5. លោកម៉ូសេបានចែងទុកអំពីសេចក្ដីសុចរិតដែលមានតាមរយៈក្រឹត្យវិន័យថា អ្នកណាប្រព្រឹត្តតាមសេចក្ដីទាំងនេះ អ្នកនោះនឹងរស់នៅដោយសារសេចក្ដីទាំងនេះឯង
6. ឯសេចក្ដីសុចរិតដែលមានដោយសារជំនឿវិញ មានចែងដូច្នេះថា កុំឲ្យអ្នកគិតក្នុងចិត្ដថា តើអ្នកណានឹងឡើងទៅស្ថានសួគ៌បាន [គឺថាដើម្បីនាំព្រះគ្រិស្ដចុះមក]?
7. ឬតើអ្នកណានឹងចុះទៅក្នុងរណ្ដៅនរក [គឺថាដើម្បីនាំព្រះគ្រិស្ដចេញពីចំណោមពួកមនុស្សស្លាប់]?
8. តើបទគម្ពីរចែងយ៉ាងដូចម្ដេច? គឺចែងថា៖ «ព្រះបន្ទូលនៅក្បែរៗអ្នកនេះឯង គឺនៅក្នុងមាត់របស់អ្នក និងនៅក្នុងចិត្តរបស់អ្នក» នោះហើយជាព្រះបន្ទូលអំពីជំនឿដែលយើងកំពុងប្រកាស
9. ព្រោះបើមាត់របស់អ្នកប្រកាសថាព្រះយេស៊ូជាព្រះអម្ចាស់ ហើយជឿនៅក្នុងចិត្តថាព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យរស់ពីការសោយទិវង្គតឡើងវិញមែន នោះអ្នកនឹងទទួលបានសេចក្ដីសង្គ្រោះ។