18. ដោយសារតែខ្យល់បក់ខ្លាំងពេក នោះធ្វើឲ្យបឹងមានរលក
19. ហើយពេលចែវទូកបានឆ្ងាយប្រហែលបួន ឬប្រាំគីឡូម៉ែត្រ ពួកគេក៏ឃើញព្រះយេស៊ូយាងដើរលើបឹង ហើយពេលមកដល់ជិតទូក នោះពួកគេភ័យខ្លាចជាខ្លាំង
20. ប៉ុន្ដែព្រះអង្គមានបន្ទូលទៅពួកគេថា៖ «កុំខ្លាចអី គឺខ្ញុំទេ!»
21. ពេលនោះ ពួកគេក៏ទទួលព្រះអង្គមកក្នុងទូក ហើយទូកក៏មកដល់ដីគោកភ្លាម ជាកន្លែងដែលពួកគេបម្រុងទៅ។
22. នៅថ្ងៃបន្ទាប់ បណ្តាជនដែលនៅត្រើយម្ខាងនៃបឹងបានដឹងថា នៅទីនោះគ្មានទូកផ្សេងទេ ក្រៅពីទូកមួយនោះ ហើយមានតែពួកសិស្សប៉ុណ្ណោះដែលចេញទៅ រីឯព្រះយេស៊ូវិញ មិនបានទៅជាមួយពួកសិស្សទេ។
23. ពេលនោះ មានទូកខ្លះទៀតមកពីក្រុងទីបេរាសចូលមកជិតកន្លែងដែលពួកគេបានបរិភោគនំប៉័ង ក្រោយពេលព្រះអម្ចាស់បានអរព្រះគុណហើយនោះ។
24. ពេលបណ្ដាជនបានឃើញថា ព្រះយេស៊ូ និងពួកសិស្សរបស់ព្រះអង្គមិននៅទីនោះដូច្នេះ ពួកគេក៏ចុះទូកទៅក្រុងកាពើណិមតាមរកព្រះអង្គ។
25. ពេលបានជួបព្រះអង្គនៅត្រើយម្ខាងហើយ ពួកគេទូលសួរព្រះអង្គថា៖ «លោកគ្រូ! លោកមកដល់ទីនេះពីកាលណា?»
26. ព្រះយេស៊ូមានបន្ទូលឆ្លើយទៅពួកគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា អ្នករាល់គ្នារកខ្ញុំនេះមិនមែនដោយសារបានឃើញទីសំគាល់អស្ចារ្យទេ គឺដោយសារអ្នករាល់គ្នាបានបរិភោគនំប៉័ង ហើយបានឆ្អែតប៉ុណ្ណោះ
27. ចូរកុំធ្វើការដើម្បីតែអាហារដែលនឹងខូចរលួយ ប៉ុន្ដែចូរធ្វើការដើម្បីអាហារដែលនៅស្ថិតស្ថេរដរាបដល់ជីវិតអស់កល្បជានិច្ច ដែលកូនមនុស្សនឹងឲ្យអ្នករាល់គ្នា ដ្បិតព្រះជាម្ចាស់ដ៏ជាព្រះវរបិតាបានដៅព្រះអង្គចំណាំទុក»។
28. ពួកគេក៏ទូលសួរព្រះអង្គថា៖ «ដើម្បីធ្វើកិច្ចការរបស់ព្រះជាម្ចាស់បាន តើឲ្យយើងធ្វើអ្វីខ្លះ?»