12. ពួកគេសួរគាត់ទៀតថា៖ «តើអ្នកនោះនៅឯណា?» គាត់ឆ្លើយថា៖ «ខ្ញុំមិនដឹងទេ!»
13. ពួកគេក៏នាំបុរសខ្វាក់ភ្នែកកាលពីមុននោះទៅជួបពួកអ្នកខាងគណៈផារិស៊ី។
14. ថ្ងៃដែលព្រះយេស៊ូបានធ្វើភក់ ហើយប្រោសភ្នែករបស់គាត់ឲ្យភ្លឺ គឺចំថ្ងៃសប្ប័ទ។
15. ដូច្នេះពួកអ្នកខាងគណៈផារិស៊ីបានសួរគាត់ម្តងទៀត អំពីរបៀបដែលធ្វើឲ្យគាត់មើលឃើញ នោះគាត់ប្រាប់ពួកគេវិញថា៖ «គាត់បានយកភក់មកលាបលើភ្នែករបស់ខ្ញុំ រួចខ្ញុំបានទៅលាង ហើយក៏មើលឃើញ»។
16. ពេលនោះពួកអ្នកខាងគណៈផារិស៊ីខ្លះនិយាយថា៖ «អ្នកនោះមិនមែនមកពីព្រះជាម្ចាស់ទេ ពីព្រោះគាត់មិនគោរពថ្ងៃសប្ប័ទ» ប៉ុន្ដែមានអ្នកខ្លះទៀតថា៖ «តើមនុស្សបាបអាចធ្វើទីសំគាល់អស្ចារ្យបែបនេះបានយ៉ាងដូចម្ដេច?» នោះក៏មានការបែកបាក់គ្នាក្នុងចំណោមពួកគេ។
17. ពួកគេក៏សួរបុរសខ្វាក់ភ្នែកពីមុននោះម្តងទៀតថា៖ «តើអ្នកគិតថា អ្នកដែលធ្វើឲ្យភ្នែករបស់អ្នកភ្លឺនោះជានរណា?» គាត់ឆ្លើយថា៖ «គាត់ជាអ្នកនាំព្រះបន្ទូល»។
18. ប៉ុន្ដែពួកជនជាតិយូដាមិនជឿថាគាត់ជាមនុស្សខ្វាក់ ហើយបានមើលឃើញវិញទេ ដូច្នេះក៏ហៅឪពុកម្តាយរបស់គាត់ដែលមានភ្នែកភ្លឺនោះមក
19. សួរថា៖ «តើអ្នកនេះជាកូនប្រុសរបស់ពួកអ្នក ដែលពួកអ្នកបានប្រាប់ថា ខ្វាក់ភ្នែកពីកំណើតឬ ចុះឥឡូវនេះ ដូចម្ដេចបានជាគាត់មើលឃើញ?»
20. ឪពុកម្តាយរបស់គាត់ឆ្លើយថា៖ «យើងព្រមទទួលថា នេះជាកូនប្រុសរបស់យើង ហើយវាពិតជាខ្វាក់ពីកំណើតមែន!
21. ប៉ុន្ដែយើងមិនដឹងថា ឥឡូវនេះ វាមើលឃើញបានយ៉ាងដូចម្ដេចទេ ហើយក៏មិនដឹងថា នរណាបានធ្វើឲ្យភ្នែករបស់វាភ្លឺដែរ វាដឹងក្ដីហើយ សូមសួរវាចុះ វាអាចឆ្លើយដោយខ្លួនឯងបាន»។