យ៉ូហាន 6:57-68 Khmer Christian Bible (KCB)

57. ព្រះ​វរ​បិតា​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ ព្រះអង្គ​មាន​ព្រះជន្ម​រស់​ ហើយ​ខ្ញុំ​មាន​ជីវិត​ដោយសារ​ព្រះ​វរ​បិតា​ជា​យ៉ាងណា​ នោះ​អស់​អ្នក​ដែល​បរិភោគ​ខ្ញុំ​នឹង​មាន​ជីវិត​ដោយសារ​ខ្ញុំ​ជា​យ៉ាង​នោះ​ដែរ។​

58. នេះ​ជា​នំប៉័ង​ដែល​ចុះ​មកពី​ស្ថានសួគ៌​ មិន​មែន​ដូចជា​នំបុ័ង​ដែល​ដូនតា​របស់​អ្នក​រាល់គ្នា​បាន​បរិភោគ​ហើយ​ស្លាប់​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​ អ្នកណា​បរិភោគ​នំប៉័ង​នេះ​ អ្នក​នោះ​នឹង​មាន​ជីវិត​អស់កល្ប​ជានិច្ច»។​

59. ព្រះអង្គ​មាន​បន្ទូល​អំពី​សេចក្ដី​ទាំង​នេះ​ នៅ​ពេល​កំពុង​បង្រៀន​ក្នុង​សាលា​ប្រជុំ​នៅ​ក្រុង​កាពើណិម។​

60. ពេល​ពួក​សិស្ស​របស់​ព្រះអង្គ​ជាច្រើន​បាន​ឮ​ដូច្នេះ​ ពួកគេ​ក៏​និយាយ​ថា៖​ «ពាក្យ​នេះ​ហួសហេតុ​ពេក​ តើ​អ្នកណា​អាច​ទទួល​យក​បាន?»​

61. កាល​ព្រះយេស៊ូដឹង​ថា​ ពួក​សិស្ស​របស់ព្រះអង្គកំពុង​រអ៊ូ​រទាំ​អំពីពាក្យ​សំដី​ទាំងនេះ​ ព្រះអង្គក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា​៖ «​តើ​ពាក្យសំដី​ទាំង​នេះ​ធ្វើ​ឲ្យ​អ្នករាល់គ្នា​ទាស់​ចិត្ត​ឬ​?​

62. ចុះ​ទម្រាំ​អ្នក​រាល់គ្នា​ឃើញ​កូន​មនុស្ស​ឡើង​ទៅ​កន្លែង​ដែល​លោក​នៅ​ពីមុន​វិញ​នោះ​ យ៉ាងណា​ទៅ!​

63. វិញ្ញាណ​ផ្ដល់​ជីវិត​ រូប​សាច់​គ្មាន​ប្រយោជន៍​អ្វី​ឡើយ​ ឯ​ពាក្យ​សំដី​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់គ្នា​ គឺ​ជា​វិញ្ញាណ​ ហើយ​ជា​ជីវិត​

64. ប៉ុន្ដែ​ក្នុងចំណោម​អ្នក​រាល់គ្នា​ មាន​អ្នក​ខ្លះ​មិន​ជឿ​ទេ»​ ព្រះយេស៊ូ​បាន​ដឹង​តាំងពី​ដំបូង​ថា​ អ្នកណា​ជា​អ្នក​មិន​ជឿ​ ហើយ​អ្នកណា​ជា​អ្នក​ក្បត់​ព្រះអង្គ។​

65. ព្រះ​អង្គ​មាន​បន្ទូល​ទៀត​ថា៖​ «ហេតុនេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ គ្មាន​អ្នកណា​អាច​មក​ឯ​ខ្ញុំ​បាន​ទេ​ លើកលែង​តែ​ព្រះ​វរ​បិតា​នាំ​គេ​មក»។​

66. តាំងពី​ពេល​នោះ​មក​ សិស្ស​របស់​ព្រះអង្គ​ជាច្រើន​បាន​ដក​ខ្លួន​លែង​ដើរ​ជាមួយ​ព្រះអង្គ​ទៀត។​

67. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​សាវក​ទាំង​ដប់​ពីរ​ថា៖​ «តើ​អ្នក​រាល់គ្នា​ចង់​ចាកចេញ​ដែរ​ឬ?»​

68. លោក​ស៊ីម៉ូនពេត្រុស​ទូល​ឆ្លើយ​ទៅ​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ!​ តើ​ឲ្យ​យើង​ទៅ​រក​អ្នកណា​វិញ?​ ដ្បិត​ព្រះអង្គ​មាន​បន្ទូល​ដែល​នាំ​ទៅ​ឯ​ជីវិត​អស់កល្ប​ជានិច្ច​

យ៉ូហាន 6