យ៉ូហាន 6:63-71 Khmer Christian Bible (KCB)

63. វិញ្ញាណ​ផ្ដល់​ជីវិត​ រូប​សាច់​គ្មាន​ប្រយោជន៍​អ្វី​ឡើយ​ ឯ​ពាក្យ​សំដី​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់គ្នា​ គឺ​ជា​វិញ្ញាណ​ ហើយ​ជា​ជីវិត​

64. ប៉ុន្ដែ​ក្នុងចំណោម​អ្នក​រាល់គ្នា​ មាន​អ្នក​ខ្លះ​មិន​ជឿ​ទេ»​ ព្រះយេស៊ូ​បាន​ដឹង​តាំងពី​ដំបូង​ថា​ អ្នកណា​ជា​អ្នក​មិន​ជឿ​ ហើយ​អ្នកណា​ជា​អ្នក​ក្បត់​ព្រះអង្គ។​

65. ព្រះ​អង្គ​មាន​បន្ទូល​ទៀត​ថា៖​ «ហេតុនេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ គ្មាន​អ្នកណា​អាច​មក​ឯ​ខ្ញុំ​បាន​ទេ​ លើកលែង​តែ​ព្រះ​វរ​បិតា​នាំ​គេ​មក»។​

66. តាំងពី​ពេល​នោះ​មក​ សិស្ស​របស់​ព្រះអង្គ​ជាច្រើន​បាន​ដក​ខ្លួន​លែង​ដើរ​ជាមួយ​ព្រះអង្គ​ទៀត។​

67. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​សាវក​ទាំង​ដប់​ពីរ​ថា៖​ «តើ​អ្នក​រាល់គ្នា​ចង់​ចាកចេញ​ដែរ​ឬ?»​

68. លោក​ស៊ីម៉ូនពេត្រុស​ទូល​ឆ្លើយ​ទៅ​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ!​ តើ​ឲ្យ​យើង​ទៅ​រក​អ្នកណា​វិញ?​ ដ្បិត​ព្រះអង្គ​មាន​បន្ទូល​ដែល​នាំ​ទៅ​ឯ​ជីវិត​អស់កល្ប​ជានិច្ច​

69. យើង​បាន​ជឿ ហើយ​ដឹង​ថា ព្រះអង្គជា​អង្គ​បរិសុទ្ធនៃ​ព្រះជាម្ចាស់​»

70. ព្រះយេស៊ូ​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «តើ​ខ្ញុំ​មិន​បាន​ជ្រើសរើស​អ្នក​រាល់គ្នា​ ទាំង​ដប់​ពីរ​នាក់​ទេ​ឬ?​ ប៉ុន្ដែ​មាន​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ជា​អារក្ស​សាតាំង»​

71. គឺ​ព្រះអង្គ​មាន​បន្ទូល​អំពី​យូដាស​ ជា​កូន​លោក​ស៊ីម៉ូន​អ៊ីស្ការីយ៉ុត​ និង​ជា​សាវក​ម្នាក់​ក្នុង​ចំណោម​សាវក​ទាំង​ដប់​ពីរ​ ដ្បិត​គាត់​បម្រុង​នឹង​ក្បត់​ព្រះអង្គ​ហើយ។​

យ៉ូហាន 6