1. បន្ទាប់ពីហេតុការណ៍ទាំងនេះ ព្រះយេស៊ូក៏យាងទៅត្រើយម្ខាងនៃបឹងកាលីឡេ គឺបឹងទីបេរាស
2. ហើយមានបណ្តាជនច្រើនកុះករមកតាមព្រះអង្គ ព្រោះពួកគេបានឃើញទីសំគាល់អស្ចារ្យទាំងឡាយដែលព្រះអង្គបានប្រោសពួកអ្នកឈឺ។
3. ដូច្នេះព្រះយេស៊ូក៏យាងឡើងទៅលើភ្នំ ហើយបានគង់នៅទីនោះជាមួយពួកសិស្សរបស់ព្រះអង្គ។
4. រីឯបុណ្យរំលង ដែលជាពិធីបុណ្យរបស់ជនជាតិយូដាក៏កំពុងខិតជិតមកដល់ដែរ។
5. នៅពេលព្រះយេស៊ូទតទៅ នោះក៏ឃើញបណ្តាជនច្រើនកុះករកំពុងមកឯព្រះអង្គ ព្រះអង្គក៏មានបន្ទូលទៅលោកភីលីពថា៖ «តើឲ្យយើងទិញនំប៉័ងពីណាមក ដើម្បីឲ្យអ្នកទាំងនេះបរិភោគបាន?»
6. ព្រះអង្គមានបន្ទូលដូច្នេះដើម្បីល្បងលគាត់ប៉ុណ្ណោះ ព្រោះព្រះអង្គដឹងអំពីអ្វីដែលព្រះអង្គបម្រុងធ្វើហើយ។
7. លោកភីលីពទូលទៅព្រះអង្គថា៖ «ទោះបីទិញនំប៉័ងអស់កាក់ពីររយឌេណារី ហើយចែកម្នាក់បន្ដិចៗក៏ដោយ ក៏នៅតែមិនគ្រាន់សម្រាប់គ្រប់គ្នាដែរ»
8. សិស្សរបស់ព្រះអង្គម្នាក់ឈ្មោះ អនទ្រេ ជាប្អូនរបស់លោកស៊ីម៉ូនពេត្រុស បានទូលទៅព្រះអង្គថា៖
9. «នៅទីនេះមានក្មេងប្រុសម្នាក់មាននំប៉័ងប្រាំដុំ និងត្រីពីរ ប៉ុន្ដែតើធ្វើដូចម្ដេចគ្រាន់ បើមនុស្សច្រើនម្ល៉េះ?»
10. ព្រះយេស៊ូមានបន្ទូលថា៖ «ចូរឲ្យមនុស្សទាំងឡាយអង្គុយចុះ»។ នៅទីនោះមានស្មៅច្រើនណាស់ ដូច្នេះ ពួកគេក៏អង្គុយចុះ គឺមានគ្នាប្រហែលប្រាំពាន់នាក់