​រស់​ក្ដី​ ស្លាប់ក្ដី​ យើង​ជា​របស់​ព្រះអម្ចាស់​

9. ហេតុនោះ​ហើយ​បាន​ជា​ព្រះគ្រិស្ដ​សោយ​ទិវង្គត​ ហើយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ ដើម្បី​ធ្វើ​ជា​ព្រះអម្ចាស់​លើ​ទាំង​មនុស្ស​ស្លាប់​ និង​មនុស្ស​រស់។​

10. ចុះ​អ្នក​វិញ​ ហេតុអ្វី​បាន​ជា​ថ្កោលទោស​បងប្អូន​របស់​ខ្លួន​ដូច្នេះ?​ ឬ​ហេតុអ្វី​បានជា​អ្នក​មើលងាយ​បងប្អូន​របស់​ខ្លួន​ដូច្នេះ?​ ដ្បិត​យើង​នឹង​ឈរ​នៅ​មុខ​ទី​ជំនុំជម្រះ​របស់​ព្រះជាម្ចាស់​ទាំង​អស់​គ្នា​

11. ព្រោះ​មាន​សេចក្ដី​ចែង​ទុក​ថា​ ព្រះអម្ចាស់​មាន​បន្ទូល​ថា​ យើង​មាន​ព្រះជន្ម​រស់​ជានិច្ច​ ដូច្នេះ​ ​ជង្គង់​ទាំង​អស់​ត្រូវ​លុត​ចុះ​នៅ​ចំពោះ​មុខ​យើង​ ហើយ​អណ្ដាត​ទាំង​អស់​ត្រូវ​ប្រកាស​ទទួល​ស្គាល់​ព្រះជាម្ចាស់។​

រ៉ូម 14