24. ពេលបណ្ដាជនបានឃើញថា ព្រះយេស៊ូ និងពួកសិស្សរបស់ព្រះអង្គមិននៅទីនោះដូច្នេះ ពួកគេក៏ចុះទូកទៅក្រុងកាពើណិមតាមរកព្រះអង្គ។
25. ពេលបានជួបព្រះអង្គនៅត្រើយម្ខាងហើយ ពួកគេទូលសួរព្រះអង្គថា៖ «លោកគ្រូ! លោកមកដល់ទីនេះពីកាលណា?»
26. ព្រះយេស៊ូមានបន្ទូលឆ្លើយទៅពួកគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា អ្នករាល់គ្នារកខ្ញុំនេះមិនមែនដោយសារបានឃើញទីសំគាល់អស្ចារ្យទេ គឺដោយសារអ្នករាល់គ្នាបានបរិភោគនំប៉័ង ហើយបានឆ្អែតប៉ុណ្ណោះ
27. ចូរកុំធ្វើការដើម្បីតែអាហារដែលនឹងខូចរលួយ ប៉ុន្ដែចូរធ្វើការដើម្បីអាហារដែលនៅស្ថិតស្ថេរដរាបដល់ជីវិតអស់កល្បជានិច្ច ដែលកូនមនុស្សនឹងឲ្យអ្នករាល់គ្នា ដ្បិតព្រះជាម្ចាស់ដ៏ជាព្រះវរបិតាបានដៅព្រះអង្គចំណាំទុក»។
28. ពួកគេក៏ទូលសួរព្រះអង្គថា៖ «ដើម្បីធ្វើកិច្ចការរបស់ព្រះជាម្ចាស់បាន តើឲ្យយើងធ្វើអ្វីខ្លះ?»
29. ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «នេះជាកិច្ចការរបស់ព្រះជាម្ចាស់ គឺឲ្យអ្នករាល់គ្នាជឿលើព្រះមួយអង្គដែលព្រះជាម្ចាស់ចាត់ឲ្យមក»។
30. ពួកគេក៏ទូលសួរព្រះអង្គទៀតថា៖ «បើដូច្នេះ តើលោកនឹងធ្វើទីសំគាល់អស្ចារ្យអ្វីដើម្បីឲ្យយើងឃើញ ហើយជឿលោក? តើលោកនឹងធ្វើអ្វី?
31. កាលនៅទីរហោឋាន ដូនតារបស់យើងបានបរិភោគនំម៉ាណា ដូចមានសេចក្តីចែងទុកថា ព្រះអង្គបានប្រទាននំប៉័ងពីស្ថានសួគ៌ ឲ្យពួកគេបរិភោគ»។
32. ព្រះយេស៊ូក៏មានបន្ទូលទៅពួកគេវិញថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា មិនមែនលោកម៉ូសេឲ្យនំប៉័ងពីស្ថានសួគ៌ដល់អ្នករាល់គ្នាទេ គឺព្រះវរបិតារបស់ខ្ញុំទេតើ ដែលបានប្រទាននំប៉័ងដ៏ពិតពីស្ថានសួគ៌ដល់អ្នករាល់គ្នា