យ៉ូហាន 8:7-13 Khmer Christian Bible (KCB)

7. នៅ​ពេល​ពួកគេ​ចេះ​តែ​ទទូច​សួរ​ព្រះអង្គ​ នោះ​ព្រះអង្គ​ក៏​ងើប​ឡើង ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ អ្នកណា​គ្មាន​បាប​សោះ​ ចូរ​ឲ្យ​អ្នក​នោះ​គប់​នាង​នឹង​ដុំ​ថ្ម​មុន​គេ​ចុះ!»​

8. បន្ទាប់​មក​ ព្រះអង្គ​ក៏​ឱន​សរសេរ​នៅ​លើ​ដី​ម្តង​ទៀត។​

9. ពេល​ពួកគេ​ឮ​ដូច្នេះ​ក៏​ថយ​ចេញ​ម្នាក់​ម្តងៗ​ ចាប់​ពី​មនុស្ស​ចាស់​ជាង​គេ​រហូត​នៅ​សល់​តែ​ព្រះយេស៊ូ​ និង​ស្ត្រី​ម្នាក់​នោះ។​

10. ព្រះយេស៊ូ​ក៏​ងើប​ឡើង​ ហើយ​មាន​បន្ទូល​ទៅ​នាង​ថា៖​ «នាង​អើយ!​ តើ​ពួកគេ​នៅ‍​ឯណា?​ តើ​គ្មាន​អ្នកណា​ដាក់​ទោស​អ្នក​ទេ​ឬ?»​

11. នាង​ទូល​ថា៖​ «គ្មាន​ទេ​ លោក​ម្ចាស់!»​ ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​នាង​ថា៖​ «ខ្ញុំ​ក៏​មិន​ដាក់​ទោស​អ្នក​ដែរ​ ចូរ​ទៅ​ចុះ​ ប៉ុន្ដែ​ចាប់ពី​ពេល​នេះ​ត​ទៅ​ ចូរ​កុំ​ប្រព្រឹត្ដ​បាប​ទៀត»។​

12. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​បណ្ដាជន​ជា​ថ្មី​ទៀត​ថា៖​ «ខ្ញុំ​ជា​ពន្លឺ​នៃ​លោកិយ​ អ្នកណា​មក​តាម​ខ្ញុំ​ អ្នក​នោះ​មិន​ដើរ​ក្នុង​សេចក្ដី​ងងឹត​ឡើយ​ គឺ​មាន​ពន្លឺ​នៃ​ជីវិត​វិញ»។​

13. ពួកអ្នក​ខាង​គណៈ​ផារិស៊ី​ ទូល​ទៅ​ព្រះអង្គ​ថា៖​ «អ្នក​កំពុង​ធ្វើ​បន្ទាល់​អំពី​ខ្លួន​ឯង​ហើយ​ សេចក្ដី​បន្ទាល់​របស់​អ្នក​មិន​ពិត​ទេ»។​

យ៉ូហាន 8