យ៉ូហាន 7:24-33 Khmer Christian Bible (KCB)

24. ចូរ​កុំ​វិនិច្ឆ័យ​តាម​បែប​ខាង​ក្រៅ​ឡើយ​ ប៉ុន្ដែចូរ​វិនិច្ឆ័យ​តាម​សេចក្ដី​យុត្ដិធម៌​វិញ»។​

25. ពួកអ្នក​ក្រុង​យេរូសាឡិម​ខ្លះ​និយាយ​ថា៖​ «តើ​អ្នក​នេះ​មិន​មែន​ជា​មនុស្ស​ដែល​គេ​រក​សម្លាប់​ទេ​ឬ?​

26. មើល៍​ គាត់​និយាយ​ដោយ​បើក​ចំហ​ ប៉ុន្ដែ​គ្មាន​អ្នកណា​ថា​អ្វី​ឲ្យ​គាត់​សោះ​ ប្រហែល​ជា​ពួក​មេ​ដឹកនាំ​បាន​ដឹង​ថា​ អ្នក​នេះ​ជា​ព្រះគ្រិស្ដ​ពិត​ប្រាកដ​មែន​ទេ​ដឹង?​

27. យើង​ដឹង​ថា​ អ្នក​នេះ​គាត់​មកពី​ណា​ ប៉ុន្ដែ​ពេល​ព្រះគ្រិស្ដ​យាង​មក​ នោះ​គ្មាន​អ្នកណា​ម្នាក់​ដឹង​ថា​ ព្រះអង្គ​មកពី​ណា​ទេ»​

28. ពេល​នោះព្រះយេស៊ូ​កំពុង​បង្រៀន​នៅ​ក្នុង​ព្រះវិហារ​ ព្រះអង្គ​ក៏​បន្លឺ​សំឡេង​ឡើង​ថា៖​ «អ្នក​រាល់គ្នា​ស្គាល់​ខ្ញុំ​ ហើយ​ដឹង​ថា​ ខ្ញុំ​មកពី​ណា​ ប៉ុន្ដែ​ខ្ញុំ​មិន​បាន​មក​ដោយ​ខ្លួន​ខ្ញុំ​ទេ​ គឺ​ព្រះជាម្ចាស់​ចាត់​ខ្ញុំ​ឲ្យ​មក​ ព្រះអង្គ​ពិត​ត្រង់​ ហើយ​អ្នក​រាល់គ្នា​មិន​ស្គាល់​ព្រះអង្គ​ទេ​

29. ប៉ុន្ដែ​ខ្ញុំ​ស្គាល់​ព្រះអង្គ​ ព្រោះ​ខ្ញុំ​មកពី​ព្រះអង្គ​ គឺ​ព្រះអង្គ​ហើយ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក»​

30. ពេល​នោះ​ពួកគេ​ក៏​រក​ចាប់​ព្រះអង្គ​ ប៉ុន្ដែ​​គ្មាន​អ្នកណា​លូក​ដៃ​ចាប់​ព្រះអង្គ​សោះ​ ព្រោះ​មិន​ទាន់​ដល់​ពេល​វេលា​របស់​ព្រះអង្គ​នៅ​ឡើយ​

31. មាន​មនុស្ស​ជាច្រើន​ក្នុង​ចំណោម​បណ្តាជន​បាន​ជឿ​លើ​ព្រះអង្គ​ ហើយ​ពួកគេ​និយាយ​ថា៖​ «ពេល​ព្រះគ្រិស្ដ​យាង​មក​ ព្រះអង្គ​នឹង​ធ្វើ​ទី​សំគាល់​អស្ចារ្យ​ច្រើនជាង​ម្នាក់​នេះ​ធ្វើ​ដែរ​ឬ​ទេ?»​

32. ពួកអ្នក​ខាង​គណៈ​ផារិស៊ី​បាន​ឮ​សេចក្ដី​ទាំង​អស់​ដែល​បណ្តាជន​បាន​ខ្សឹបខ្សៀវ​គ្នា​អំពី​ព្រះអង្គ។​ ដូច្នេះ​ពួក​សម្តេច​សង្ឃ​ និង​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​ក៏​ចាត់​ពួក​ឆ្មាំ​ព្រះវិហារ​ឲ្យ​ទៅ​ចាប់​ព្រះអង្គ។​

33. ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់គ្នា​តែ​បន្តិច​ទៀត​ប៉ុណ្ណោះ​ បន្ទាប់​មក​ ខ្ញុំ​នឹង​ទៅ​ជួប​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​

យ៉ូហាន 7