56. អ្នកណាបរិភោគសាច់របស់ខ្ញុំ និងផឹកឈាមរបស់ខ្ញុំ អ្នកនោះនៅជាប់នឹងខ្ញុំ ហើយខ្ញុំនៅជាប់នឹងអ្នកនោះ។
57. ព្រះវរបិតាដែលបានចាត់ខ្ញុំឲ្យមក ព្រះអង្គមានព្រះជន្មរស់ ហើយខ្ញុំមានជីវិតដោយសារព្រះវរបិតាជាយ៉ាងណា នោះអស់អ្នកដែលបរិភោគខ្ញុំនឹងមានជីវិតដោយសារខ្ញុំជាយ៉ាងនោះដែរ។
58. នេះជានំប៉័ងដែលចុះមកពីស្ថានសួគ៌ មិនមែនដូចជានំបុ័ងដែលដូនតារបស់អ្នករាល់គ្នាបានបរិភោគហើយស្លាប់នោះទេ ផ្ទុយទៅវិញ អ្នកណាបរិភោគនំប៉័ងនេះ អ្នកនោះនឹងមានជីវិតអស់កល្បជានិច្ច»។
59. ព្រះអង្គមានបន្ទូលអំពីសេចក្ដីទាំងនេះ នៅពេលកំពុងបង្រៀនក្នុងសាលាប្រជុំនៅក្រុងកាពើណិម។
60. ពេលពួកសិស្សរបស់ព្រះអង្គជាច្រើនបានឮដូច្នេះ ពួកគេក៏និយាយថា៖ «ពាក្យនេះហួសហេតុពេក តើអ្នកណាអាចទទួលយកបាន?»
61. កាលព្រះយេស៊ូដឹងថា ពួកសិស្សរបស់ព្រះអង្គកំពុងរអ៊ូរទាំអំពីពាក្យសំដីទាំងនេះ ព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ «តើពាក្យសំដីទាំងនេះធ្វើឲ្យអ្នករាល់គ្នាទាស់ចិត្តឬ?
62. ចុះទម្រាំអ្នករាល់គ្នាឃើញកូនមនុស្សឡើងទៅកន្លែងដែលលោកនៅពីមុនវិញនោះ យ៉ាងណាទៅ!
63. វិញ្ញាណផ្ដល់ជីវិត រូបសាច់គ្មានប្រយោជន៍អ្វីឡើយ ឯពាក្យសំដីដែលខ្ញុំបានប្រាប់អ្នករាល់គ្នា គឺជាវិញ្ញាណ ហើយជាជីវិត
64. ប៉ុន្ដែក្នុងចំណោមអ្នករាល់គ្នា មានអ្នកខ្លះមិនជឿទេ» ព្រះយេស៊ូបានដឹងតាំងពីដំបូងថា អ្នកណាជាអ្នកមិនជឿ ហើយអ្នកណាជាអ្នកក្បត់ព្រះអង្គ។
65. ព្រះអង្គមានបន្ទូលទៀតថា៖ «ហេតុនេះហើយបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា គ្មានអ្នកណាអាចមកឯខ្ញុំបានទេ លើកលែងតែព្រះវរបិតានាំគេមក»។
66. តាំងពីពេលនោះមក សិស្សរបស់ព្រះអង្គជាច្រើនបានដកខ្លួនលែងដើរជាមួយព្រះអង្គទៀត។
67. ព្រះយេស៊ូមានបន្ទូលទៅសាវកទាំងដប់ពីរថា៖ «តើអ្នករាល់គ្នាចង់ចាកចេញដែរឬ?»
68. លោកស៊ីម៉ូនពេត្រុសទូលឆ្លើយទៅព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! តើឲ្យយើងទៅរកអ្នកណាវិញ? ដ្បិតព្រះអង្គមានបន្ទូលដែលនាំទៅឯជីវិតអស់កល្បជានិច្ច
69. យើងបានជឿ ហើយដឹងថា ព្រះអង្គជាអង្គបរិសុទ្ធនៃព្រះជាម្ចាស់»
70. ព្រះយេស៊ូឆ្លើយទៅពួកគេថា៖ «តើខ្ញុំមិនបានជ្រើសរើសអ្នករាល់គ្នា ទាំងដប់ពីរនាក់ទេឬ? ប៉ុន្ដែមានម្នាក់ក្នុងចំណោមអ្នករាល់គ្នាជាអារក្សសាតាំង»
71. គឺព្រះអង្គមានបន្ទូលអំពីយូដាស ជាកូនលោកស៊ីម៉ូនអ៊ីស្ការីយ៉ុត និងជាសាវកម្នាក់ក្នុងចំណោមសាវកទាំងដប់ពីរ ដ្បិតគាត់បម្រុងនឹងក្បត់ព្រះអង្គហើយ។